សេតវិមានថា ការបញ្ជូនយន្តហោះចម្បាំងរបស់ប៉ូឡូញទៅឱ្យអ៊ុយក្រែន មិនបានផ្លាស់ប្តូរជំហររបស់សហរដ្ឋអាមេរិកឡើយ
វ៉ាស៊ីនតោន៖ សេតវិមានបានបញ្ជាក់នៅថ្ងៃទី១៦ ខែមីនានេះថា ការសម្រេចចិត្តរបស់ប៉ូឡូញ ដើម្បីក្លាយជាប្រទេសដំបូងគេដែលបញ្ជូនយន្តហោះចម្បាំង MiG-29 ទៅកាន់អ៊ុយក្រែន មិនបានផ្លាស់ប្តូរការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការប្រឆាំងនឹងការបញ្ជូនយន្តហោះចម្បាំងរបស់ខ្លួនទៅកាន់ទីក្រុងកៀវនោះទេ។
Read. អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ លោក ចន ខើប៊ី បានប្រាប់អ្នកយកព័ត៌មានថា ការសម្រេចចិត្តបែបនេះ មិនផ្លាស់ប្តូរការគណនារបស់យើងទាក់ទងនឹងយន្តហោះចម្បាំង F16s នោះឡើយ ហើយថា ការសម្រេចចិត្តរបស់ប៉ូឡូញមិនប៉ះពាល់ ឬមិនផ្លាស់ប្តូរជំហររបស់អាមេរិកនោះទេ។
ការអត្ថាធិប្បាយបែបនេះរបស់លោក ចន ខើប៊ី បានកើតមានឡើងបន្ទាប់ពីប្រទេសប៉ូឡូញបានប្រកាសនឹងបញ្ជូនយន្តហោះចម្បាំង Mig សម័យសូវៀតចំនួន៤គ្រឿងទៅឲ្យអ៊ុយក្រែន ដោយក្លាយជាប្រទេសដំបូងគេរបស់អង្គការណាតូ ដែលបញ្ជូនយន្តហោះចាប់តាំងពីរុស្ស៊ីបើកការវាយលុកកាលពីឆ្នាំមុន។
សូមជម្រាបថា នៅពេលចាប់ផ្តើមប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី អ៊ុយក្រែនត្រូវបានគេជឿជាក់ថា មានយន្តហោះដែលមានសមត្ថភាពប្រយុទ្ធប្រហែល១២០គ្រឿង ដែលភាគច្រើនមានអាយុចាស់ Mig-29 និង Su-27៕ ប្រភព៖ AFP និង BCC ប្រែសម្រួលដោយ៖ ឈឹម ទីណា