ក្រសួងសុខាភិបាលកម្ពុជា អរគុណជប៉ុន ដែលជួយផ្ដល់ជំនួយបន្ទាន់ក្នុងកាលៈទេសៈនៃការប្រយុទ្ធនឹងជំងឺកូវីដ១៩

អត្ថបទដោយ៖
ឈឹម សុផល

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងសុខាភិបាល បានថ្លែងអំណរគុណទៅដល់រដ្ឋាភិបាល និងប្រជាជនជប៉ុនចំពោះកិច្ចសហការលើវិស័យសុខាភិបាល ការផ្ដល់ជំនួយបន្ទាន់ ជាពិសេសក្នុងកាលៈទេសៈនៃការប្រយុទ្ធនឹងការរីករាលដាលជំងឺកូវីដ១៩ ខណៈខាងភាគីជប៉ុនស្នើការគាំទ្រទៅលើកិច្ចសហប្រតិបត្តិការជាបន្តទៀត។

នេះជាការលើកឡើងរបស់ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្នុងជំនួបជាមួយនឹងលោក Ueno Atsushi ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី១៣ ខែមីនា នៅទីស្ដីការក្រសួងសុខាភិបាល។

ក្នុងជំនួបជាដំបូង ឯកឧត្តម ម៉ម ប៊ុនហេង បានសម្ដែងនូវការអបអរសាទរចំពោះ លោក Ueno Atsushi ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី និងបានថ្លែងអំណរគុណដល់ភាគីជប៉ុន ចំពោះកិច្ចសហការលើវិស័យ សុខាភិបាលរវាងប្រទេសទាំងពីរ ជាពិសេសក្នុងកាលៈទេសៈនៃការប្រយុទ្ធនឹងការរីករាលដាលជំងឺកូវីដ១៩។

ឯកឧត្តមបានថ្លែងថា ៖ «យើងសូមថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្ដល់ជំនួយបន្ទាន់សម្រាប់ ឆ្លើយតបនឹងការរីករាលដាលជំងឺកូវីដ១៩ ដើម្បីទប់ស្កាត់ ឆ្លើយតបនឹងការរាលដាលជំងឺកូវីដ១៩ ដែលមានទាំងសម្ភារៈ ថវិកា និងវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ផងដែរ»។

នាឱកាសនោះដែរ លោក Ueno Atsushi ក៏បានស្នើសុំការគាំទ្រពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល ទៅលើកិច្ចសហប្រតិបត្តិការជាបន្តទៀតទាំងគម្រោងជំនួយឥតសំណង និងគម្រោងហិរញ្ញប្បទានសម្បទាន។

លោកបានលើកឡើងដោយបានសម្ដែងនូវការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការ ដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិត ចង្អុលបង្ហាញផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនដែលគ្រប់គ្រងការរាលដាលនៃជំងឺកូវីដ១៩ បានយ៉ាងល្អប្រសើរ ជំរុញឱ្យកម្ពុជាអាចបើកដំណើរការឡើងវិញទាំងសកម្មភាពសេដ្ឋកិច្ច និងសង្គមតាំងពីខែវិច្ឆិកា ឆ្នាំ២០២១។

លោក Ueno Atsushi មានប្រសាសន៍ថា ៖ «យើងសូមសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាក់វ៉ាក់សាំងកូវីដ១៩ ដល់ជនជាតិជប៉ុនទាំងអស់ដែលរស់នៅលើទឹកដីកម្ពុជា ដោយឥតគិតថ្លៃ ហើយក៏អគុណដល់ក្រសួងសុខាភិបាល ដែលបានសហការគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល រវាងប្រទេសទាំងពីរផងដែរ»។

លោកឯកអគ្គរដ្ឋទូត ក្រសួងសុខាភិបាលកម្ពុជាគាំទ្រលើកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល រវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន ក្នុងនោះពិសេសគឺតែងតែគាំទ្រដល់ JICA ក្នុងការអនុវត្តគម្រោងជំនួយឥតសំណងនានា ជាក់ស្តែងគម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប ដែលបាននឹងកំពុងអនុវត្តជាដើម។

ទាក់ទងនឹងការស្នើសុំការគាំទ្រពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានឆ្លើយតបវិញថា លោកបានគាំទ្រចំពោះកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាលរវាង ប្រទេសទាំងពីរ ជាក់ស្ដែងការកសាងហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលនៅតាមបណ្តាខេត្តជាច្រើន ការបណ្តុះបណ្តាល ធនធានមនុស្ស ដែលជាការសបញ្ជាក់នូវការរឹតចំណងមិត្តភាព និងសាមគ្គីភាព ជាប្រពៃណីរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន។

សូមបញ្ជាក់ផងដែរថា រដ្ឋាភិបាល និងប្រជាជនជប៉ុន បានផ្តល់ជំនួយបន្ទាន់សម្រាប់ឆ្លើយតបនឹងការរីករាលដាលជំងឺកូវីដ១៩ ដែលក្នុងនោះមានដូចជា៖ ជំនួយបឋមនាខែកុម្ភៈ ឆ្នាំ២០២០ ពេលដែលកម្ពុជាបានរកឃើញករណីកូវីដ១៩ ដំបូង រួមមាន កញ្ចប់តេស្តរហ័ស, សម្លៀកបំពាក់សុវត្ថិភាពសម្រាប់ មន្ត្រីសុខាភិបាល (Personal Protection Equipment) និងកញ្ចប់ឧបករណ៍ពិសោធន៍ និងម៉ាស់។

ក្រសួងបានបន្តទៀតថា ជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់ ឆ្លើយតបនឹងការរាលដាលជំងឺកូវីដ១៩ រដ្ឋាភិបាលជប៉ុន តាមរយៈកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម (Economic and Social Development Program) បានផ្ដល់ជំនួយឥតសំណង ជូនរាជរដ្ឋាភិបាលកម្ពុជា ថវិកាចំនួន ២០០០ លានយេន ដែលស្មើប្រមាណជា ១៨.៥លានដុល្លារអាមេរិក អនុវត្តដោយ Japan International Cooperation System (JICS)។

ជំនួយនោះរួមមាន៖ រថយន្តគិលានសង្គ្រោះ ចំនួន ១០០គ្រឿង, Ultrasound Scanner ចំនួន១គ្រឿង, គ្រែសម្រាប់ផ្នែក ICU ចំនួន១០០គ្រែ, Themographic Camera ចំនួន ១០គ្រឿង, Portable X-Ray ចំនួន ១០គ្រឿង, Mobile Ultrasound Scanner ចំនួន ២៥គ្រឿង, Oxygen Concentrator ចំនួន ១០០គ្រឿង,ការពង្រីកផ្នែកសង្គ្រោះបន្ទាន់សម្រាប់ជំងឺកូវីដ១៩ រួមទាំងការបំពាក់ឧបករណ៍វេជ្ជសាស្ត្រ ត្រូវបានដាក់បញ្ចូលទៅក្នុងគម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប, ឧបករណ៍វាស់សម្ពាធឈាម ចំនួន១០០គ្រឿង និង ម៉ាស៊ីនភ្លើង ចំនួន១០០គ្រឿង។

ក្រសួងសុខាភិបាល បានឱ្យដឹងដែរថា តាមរយៈកម្មវិធី ជំនួយបន្ទាន់ រដ្ឋាភិបាលជប៉ុនផ្តល់ជំនួយឥតសំណងជូនដល់រាជរដ្ឋាភិបាលកម្ពុជា ចំនួន ៦.៣ លានដុល្លារ អាមេរិក អនុវត្តដោយ UNOPS រួមមាន៖ សាងសង់ម៉ាស៊ីនផលិតខ្យល់អុកស៊ីហ្សែន (Oxygen Plant) នៅ ១១ មន្ទីរពេទ្យ ដែលបាននឹងកំពុងអនុវត្តជិតចប់, សម្ភារៈឧបករ ណ៍បរិក្ខារវេជ្ជសាស្ត្រ, សម្ភារៈ IT ព្រមទាំងបានចូលរួមចំណែកក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ រដ្ឋាភិបាលជប៉ុនបានផ្ដល់ជំនួយវ៉ាក់សាំងប្រភេទ AstraZeneca ចំនួន ១លានដូស តាមរយៈមជ្ឈមណ្ឌល COVAX៕
ដោយ៖នាង សុគន្ធា

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner