កូរ៉េខាងជើងបាញ់មីស៊ីលផ្លោងអន្តរទ្វីប មុនកិច្ចប្រជុំកំពូលរវាងមេដឹកនាំកូរ៉េខាងត្បូង-ជប៉ុន

ព្យុងយ៉ាង៖កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប (ICBM) នៅថ្ងៃព្រហស្បតិ៍នេះ ប៉ុន្មានម៉ោងមុនមេដឹកនាំកូរ៉េខាងត្បូង និងជប៉ុន ជួបគ្នាក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងតូក្យូ។

ការបាញ់សាកល្បងចុងក្រោយ ដែលជាការធ្វើតេស្តអាវុធលើកទី៣គិតក្នុងតែសប្ដាហ៍នេះ ក៏ធ្វើឡើងផងដែរ ស្របពេលដែលកងទ័ពកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បន្តធ្វើសមយុទ្ធយោធារួមគ្នា ដែលទីក្រុងព្យុងយ៉ាងចាត់ទុកថា ជាការហាត់សមដើម្បីឈ្លានពាន។

តាមការវាយតម្លៃរបស់កូរ៉េខាងត្បូង និងជប៉ុន មីស៊ីលសាកល្បងចុងក្រោយនេះ បានហោះក្នុងរយៈចម្ងាយ ១ ០០០ គីឡូម៉ែត្រ និងរយៈកម្ពស់អតិបរមា ៦ ០០០ គីឡូម៉ែត្រ និងប្រើពេលហោះហើរ ៧០ នាទី។ ព័ត៌មានស្ដីពីការហោះហើរនេះស្រដៀងគ្នានឹងព័ត៌មានលម្អិតនៃការហោះហើររបស់មីស៊ីលICBM មួយផ្សេងទៀត ដែលកូរ៉េខាងជើងបាញ់បង្ហោះនៅខែកុម្ភៈដែរ។

បើតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានអេភី(AP) មីស៊ីលចុងក្រោយបានហោះហើរក្នុងគន្លងដ៏ចោត ហើយបានធ្លាក់ចូលក្នុងសមុទ្រចន្លោះឧបទ្វីបកូរ៉េ និងជប៉ុន។ ជប៉ុនបាននិយាយថា មីស៊ីលនេះបានធ្លាក់ក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន ដែលមិនបង្កឱ្យមានការខូតខាតអ្វីនោះទេ។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោកស្រី Adrienne Watson បានថ្លែងថា ក្រុងវ៉ាស៊ីនតោននឹងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីធានាសន្តិសុខនៃមាតុភូមិអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន រួមមានកូរ៉េខាងត្បូង និងជប៉ុន។ លោកស្រីនិយាយថា ៖ «ការបាញ់បង្ហោះរបស់កូរ៉េខាងជើង បានបង្កើនភាពតានតឹង និងហានិភ័យដែលធ្វើឲ្យស្ថានការណ៍សន្តិសុខក្នុងតំបន់មានអស្ថិរភាព»។

មុនពេលធ្វើដំណើរទៅកាន់ក្រុងតូក្យូដើម្បីចូលរួមកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីជប៉ុនលោក ហ្វូមីអូ គីហ្ស៊ីដា លោកប្រធានាធិបតីកូរ៉េខាងត្បូង យូន ស៊កយល បានថ្លែងថា៖ «ការបង្កហេតុដែលមិនប្រុងប្រយ័ត្នរបស់កូរ៉េខាងជើង នឹងផ្តល់ការខូតខាតច្បាស់លាស់»។

ក្នុងអំឡុងកិច្ចប្រជុំសន្តិសុខបន្ទាន់មួយស្តីពីការបាញ់បង្ហោះរបស់កូរ៉េខាងជើង លោក យូន បានណែនាំយោធាកូរ៉េខាងត្បូងឱ្យដំណើរការយ៉ាងហ្មត់ចត់នូវសមយុទ្ធដែលកំពុងបន្តជាមួយកងកម្លាំងសហរដ្ឋអាមេរិក ធ្វើសមយុទ្ធរួមគ្នាតាមការគ្រោងទុកក្នុងលក្ខណៈតានតឹងខ្លាំង និងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយអាមេរិក។

នៅឯទីក្រុងតូក្យូឯណោះវិញ លោក គីហ្ស៊ីដា បានថ្លែងថា៖ «យើងត្រូវតែពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងចំណោមសម្ព័ន្ធមិត្ត និងប្រទេសដែលមានគំនិតដូចគ្នា»។

ការសាកល្បងអាវុធយ៉ាងក្លៀវក្លារបស់ក្រុងព្យុងយ៉ាង មិនមែនជាអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះទេ ក្នុងដំណាក់កាលនៃភាពតានតឹងនេះ ព្រោះគេបានរំពឹកទុករួចមកហើយ។ កាលពីសប្ដាហ៍មុន មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបញ្ជាឱ្យយោធារបស់លោក ត្រៀមខ្លួនជាស្រេច ដើម្បីទប់ទល់នឹងអ្វីដែលលោកហៅថា «ការត្រៀមរៀបចំសង្រ្គាមដ៏គួរឱ្យខ្លាច»។ អ្វីដែលលោកលើកឡើងនេះ គឺសំដៅលើសមយុទ្ធរួមគ្នាដ៏ធំរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដែលបានចាប់ផ្តើមកាលពីថ្ងៃចន្ទ។

កូរ៉េខាងជើងបានទទូចជាយូរមកហើយថា សមយុទ្ធយោធាអាមេរិក-កូរ៉េខាងត្បូង គឺជាភស្តុតាងនៃគោលនយោបាយអរិភាពរបស់ប្រទេសទាំង២នេះប្រឆាំងនឹងកូរ៉េខាងជើង ទោះបីជាទីក្រុងវ៉ាស៊ីនតោន និងសេអ៊ូលនិយាយថា ពួកគេគ្មានចេតនាឈ្លានពានកូរ៉ខាងជើង ហើយថាសកម្មភាពយោធារបស់ខ្លួនធ្វើឡើងដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុងព្យុងយ៉ាងក៏ដោយ៕
ប្រែសម្រួល៖ហួន ឌីណា

ads banner