សម្តេចប្រមុខរដ្ឋស្តីទី អញ្ជើញបញ្ចុះខណ្ឌសីមាឆ្លងព្រះវិហារថ្មី និងសម្ពោធសមិទ្ធផលនានាក្នុងវត្តមុនីជីខលើ

ខេត្តកោះកុង ៖ ព្រះវិហារថ្មី និងសមិទ្ធផលនានាក្នុងវត្តមុនីជីខលើ ស្ថិតក្នុងភូមិជីខ ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ត្រូវបានប្រារព្ធពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធដាក់ឱ្យប្រើប្រាស់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ។

លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង ថ្លែងថា ខេត្តកោះកុង មានវត្តសរុបចំនួន ៥៤វត្ត ក្នុងនោះវត្តគណៈមហានិកាយមានចំនួន ៤៧វត្ត មានចំនួន ៣៨៨ព្រះអង្គ និងគណៈធម្មកិត្តិកនិកាយមានចំនួន០៧វត្ត មានព្រះសង្ឃចំនួន៧០ព្រះអង្គ។ ព្រះវិហារថ្មី និងសមិទ្ធផលនានា ដែលត្រូវបានបញ្ចុះខណ្ឌសីមាសម្ពោធឆ្លងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះរួមមាន៖ ព្រះវិហារថ្មីទទឹង៨.៥០ម៉ែត្រ បណ្តោយ១១.៥០ម៉ែត្រកុដិថ្ម០១ខ្នង ទទឹង៦.៥០ម៉ែត្រ បណ្តោយ៧.៥០ម៉ែត្រ ខ្លោងទ្វា០១ និងដងទង់០១គូ ព្រមទាំងសមិទ្ធផលផ្សេងៗទៀត។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវសេចក្តីរីករាយដោយមើលឃើញពិធីបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលនានាក្នុងវត្តមុនីជីខលើ នាពេលនេះ ប្រព្រឹត្តទៅយ៉ាងរលូន ឱឡារិក និងអធិគអធមយ៉ាងក្រៃលែង ស្របពេលដែលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ កម្ពុជា បាននឹងកំពុងបោះជំហានយ៉ាងរឹងមាំលើមាគ៌ាប្រជាធិបតេយ្យ សន្តិភាព ឯករាជ្យភាព អធិបតេយ្យភាព បូរណភាព ស្ថារនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គមឡើងវិញពីវិបត្តិកូវីដ-១៩ ឱ្យកាន់តែមានភាពធន់ និងបរិយាប័ន្ន ក្រោមម្លប់សន្តិភាព។

សម្តេចប្រមុខរដ្ឋស្ដីទី បានគូសបញ្ជាក់ថា លទ្ធិព្រះពុទ្ធសាសនាបានចាក់ឫសយ៉ាងជ្រៅទៅក្នុងក្រអៅបេះដូងរបស់ប្រជាជនកម្ពុជា។ ប្រជាពុទ្ធបរិស័ទលោកយកព្រះពុទ្ធសាសនាជាទីពឹងដើម្បីស្វែងរកសេចក្តីសុខសេចក្តីចម្រើនទាំងក្នុងបច្ចុប្បន្នជាតិ និងក្នុងអនាគតជាតិ។ ព្រះពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ គឺជាទឹកអម្រិតដែលជនានុជនគ្រប់រូបប្រាថ្នាចង់បានគ្រប់ៗគ្នា។ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់យ៉ាងច្បាស់ថា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ហើយចារិកជាបាវចនារបស់ប្រទេសជាតិ ជាតិ សាសនា ព្រះមហាក្សត្រ ហើយក្នុងបទចម្រៀងគោរពទង់ជាតិរបស់យើងក៏រំលេចខ្លឹមសារនឹកដល់គុណព្រះពុទ្ធសាសនាផងដែរ។

សម្តេចប្រមុខរដ្ឋស្តីទីបានរំលឹកពីអតីតកាលដែលប្រជាជនកម្ពុជាមិនអាចបំភ្លេចបានកាលពីទសវត្សរ៍ឆ្នាំ៧០ ព្រះពុទ្ធសាសនាត្រូវបានអាប់ឱនដោយសារសង្រ្គាម និងត្រូវបានកំទេចបង់ដោយសាររបបប្រល័យពូជសាសន៍ប៉ុលពត។ ព្រះពុទ្ធសាសនាត្រូវបានរស់ឡើងវិញជាមួយនឹងការរស់ឡើងវិញ របស់ប្រទេសជាតិ និងប្រជាជនកម្ពុជា កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ តាំងពីពេលនោះមករហូតដល់បច្ចុប្បន្ននេះវិស័យព្រះពុទ្ធសាសនាត្រូវបានស្តារ និងអភិវឌ្ឍឡើងវិញយ៉ាងឆាប់រហ័សទាំងបរិមាណ និងគុណភាព ហើយកំពុងក្លាយជាកម្លាំងស្នូលនៃសុខដុមនីយកម្មរវាងអ្នកកាន់ព្រះពុទ្ធសាសនា ជាមួយអ្នកកាន់ជំនឿ និង សាសនាសផ្សេងៗទៀតដែលកំពុងមានវត្តមាននៅកម្ពុជាបច្ចុប្បន្ន។

ជាមួយគ្នានោះ សម្តេចប្រមុខរដ្ឋស្ដីទីបានថ្លែងនូវការកោតសរសើរចំពោះការដឹកនាំដ៏ត្រឹមត្រូវឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យរាជរដ្ឋាភិបាលបច្ចុប្បន្នសម្រេចបាននូវសមិទ្ធផលនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម យ៉ាងធំ សម្បើម គួរជាទីមោទនៈយ៉ាងក្រៃលែង ។

សម្តេចប្រមុខរដ្ឋស្ដីទី បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតទាំងអស់ សូមអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នៃរដ្ឋសភានីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ឲ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ ដើម្បីការអភិវឌ្ឍ និងការីកចម្រើនរុងរឿងថ្កើងថ្កានលើគ្រប់វិស័យ ។

សម្តេចប្រមុខរដ្ឋស្ដីទីបានណែនាំដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ សូមបន្តយកចិត្តទុកដាក់អនុវត្តឱ្យបានល្អនូវការងារមួយ ក្នុងការថែរក្សាសុខសន្តិភាព សណ្ដាប់ធ្នាប់សង្គមក្នុងការគ្រប់មូលដ្ឋាន -ការផ្តល់សេវាជូនប្រជាជនដោយគ្មានការរើសអើង ប្រកបដោយតម្លាភាព គុណភាព គណនីយភាព ប្រសិទ្ធភាព និងឆាប់រហ័ស -សហការជាមួយស្ថាប័នដែលមានការពាក់ព័ន្ធទាំងអស់ ដើម្បីលើកស្ទួយជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជននៅគ្រប់មូលដ្ឋាន – ពង្រីកវិស័យព្រះពុទ្ធសាសនាឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ -បន្តចាក់វ៉ាក់សាំងតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ព្រមទាំងបន្តអនុវត្តនូវវិធានការ ៣ការពារ និង៣កុំ ឲ្យបានខ្ជាប់ខ្ជួនកុំបីមានការធ្វេសប្រហែសឡើយ ៕ ដោយ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner