ហ្វីលីពីន និង​អាមេរិក ​គ្រោងនឹងធ្វើសមយុទ្ធយោធារួមគ្នាដ៏ធំបំផុតមួយនៅក្នុងខែមេសាខាងមុខនេះ

ម៉ានីល៖ ក្រុមមន្ត្រីហ្វីលីពីន និងសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ បានថ្លែងថា ភាគីទាំងពីរនឹងធ្វើសមយុទ្ធយោធារួមគ្នាដ៏ធំបំផុតមួយនៅខែក្រោយនេះ ខណៈដែលសម្ព័ន្ធមិត្តដ៏យូរអង្វែងទាំងពីរនេះតែងតែបានព្យាយាមទប់ទល់នឹងឥទ្ធិពលដែលកំពុងកើនឡើងខ្លាំងរបស់ចិននៅក្នុងតំបន់។

កងពលដែលនឹងចូលរួមក្នុងសមយុទ្ធយោធាប្រចាំឆ្នាំនេះ មានសរុបចំនួន ១៧ ៦៨០ នាក់ ហើយវាក៏ជាលើកដំបូងផងដែរ ក្នុងការធ្វើសមយុទ្ធបាញ់គ្រាប់ពិតប្រាកដដោយផ្ទាល់ចូលទៅក្នុងសមុទ្រចិនខាងត្បូង ដែលជាតំបន់កំពុងមានជម្លោះ។ លើសពីនេះ សមយុទ្ធនេះក៏នឹងប្រព្រឹត្តទៅនៅឯតំបន់កោះហ្វីលីពីនតូចមួយ មានចម្ងាយប្រមាណជិត ៣០០ គីឡូម៉ែត្រភាគខាងត្បូងកោះតៃវ៉ាន់។

ប្រទេសទាំងពីរក៏នឹងរៀបចំការចុះចតពីលើអាកាសនៅលើកោះប៉ាឡាវ៉ាន (Palawan) ភាគខាងលិច ដែលជាតំបន់ដែនដីគោកហ្វីលីពីន នៅជិតបំផុតទៅនឹងប្រជុំកោះ Spratly និងដែលជាតំបន់ដ៏រសើបខ្លាំងរវាងទីក្រុងប៉េកាំង និងទីក្រុងម៉ានីល។ លោកវរសេនីយ៍ឯក Michael Logico ដែលជាអ្នកនាំពាក្យហ្វីលីពីនសម្រាប់បេសកកម្មសមយុទ្ធខាងមុខនេះបានលើកឡើងថា «មិនថាកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសណានោះទេ សុទ្ធតែមានសិទ្ធិធ្វើសមយុទ្ធយោធា»។ លោក​បាន​បន្ថែមថា «​វា​គឺជា​ផ្នែក​មួយ​នៃ​ការ​ត្រៀមខ្លួនប្រយុទ្ធក្នុងសង្គ្រាម​»​។

ការប្រកាសឱ្យដឹងពីផែនការរៀបចំសមយុទ្ធយោធានេះ ធ្វើឡើងតិចជាងប្រាំមួយសប្តាហ៍បន្ទាប់ពីទីក្រុងម៉ានីល និងវ៉ាស៊ីនតោនបានយល់ព្រមបើកការចាប់ផ្តើមចុះល្បាតរួមគ្នាឡើងវិញនៅលើសមុទ្រចិនខាងត្បូង។ មិនត្រឹមតែប៉ុណ្ណោះ ភាគីទាំងពីរក៏បានឈានដល់ការចុះកិច្ចព្រមព្រៀងមួយ ដើម្បីអនុញ្ញាតឱ្យទាហានអាមេរិកអាចចូលទៅកាន់មូលដ្ឋានយោធាចំនួនបួនផ្សេងទៀត នៅក្នុងប្រទេសដែលស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ។

គួរកត់សម្គាល់ថា ប្រទេស​ទាំង​ពីរ​បាន​និង​កំពុង​ស្វែង​រក​ការ​ផ្សះផ្សារ​ទំនាក់​ទំនង​ដែល​បាន​ប្រេះស្រាំ​ក្រោម​ការ​ដឹក​នាំ​របស់អតីតប្រធានាធិបតីហ្វីលីពីនលោក រ៉ូទ្រីហ្គោ ឌូទ័រតេ (Rodrigo Duterte)។ ការព្យាយាមពង្រីកឥទ្ធិពលកាន់តែខ្លាំងឡើងរបស់រដ្ឋាភិបាលក្រុងប៉េកាំងទៅលើកោះតៃវ៉ាន់ និងការកសាងមូលដ្ឋានទ័ពរបស់ខ្លួននៅសមុទ្រចិនខាងត្បូង បានក្លាយជាកត្តារុញច្រានឱ្យទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ានីល កាន់តែបេ្ដជ្ញាពង្រឹងភាពជាដៃគូសារជាថ្មី តាមរយៈសន្ធិសញ្ញាការពារគ្នាទៅវិញទៅមក។

លោកវរសេនីយ៍ឯក Logico បានឱ្យដឹងថា សមយុទ្ធយោធានេះគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១១ ដល់ថ្ងៃទី២៨ ខែមេសា នឹងមានការចូលរួមពីទាហានអាមេរិកជាង ១២ ០០០ នាក់ ទាហានហ្វីលីពីនជិត ៥០០០ នាក់ និងទាហានអូស្ត្រាលី ១១១ នាក់។ តួលេខនេះបានបង្ហាញថា វាជាចំនួនមួយដែលច្រើនជាងឆ្នាំមុនទ្វេដងឯណោះ។ ម៉្យាងទៀត មន្ត្រី​អាមេរិកមួយរូបក៏​បាន​បញ្ជាក់ផងដែរថា​តួលេខ​នេះគឺពិតជាត្រឹមត្រូវ។

នៅក្នុងសមយុទ្ធនោះផងដែរ ក៏មានរួមបញ្ចូលការបើកឧទ្ធម្ភាគចក្រយោធាចុះចតនៅលើកោះកាឡាយ៉ាន (Calayan) ដែលស្ថិតនៅភាគខាងជើងនៃកោះលូហ្សូន (Luzon)។ យ៉ាងណាក៏ដោយ សមយុទ្ធយោធា​ការពារ​ដែន​សមុទ្រ និង​ឆ្នេរ​សមុទ្រក៏ធ្លាប់​ត្រូវ​បាន​ធ្វើឡើង​កាលពី​ឆ្នាំមុនៗផងដែរ ប៉ុន្តែសមយុទ្ធលើក​នេះ​គឺ​ជា​លើក​ដំបូងហើយដែលធ្វើ​នៅ​លើ​កោះកាឡាយ៉ាន។

លោក Logico បានមានប្រសាសន៍ថា «វានឹងក្លាយជាលើកទីមួយហើយដែលនាវាចម្បាំងកងទ័ពជើងទឹកហ្វីលីពីន និងសហរដ្ឋអាមេរិក នឹងធ្វើការបាញ់អាវុធឆ្ពោះទៅកាន់សមុទ្រចិនខាងត្បូង ចេញពីដែនទឹកនៃខេត្តហ្សាមបាឡេស (Zambales) ស្ថិតនៅភាគខាងជើងនៃទីក្រុងម៉ានីល។ គួររម្លឹកថា សមយុទ្ធ​យោធាកាលពីឆ្នាំមុន ត្រូវបានធ្វើឡើង​នៅ​លើដែ​នដី​គោកប្រទេសហ្វីលីពីន។

ទាហានអាមេរិកនឹងប្រើប្រាស់គ្រាប់មីស៊ីលបាញ់ផ្លោងរបស់ពួកគេក្នុងពេលសមយុទ្ធ ដែលវាគឺជាប្រព័ន្ធការពារដែនអាកាសដ៏ល្អបំផុតមួយនៅលើពិភពលោក និងប្រព័ន្ធរ៉ុក្កែតប្រភេទ HIMARS ដែលជាប្រព័ន្ធកំណត់គោលដៅបានយ៉ាងត្រឹមត្រូវបំផុតអំឡុងពេលប្រយុទ្ធ។ លោក Logico បានបញ្ជាក់ថា ទាហានអូស្ត្រាលីដែលជាប់ពាក់ព័ន្ធ នឹងធ្វើការចូលរួមជាមួយសមយុទ្ធបែបប្រតិបត្តិការពិសេសនេះ ខណៈដែលប្រទេសជប៉ុននឹងបញ្ជូនគណៈប្រតិភូជាអ្នកសង្កេតការណ៍ម្នាក់មកផងដែរ។

ជារួម វាគឺជាសមយុទ្ធដំបូងគេហើយដែលនឹងត្រូវបានធ្វើឡើង រាប់ចាប់តាំងពីប្រធានាធិបតីថ្មីហ្វីលីពីនលោក ម៉ាកូស (Marcos) បានឡើងកាន់អំណាចកាលពីខែមិថុនា ឆ្នាំ២០២២។ លោក ម៉ាកូស តែងតែបានលើកឡើងថា លោកនឹងមិនអនុញ្ញាតឱ្យចិនជាន់ឈ្លីលើសិទ្ធិដែនសមុទ្ររបស់ប្រទេសហ្វីលីពីននោះទេ ដែលនេះជាសកម្មភាពផ្ទុយពីលោក ឌូទ័រតេ ដែលតែងតែមានភាពស្ទាក់ស្ទើរក្នុងការរិះគន់ទីក្រុងប៉េកាំង។

កន្លងមកទីក្រុងប៉េកាំងបានទាមទារអធិបតេយ្យភាពលើផ្ទៃសមុទ្រចិនខាងត្បូងស្ទើរតែស្រុង រួមទាំងតំបន់ប្រជុំកោះ Spratly ដោយមិនអើពើនឹងសេចក្តីសម្រេចរបស់អន្តរជាតិដែលថា ការទាមទាររបស់ចិនគ្មានមូលដ្ឋានច្បាប់ច្បាស់លាស់នោះទេ។ រីឯប្រទេសហ្វីលីពីន និងបណ្ដា​ប្រទេស​មួយ​ចំនួន​ទៀតក៏បានធ្វើការ​ទាមទារយកតំបន់មួយចំនួនរៀងៗខ្លួនផងដែរ ហើយតំបន់ទាមទារខ្លះបានត្រួតលើគ្នាក៏មាន។ ដោយឡែកចំពោះបញ្ហាសមយុទ្ធនេះវិញ ស្ថានទូតអាមេរិក និងអូស្ត្រាលីប្រចាំនៅទីក្រុងម៉ានីល មិនទាន់បានធ្វើអត្ថាធិប្បាយភ្លាមៗជុំវិញបញ្ហានេះនៅឡើយទេ៕

ប្រែសម្រួលដោយ៖ ធា សុណា

ប្រភព៖ https://www.channelnewsasia.com/world/philippines-united-states-joint-war-games-largest-ever-3345916

ads banner