WA អំពាវនាវដល់ពលរដ្ឋឈប់ដាក់អន្ទាក់ បាញ់សំលាប់សត្វ ខណៈនឹងត្រូវនាំយកសត្វខ្លាធំពីប្រទេសឥណ្ឌា មកលែងក្នុងតំបន់ស្នូលនៃជួរភ្នំក្រវាញដែល
ខេត្តកោះកុង៖ កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ហៅកាត់ WA អំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា បញ្ឈប់ការដាក់អន្ទាក់នៅក្នុងព្រៃ បញ្ឈប់ការកាប់ព្រៃឈើខុសច្បាប់ បញ្ឈប់ការប្រើប្រាស់កាំភ្លើងកែច្នៃ ដើម្បីបាញ់សម្លាប់សត្វ ខណៈតំបន់ស្នូលនៅតំបន់ជួរភ្នំក្រវាញដែលនឹងត្រូវនាំយកសត្វខ្លាធំពីប្រទេសឥណ្ឌា មកលែងនៅក្នុងរយៈពេល៩ ឬ១០ខែខាងមុខទៀតនេះ ។ កញ្ញាបណ្ឌិត ស៊ូវណ្ណា មានប្រសាសន៍ថា «អន្ទាក់ដែលដាក់ដោយមនុស្ស គឺសម្លាប់ដោយមិនរើសមុខ រាប់ចាប់តាំងពីកូនដំរី សត្វខ្លា ពង្រូល ខ្លាឃ្មុំ និងសត្វកម្រដទៃទៀត។ ចំណែក សត្វខ្លាធំមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ ផ្ទុយទៅវិញមនុស្សទេដែលបង្កគ្រោះថ្នាក់ដល់សត្វខ្លាធំ ដោយសារព្រៃទាំងមូលនៅកម្ពុជាពោរពេញទៅដោយអន្ទាក់ ដែលនេះហើយបានធ្វើឱ្យសត្វខ្លាធំបាត់បង់នៅកម្ពុជាតាំងពីឆ្នាំ២០០៧»។
ការថ្លែងបែបនេះធ្វើឡើងក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្នុងឱកាសរៀបចំដំណើរទស្សនាចរណ៍សត្វព្រៃ ដែលធ្វើឡើងនៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង កាលពីចុងសប្តាហ៍នេះ កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត បានបញ្ជាក់ថា តំបន់ស្នូលនៃគម្រោងស្តារសត្វខ្លាធំនៅតំបន់ជួរភ្នំក្រវាញ ត្រូវបានកំណត់នៅឆ្ងាយពីភូមិអ្នកស្រុកប្រហែល ២៥គីឡូម៉ែត្រ ប៉ុន្តែបើក្នុងករណីសត្វខ្លាធំដើរទៅប៉ះ និងចាប់សត្វចិញ្ចឹមរបស់ប្រជាពលរដ្ឋជាចំណីនឹងត្រូវទទួលសំណង ។
កញ្ញា បានឱ្យដឹងទៀតថា សត្វខ្លាធំដែលគ្រោងលែងក្នុងតំបន់ស្នូលនៃជួរភ្នំក្រវាញ នឹងផ្តល់ការគាំទ្រការល្បាតដល់ឧទ្យានុរក្ស ការផ្តល់ជំនួយបច្ចេកទេសដូចជាការបំពាក់វិទ្យុទាក់ទងលើ ក សត្វខ្លា ការតាមដានដំណើរសត្វខ្លាពីផ្កាយ រណប ហើយទិន្នន័យដែលប្រមូលបានគឺគ្រប់គ្រងដោយក្រសួង បរិស្ថាន។
គម្រោងស្តារសត្វខ្លាធំ គឺជាគម្រោងរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឥណ្ឌា ដោយផ្អែកលើការចុះហត្ថលេខាលើអនុស្សរណៈរវាងប្រទេសទាំងពីរនាពេលថ្មីៗនេះ ដើម្បីជាការបោះជំហានទៅមុខជាប្រវត្តិសាស្ត្រសម្រាប់ការអភិរក្សសត្វខ្លាធំ។ ការស្តារសត្វខ្លាធំក្នុងព្រៃឈើជួរភ្នំក្រវាញ នឹងអាចជួយពង្រឹងទៅដល់ការលូតលាស់នៃជីវចម្រុះ។
ក្រសួងបរិស្ថាន និងអង្គការ WA និងអង្គការមូលនិធិធម្មជាតិសកល ហៅកាត់ WWF បានរៀបចំដីព្រៃទំហំ៩០ហិកតា ស្ថិតក្នុងដែន ជម្រកសត្វព្រៃតាតៃនៃតំបន់ជួរភ្នំក្រវាញ ដោយមានរបងដែក ទ្រុងដែក អាងទឹក និងសត្វព្រៃសម្រាប់ជាចំណីសម្រាប់បន្ស៊ាំសត្វខ្លាធំដែលគ្រោងទទួលពីរដ្ឋាភិបាលប្រទេសឥណ្ឌា មុនលែងចូលតំបន់ស្នូលនៃតំបន់ការពារធម្មជាតិ។
ឯកឧត្តម សុខខេង នវិន្ទ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថា ការសម្រេចនាំយកសត្វខ្លាធំពីប្រទេសឥណ្ឌា ដើម្បីស្តារឡើងវិញនៅកម្ពុជា ដោយសារអាកាសធាតុនៃប្រទេសទាំងពីរមានលក្ខណៈដូចគ្នា ដែលអំណោយផលដល់ការរស់នៅរបស់អម្បូរសត្វមំសាសីមួយនេះ។
សូមបញ្ជាក់ថា គម្រោងស្តារសត្វខ្លាធំឡើងវិញនេះ បន្ទាប់ពីបាត់វត្តមានពីទឹកដីកម្ពុជា កាលពីអំឡុងឆ្នាំ២០០៧ ខណៈនៅទូទាំងពិភពលោកនៅឆ្នាំ២០១០ ត្រូវបានគេប៉ាន់ប្រមាណថា មានចំនួនសត្វខ្លាធំប្រហែល៣.២០០ក្បាល ដែលចំនួននេះមានការថយចុះ៩៥ ភាគរយ បើធៀបទៅនឹងចំនួនរបស់វាធ្លាប់មានក្នុងដើមទស្សវត្សទី២០ ប្រហែល១០ម៉ឺនក្បាល។ ខ្លាធំ ឬ ខ្លាដំបង ជាប្រភេទដែលមានមាឌធំជាងគេបំផុតក្នុងចំណោមអំបូរឆ្មា និងងាយស្រួលចំណាំ ដោយសារវាមានសម្បុរក្រហម លឿង ឬត្នោតខ្ចី មានឆ្នូតបង្កង់ពណ៌ក្រមៅកាត់ទទឹងដងខ្លួន។ នៅផ្នកខាងក្រោមចង្កា និងបំពង់កមានពណ៌ស ខណៈកន្ទុយមានសម្បុរខ្មៅជាកង់ៗ និងខ្មៅផ្នែកខាងចុង។
ចំពោះលក្ខណៈជីវសាស្ត្រ គឺវាអាចរស់នៅក្នុងជម្រកគ្រប់ប្រភេទដែលមានទឹក ចំណី និងម្លប់គ្រប់គ្រាន់ ព្រោះវាជាសត្វចាញ់កម្ដៅថ្ងៃ។ នៅពេលថ្ងៃក្តៅខ្លាំង គឺវាចំណាយ ពេលច្រើនម៉ោងដើម្បីដេកត្រាំទឹក។ វាមានភាពស្ទាត់ជំនាញក្នុងការហែលទឹក ហើយវាមិនឡើងដើម ឈើទេ បើសិនមិនចាំបាច់។ ខ្លាធំអាចចាប់ចំណីបាន ចាប់ពីសត្វតូចរហូតដល់សត្វធំដូចជាប្រើស ទន្សោង ខ្ទីងនិងអាចបង្កាត់ពូជបានគ្រប់រដូវ និងអាចបង្កើតកូនបានពី១-៧ក្បាល បន្ទាប់ពីពពោះរយៈពេលប្រហែល១០០ថ្ងៃ។ វាអាចមានអាយុរហូតដល់២៥ឆ្នាំ ក្នុងធម្មជាតិ។ ប្រភេទនេះចូលចិត្តដើរតាមដងផ្លូវ ដែលទើបតែឈូសឆាយរួច ឬផ្លូវស្រឡះក្នុងព្រៃ ។
ខ្លាធំ ត្រូវបានចាត់ទុកជាប្រភេទសត្វដែលទទួលរងគ្រោះថ្នាក់បំផុត ដោយការបរបាញ់ ដើម្បីពាណិជ្ជកម្មឆ្អឹង និងស្បែក។ វត្តមានរបស់វាមាននៅសេសសល់កម្របំផុតនៅតាមតំបន់មួយចំនួនដូចជាភូមិភាគឦសាន និរតី និងខាងជើងប្រទេសកម្ពុជា។ ប្រភេទនេះបានរកឃើញនៅប្រទេស បង់ក្លាដេស ឥណ្ឌា តំបន់ភូមិភាគអាស៊ីអាគ្នេយ៍ ។ ចំនួននៃប្រភេទនេះបានផុតពូជនៅកោះបាលី ចាវា និងប្រទេសសិង្ហបូរី ហើយចំពោះវត្តមានតំបន់ផ្សេងៗទៀតកំពុងតែថយចុះយ៉ាងខ្លាំង និងត្រូវបានចាត់ក្នុងក្រុមប្រភេទជិតផុតពូជក្នុងបញ្ជីឧបសម្ព័ន្ធទី១ នៃអនុសញ្ញាសាយតេស និងត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធនធានធម្មជាតិ ហៅកាត់ថា IUCN ជាប្រភេទកំពុងរងគ្រោះថ្នាក់ជិតផុតពូជ៕
រូបភាព ៖ រិន រចនា , អត្ថបទ ៖ ង៉ាន់ ទិត្យ