អ្នកជំនួញ៖ ផ្លែស្វាយស្រស់មានតម្លៃល្អឡើងវិញ តែទិន្នផលផ្លែស្វាយធ្លាក់ចុះខ្លាំង
ភ្នំពេញ៖ អ្នកនាំចេញផ្លែស្វាយស្រស់ទៅក្រៅប្រទេសបានឱ្យដឹងថា តម្រូវការស្វាយពីក្រៅប្រទេសជាពិសេសប្រទេសចិន ចាប់ផ្តើមងើបឡើងវិញ ប៉ុន្តែផលិតកម្មស្វាយនៅក្នុងស្រុកបែរជាមានការធ្លាក់ចុះនៅដើមឆ្នាំ២០២៣នេះ។
លោក ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុនត្រូពិកខេមដែលនាំចេញស្វាយធំជាងគេមួយទៅកាន់ប្រទេសចិន និងប្រទេសផ្សេងទៀតបានឱ្យដឹងថា កាលពីឆ្នាំ២០២១ និង២០២២កន្លងទៅ តម្លៃស្វាយចុះថោក ដោយសារតែចិនបានបិទខ្ទប់។ លោកបន្តថា តម្លៃនៃការដឹកជញ្ជូនមានការឡើងថ្លៃក្លាយជាឧបសគ្គរារាំងការនាំចេញស្វាយស្រស់។លោកបន្ថែមថា ប្រឈមចំពោះឧបសគ្គទាំងអស់នោះនាំឱ្យម្ចាស់ចម្ការនិងកសិករ ដាំដុះស្វាយចិត្តបោះបង់របរនេះ និងខ្លះលែងចំណាយលើការថែទាំឬបោះបង់ចម្ការស្វាយចោលតែម្ដង។
លោកបានបញ្ជាក់ថា៖«បញ្ហានេះ បានធ្វើឱ្យ ការប្រមូលផលស្វាយឆ្នាំនេះ ពោលគឺចាប់ពីខែតុលា ឆ្នាំ២០២២មក ដល់ពេលនេះ មានការថយចុះ ស្របពេលដែលតម្រូវការ បានចាប់ផ្តើមងើបឡើងវិញព្រោះចិនបើកប្រទេស តម្លៃដឹកជញ្ជូនចុះថ្លៃមកធម្មតាវិញ ម្ល៉ោះហើយ អ្នកបញ្ជាទិញបានចាប់ផ្តើមដាក់ការបញ្ជាឡើងវិញ។ តែងាកកម្ពុជាយើង មានផលិតកម្មស្វាយតិចតួច»។
លោកបានបន្ថែមថា ពាក់ព័ន្ធនឹងបញ្ហានេះ វាអាចកត្តាពីរសំខាន់ គឺទី១ ដោយសារតែវិបត្តិកូវីដ១៩ ដែលធ្វើឱ្យបាត់បង់តម្លៃផលិតផ្លែស្វាយនេះ និងទី២ កត្តាប្រែប្រួលនៃប្រព័ន្ធដឹកជញ្ជូន ដែលមានការឡើងថ្លៃកប់ពពក ដែលកត្តាទាំងនេះហើយ បានជាធ្វើឱ្យមិនមានលំនឹងរវាងការផលិត និងការផ្គត់ផ្គង់ចូលទីផ្សារ។
លោក ហ៊ុន ឡាក់ ទើបតែត្រលប់មកពីប្រទេសបារាំងក្នុងដំណើរទស្សនកិច្ចមួយជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្មនៅដើមខែនេះ។ លោកបានលើកឡើងថា មានក្រុមហ៊ុនរដ្ឋមួយ នៅខាងបារាំងគេចាប់អារម្មណ៍ចង់នាំចូលស្វាយរបស់កម្ពុជាទៅកាន់ទីផ្សារបារាំង ដោយគេបានពិភាក្សាដំបូងជាមួយផ្នែកឯកជននិងរដ្ឋមន្រ្តីក្រសួងកសិកម្ម។
លោកបានបញ្ជាក់ថា នេះគ្រាន់តែការជជែកគ្នាដំបូងទេ ជំហានបន្តបន្ទាប់យើងត្រូវរៀបចំ និងពិនិត្យមើលទាក់ទងទៅនឹងលក្ខខណ្ឌអនាម័យ និងភូតគាមអនាម័យ និងប្រព័ន្ធដឹកជញ្ជូនឡូជីស្ទិកឱ្យបានហ្មត់ចត់ជាមុនសិន។
លោក វណ្ណ ឬទ្ធី នាយកប្រតិបត្តិនាយកដ្ឋាននាំចេញ នៃក្រុមហ៊ុនអង្គរហ្គ្រីន បានឱ្យដឹងដែរថា ផលិតកម្មស្វាយនៅក្នុងប្រទេសកម្ពុជា បច្ចុប្បន្ននេះ មានការធ្លាក់ច្រើន ស្របពេលតម្លៃស្វាយបានកើនឡើងមកវិញខណៈដែលតម្រូវការលើទីផ្សារនៅមានជាធម្មតា។
លោកបន្ថែមថា តាំងពីខែតុលាឆ្នាំ២០២២មកដល់ពេលនេះ ទិន្នផលស្វាយដែលផ្គត់ផ្គង់លើទីផ្សារមានការធា្លក់ចុះខ្លាំង គឺថយប្រមាណ៥០ទៅ៧០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងការប្រមូលផលឆ្នាំមុន។
លោកបានបញ្ជាក់ថា៖«កាលពីឆ្នាំមុន ស្វាយដាំបានតែគ្មានទីផ្សារដោយសារតែចិនបិទខ្ទប់ និងថ្លៃដឹកជញ្ជូនឡើងថ្លៃ បានធ្វើឱអ្នកដាំដុះស្វាយខាតច្រើន ។ឆ្នាំនេះ កសិករភាគច្រើនមិនមានលទ្ធភាពធ្វើបន្ត និងពួកគាត់លែងរំពឹងលើទីផ្សារឆ្នាំនេះ និងបន្តបន្ទាប់ គាត់ក៏ផ្អាកផលិតកម្ម និងខ្លះទៀតលែងមានទុនសម្រាប់បន្តរបរនេះតែម្តង»។
បើតាមលោក ឬទ្ធី ការនាំចេញស្វាយស្រស់នៅតែមិនទាន់បានស្រួលដោយរលូននៅឡើយទេ ទោះបីជាចិន បានសម្រេចបើប្រទេសឡើងវិញក៏ដោយ ខណៈដែលការនាំចេញកន្លងទៅភាគច្រើនគឺជាដំណាប់ស្វាយ។
យោងតាមរបាយការណ៍ពីក្រសួងកសិកម្ម បានបង្ហាញថា នៅក្នុងឆ្នាំ២០២២ កម្ពុជា បាននាំចេញផ្លែស្វាយស្រស់សម្រេចបានប្រមាណជាង១៦៣ ៤០០តោន ថយចុះ៣៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១។នៅក្នុងនាំចេញទៅវៀតណាម ៩៩ ៨០០តោន ,ថៃ ៣៤ ៩០០តោន ,ទៅចិន២៧ ៤០០តោន ,កូរ៉េ ១៨៦តោន,ហុងកុង២៦តោន និងប្រទេសផ្សេងទៀត មានចំនួនតិចតួច។ ចំពោះការនាំចេញដំណាប់ស្វាយវិញ សម្រេចបាន ១៨ ៤៩០តោន កើនជាង៣ភាគរយ ក្នុងនោះនាំទៅចិនច្រើនជាងគេ ១៥ ៨០០តោន ,វៀតណាម ១៣២៣តោន,ហ្វីលីពីន៨៣៣តោន,ជប៉ុន១៧៨តោន,រុស្ស៊ី៧១តោន និងបណ្តាប្រទេសមួយចំនួនទៀតនៅតំបន់អឺរ៉ុប៕
ដោយ៖វណ្ណ សុជាតា