រាជវាំង ម៉ារ៉ុក ស្នើឱ្យ គណបក្សប្រឆាំង អ៊ិស្លាមនិយម ឈប់រិះគន់ ទំនាក់ទំនង របស់ប្រទេស ជាមួយអ៊ីស្រាអែល
រ៉ាបា៖ ព្រះបរមរាជវាំងនៃប្រទេសម៉ារ៉ុកកាលពីថ្ងៃចន្ទ បានស្នើសុំឱ្យគណបក្សប្រឆាំងអ៊ីស្លាមនិយមដ៏ធំបំផុតរបស់ប្រទេស គឺបក្សយុត្តិធម៌ និងអភិវឌ្ឍន៍ (PJD) បញ្ឈប់ការវាយប្រហារលើទំនាក់ទំនងរបស់ប្រទេសជាមួយអ៊ីស្រាអែល បន្ទាប់ពីគណបក្សនេះបានរិះគន់រដ្ឋមន្ត្រីការបរទេសចំពោះការការពារសកម្មភាពរបស់កងកម្លាំងអ៊ីស្រាអែលលើប៉ាឡេស្ទីន។
PJD បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយកាលពីសប្តាហ៍មុនថា «អគ្គលេខាធិការ(របស់បក្ស) ថ្កោលទោសចំពោះជំហរនាពេលថ្មីៗនេះរបស់រដ្ឋមន្ត្រីការបរទេស ដែលហាក់ដូចជាកំពុងការពារអ៊ីស្រាអែល ខណៈដែលអ៊ីស្រាអែលបន្តការឈ្លានពានបែបឧក្រិដ្ឋកម្មប្រឆាំងនឹងបងប្អូនប៉ាឡេស្ទីនរបស់យើង»។
ឆ្លើយតបនឹងការរិះគន់នេះ រាជវាំងម៉ារ៉ុកថ្លែងក្នុងសេចក្ដីថ្លែងការណ៍យ៉ាងដូច្នេះថា ៖ «អគ្គលេខាធិកានៃបក្ស PJD ថ្មីៗនេះបានចេញផ្សាយសេចក្តីប្រកាសមួយដែលគ្មានការទទួលខុសត្រូវហួសហេតុនិងស្មើនឹងការគ្រោះថ្នាក់ដល់ទំនាក់ទំនងរវាងព្រះរាជាណាចក្រម៉ារ៉ុក និងរដ្ឋអ៊ីស្រាអែល»។
រាជវាំងបន្តថា ជំហររបស់ប្រទេសចំពោះប៉ាឡេស្ទីនគឺមិនផ្លាស់ប្ដូរឡើយ ប៉ុន្តែគោលនយោបាយការបរទេសគឺជារាជសិទ្ធិរបស់ព្រះមហាក្សត្រដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ហើយវាត្រូវតែមិន «ទទួលរងនូវការបង្ខូចឈ្មោះ» នោះទេ។
គួរកត់សម្គាល់ថា ការវិវត្តន៍នៃនយោបាយក្នុងស្រុករបស់ប្រទេសអារ៉ាប់មួយនេះ កើតមានឡើងស្របពេលដែលមានអំពើហិង្សាជាថ្មីរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដោយបង្កបញ្ហាជាប្រឈមដល់បណ្តាប្រទេសអារ៉ាប់ ដែលមានទំនាក់ទំនងធម្មតាជាមួយអ៊ីស្រាអែល។
ប្រទេសម៉ារ៉ុកបានបន្តទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែលនៅចុងឆ្នាំ ២០២០ ក្រោមកិច្ចព្រមព្រៀងមួយ ដែលសម្របសម្រួលដោយរដ្ឋបាលរបស់អតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជារដ្ឋបាលដែលទទួលស្គាល់អធិបតេយ្យភាពរបស់ទីក្រុងរ៉ាបាដលើតំបន់សាហារ៉ាខាងលិច ជាតំបន់ដែលម៉ារ៉ុកមានជម្លោះជាមួយរណសិរ្ស Polisario គាំទ្រដោយអាល់ហ្សេរី ក្នុងការបង្កើតរដ្ឋផ្ទាល់ខ្លួន។
ចាប់តាំងពីការចាប់ផ្តើមទំនាក់ទំនងឡើងវិញ ម៉ារ៉ុក និងអ៊ីស្រាអែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ រួមទាំងកតិកាសញ្ញាការពារជាតិផងដែរ។ គួរគូសបញ្ជាក់ថា ជំហរផ្លូវការរបស់ម៉ារ៉ុក ទាក់ទងនឹងជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន គឺការគាំទ្រលើដំណោះស្រាយឱ្យបង្កើតរដ្ឋពីរ ដែលមានក្រុងហ្ស៊េរុយសាឡឹមខាងកើត ជារដ្ឋធានីនៃរដ្ឋប៉ាឡេស្ទីននាពេលអនាគត៕
ប្រែសម្រួល៖ ហួន ឌីណា
ប្រភព៖ Moroccan palace asks Islamist party to stop criticizing ties with Israel https://www.reuters.com/world/middle-east/moroccan-palace-asks-islamist-party-stop-criticizing-ties-with-israel-2023-03-13/