ពេលប្រជាជនមានទុក្ខលំបាក គឺមានមុខគណបក្សប្រជាជនកម្ពុជា ជួយដោះស្រាយនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា
កំពង់ធំ៖ ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត បានលើកឡើងថា ពេលប្រជាជនមានទុក្ខលំបាក គឺមានមុខគណបក្សប្រជាជនកម្ពុជា ជួយដោះស្រាយនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ ឯកឧត្តម សោម ស៊ុន ថ្លែងដូចនេះ ក្នុងឱកាសសំណេះសំណាលជាមួយសមាជិកបក្ស ដែលមានជីវភាពខ្វះខាត នៅឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។

ឯកឧត្ដម សោម ស៊ុន បានបន្តថា មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ដែលបានរួមសុខ រួមទុក្ខជាមួយប្រជាជន និង បានសម្ដែងការសោកស្តាយ ចំពោះការបាត់បង់នូវសកម្មជនគណបក្សដែលបានទទួលមរណៈភាព ២រូប ។ ឯកឧត្តម ក៏បានអំពាវនាវដល់ក្រុមគ្រួសារសមាជិកគណបក្សប្រជាជនទាំងអស់ ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព ដែលយើងកំពុងមានសព្វថ្ងៃនេះ ឲ្យនៅគង់វង្សជារៀងរហូត ដើម្បីប្រទេសជាតិយើងបន្តការអភិវឌ្ឍឱ្យមានការរីកចម្រើនបន្ថែមទៀត ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នៃយើង ហើយយើងទាំងអស់គ្នានិងក្រុមគ្រួសារត្រូវត្រៀមខ្លួន ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឲ្យបានគ្រប់ៗគ្នា ។

ឯកឧត្តម បានបញ្ជាក់ថា គ្រឿងឧបភោគបរិភោគ ដែលបានឧបត្ថម្ភជូនក្រុមគ្រួសារសពសមាជិកគណបក្សប្រជាជន នៅពេលនេះ ជាអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ដោយក្នុងមួយគ្រួសារទទួលបានអង្ករចំនួន ៥០គីឡូក្រាម មី ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខកំប៉ុង និងថវិកាមួយចំនួន ។ ដោយឡែកសមាជិកគណបក្សប្រជាជនផ្សេងទៀត ក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គឺឡូក្រាម មី ទឹកត្រីទឹកស៊ីអ៊ីវ ត្រីខកំប៉ុង និងថវិកាមួយចំនួនផងដែរ ៕


ដោយ ប៊ុន រដ្ឋា