ស្ពានបេតុងមួយកន្លែង និងផ្លូវក្រួសក្រហម ១ខ្សែជាង ១០គីឡូម៉ែត្រ ត្រូវបានធ្វើការសាងសង់ និងកែលម្អសាជាថ្មីឡើងវិញជូនប្រជាពលរដ្ឋ ស្រុកបវេល
បាត់ដំបង ៖ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពីធីបើកការដ្ឋានសាងសង់ធ្វើការកែលម្អនូវផ្លូវក្រាលក្រួសក្រហម ១ខ្សែប្រវែងជាង ១០គីឡូម៉ែត្រ និងសាងសង់ស្ពានបេតុង១កន្លែង ប្រវែងជាង៦០ម៉ែត្រ ជូនប្រជាពលរដ្ឋក្នុងឃុំបួរវិល និង ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ដើម្បីជាប្រយោជន៍ក្នុងដឹកជញ្ជូននិងធ្វើដំណើរឆ្លងកាត់ចេញចូលទៅមកប្រើប្រាស់បានងាយស្រួលប្រសើរឡើងវិញ។
ថ្លែងនៅក្នុងពិធីបើកការដ្ឋាន កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម សក់ សេដ្ឋា បានលើកឡើងថា៖ ដោយមានការទទូចស្នើសុំពីអាជ្ញាធរក្នុងមូលដ្ឋានផ្ទាល់ និងដោយសង្កេតឃើញកន្លងមករបស់បងប្អូនប្រជាពលរដ្ឋនៅទីនេះមានការពិបាកខ្លាំងក្នុងការធ្វើដំណើរ និងដឹកជញ្ជូននូវកសិផលទៅកាន៎ទីផ្សារផងនោះ ទើបរដ្ឋបាលខេត្តបាត់ដំបង ស្នើសុំរាជរដ្ឋាភិបាល ដើម្បីសម្រេចផ្ដល់នូវអំណោយជាចំណងដៃដ៏ថ្លៃថ្លា ក្នុងការកែលម្អផ្លូវក្រាលក្រួសក្រហម និងសាងសង់ស្ពានថ្មីនៅពេលនេះ។
ឯកឧត្តមបានបន្ថែមថា៖ តាមរយៈរដ្ឋបាលខេត្តបាត់ដំបង ផ្លូវកែលម្អ ក្នុងនោះ៖ ផ្លូវក្រាលគ្រួសក្រហមប្រវែងជាង១០គីឡូម៉ែត្រ ទទឹង៨ម៉ែត្រ ដោយដាក់លូកាត់ចំនួន១២កន្លែង និងសាងសង់នូវស្ពានបេតុងមួយកន្លែងប្រវែង៦៣ម៉ែត្រ ទទឹង៩ម៉ែត្រចាប់ពីផ្លូវលេខ១៥៩Cដល់ផ្លូវលេខ៥៧Bឆ្លងកាត់ភូមិស្លខ្លាញ់ និងភូមិគោក ឃុំបួរវិល ស្រុកបវេល ។
លោក គឹម ចិន្តា ជាអភិបាលស្ដីទីស្រុកបវេល បានថ្លែងនូវការដឹងគុណចំពោះរាជរដ្ឋាភិបាល ដែលបានផ្តល់នូវសមិទ្ធផលថ្មីទាំងនេះ ដើម្បីបានបំពេញនិងជាការឆ្លើយតបតាមតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានសម្រាប់ជាមធ្យោបាយដឹកជញ្ជូន ជាពិសេសការធ្វើដំណើរមកកាន់ទីប្រជុំជន ។
ឯកឧត្តម សក់ សេដ្ឋា ក៏បានអំពាវនាវដល់អាជ្ញាធរ និងប្រជាពលរដ្ឋត្រូវចូលរួមសហការធ្វើយ៉ាងណាឱ្យការជួសជុលផ្លូវដាក់លូ និងការសាងសង់ស្ពាននៅទីនេះ បានប្រព្រឹត្តទៅដោយរលូន និងបញ្ចប់ដោយជោគជ័យ ដើម្បីជាប្រយោជន៍ជូនដល់បងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរងាយស្រួល និងដឹកជញ្ជូនកសិផលបានទាន់ពេលវេលា និងត្រូវរួមគ្នាថែរក្សាសុខសន្តិភាពឲ្យបានគង់វង់យូរអង្វែង ដើម្បីការអភិវឌ្ឍន៍រីកចម្រើនក្នុងមូលដ្ឋាននិងប្រទេសជាតិយើងទាំងមូល៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )