រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់បំផុតសំរាប់យុទ្ធនារីគ្រប់មជ្ឈដ្ឋាន សំដៅលើកកម្ពស់ និងការពារផលប្រយោជន៍នារី ក្នុងការចូលរួមចអភិវឌ្ឍន៍ប្រទេសជាតិ
ភ្នំពេញ៖ មានប្រសាសន៍ក្នុងពិធីអបអរសាទរខួបអនុស្សារីយ៍លើកទី១១២ ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ ៖ ស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក ឧត្តមសេនីយ៍ឯក សរ ស៊ីនឿន មេបញ្ជាការរង កងទ័ពជើងគោក បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ កងទ័ពជើងគោក បានយកចិត្តទុកដាក់បំផុតសំរាប់យុទ្ធនារីគ្រប់មជ្ឈដ្ឋានសម្តៅលើកកម្ពស់ និងការពារផលប្រយោជន៍នារីដើម្បីចូលរួមចំណែកក្នុកិច្ចអភិវឌ្ឍន៍ប្រទេសជាតិឲ្យសំបូររុងរឿង ។
ឧត្តមសេនីយ៍ឯក សរ ស៊ីនឿន មានប្រសាសន៏បន្ថែមថា ប្រធានបទ (ស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល ) ពិតជាមានសារៈសំខាន់ណាស់ ដែលជាប្រធានបទឆ្លើយតបនឹងបរិបទបច្ចុប្បន្ន ក្នុងគោលបំណងបន្តរំលេចពីតំលៃការចូលរួមរបស់ស្ត្រីដែលមិនអាចកាត់ថ្លៃបាន ក្នុងការថែរក្សាសន្តិភាព ក៏ដូចជាកំពុងចូលរួមយ៉ាងសកម្មក្នុងការពន្លឿនកិច្ចអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសនៅក្នុងសម័យឌីជីថលនេះ ។
ឧត្តមសេនីយ៍ឯក សរ ស៊ីនឿន បានគូសបញ្ជាក់ថា តំលៃស្ត្រីខ្មែរយើងបានធ្លាក់ចុះដល់ចំណុចសូន្យ នៅក្នុងរបបប្រល័យពូជសាសន៏ ប៉ុល ពត ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ។ ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយយករដ្ឋមន្ត្រី នៃកម្ពុជា ស្ត្រីបានទទួលនូវតួនាទីសំខាន់ៗក្នុងស្ថាប័នជាតិគ្រប់កម្រិត។ ស្ត្រីបានចូលរួមក្នុងកិច្ចអភិវឌ្ឍន៏សង្គមលើគ្រប់វិស័យតាមរយៈរដ្ឋធម្មុញនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសការយកចិត្តទុកដាក់សមាមាត្រនៃការចូលរួមរបស់ស្ត្រីឲ្យបានច្រើនជាអតិប្បរមា ក្នុងស្ថាប័នជាតិគ្រប់កំរិត តាំងពីថ្នាក់កណ្តាលដល់ថ្នាក់មូលដ្ឋាន ។
ទន្ទឹមនិងនេះដែរនារី ខភម ក្នុងកងទ័ពជើងគោក បានផ្តល់តួនាទី នៅតាមបណ្តាកងឯកភាពនានា និង បានដើរតួនាទីជាមួយបុរស ធ្វើសកម្មភាពដូចបុរស ក្នុងកិច្ចការកសាង ការពារជាតិមាតុភូមិ ហ្វឹកហ្វឺន និង កិច្ចការជាអន្តរវិស័យជាច្រើនទៀត ដូចមានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាពក្នុងការកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជានៅឆ្នាំ២០៣០។
ឧត្តមសេនីយ៍ឯក សរ ស៊ីនឿន បានថ្លែងនូវការកោតសរសើរចំពោះធិននារីកងទ័ពជើងគោកទាំងអស់ ដែលបានរួមចំណែកក្នុងការងារជួយដល់សង្គមជាតិ ក្នុងការថែរក្សាសុខសន្តិភាព វិបុលភាព និងការអភិវឌ្ឍន៍ជាតិមានការរីកមច្រើន ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ។
សូមបញ្ជាក់ថា តាមរបាយការណ៍របស់លោកជំទាវ ឧត្តមសេនីយ៍ត្រី ឈឿន និមល នាយរងការិយាល័យទី៥ កងទ័ពជើងគោក បានឲ្យដឹងពីសកម្មភាពលទ្ធផលសម្រេចបានរបស់នារីកងទ័ពជើងគោកបានខិតខំបំពេញភារកិច្ចនាឆ្នាំ២០២២កន្លងមកទទួលបានលទ្ធផលផ្លែផ្កា ឆ្លើយតបតាមផែនការរបស់បញ្ជាការដ្ឋានកងទ័ពជើងគោកបានប្រគល់ជូន ព្រមទាំងដាក់ចេញនូវទិសដៅបន្តឆ្នាំ២០២៣ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។
ឯកឧត្ដម សរ ស៊ីនឿន ក៏បានជូនបាច់ផ្កា និងជូន អំណោយ ដល់ យោ ធិន នារី ចំនួន ២៦៧នាក់ និងនិវត្តន៍ជនចំនួន ០៦នាក់ ដែលជាអំណោយលោកឧកញ៉ា ទៀង ថៃ និងលោកជំទាវ វ៉ាន់ លុយ រួមនឹងអាហារសំរ៉ន់ និងទឹកសុទ្ធអេរ៉ូទិច ចំនួន ២០កេសផងដែរ ៕ ប្រភព ៖ កងទ័ព