សេតវិមានថា កិច្ចពិភាក្សារវាងលោក ស៊ី និងលោក ហ្សេលេនស្គី នឹងក្លាយជារឿងល្អ
វ៉ាស៊ីនតោន៖ សេតវិមានបានបញ្ជាក់នៅថ្ងៃទី១៧ ខែមីនានេះថា កិច្ចពិភាក្សារវាងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និងមេដឹកនាំចិន លោក ស៊ី ជីនពីង នឹងក្លាយជា “រឿងល្អ” ប៉ុន្តែបានព្រមានទីក្រុងប៉េកាំង ប្រឆាំងនឹងការទទួលយកទស្សនៈ “ម្ខាង” នៃជម្លោះ។
ពួកយើងគិតថា វានឹងក្លាយជារឿងល្អបំផុតមួយ ប្រសិនបើមេដឹកនាំទាំងពីរធ្វើកិច្ចពិភាក្សាគ្នា។ នេះបើតាមអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ លោក ចន ខើប៊ី ប្រាប់អ្នកយកព័ត៌មាន នៅពេលត្រូវបានសាកសួរអំពីសេចក្តីរាយការណ៍របស់កាសែត Wall Street Journal ដែលថា មេដឹកនាំអ៊ុយក្រែនគ្រោងនឹងធ្វើកិច្ចពិភាក្សាជាមួយលោក ស៊ី ជាលើកដំបូង ចាប់តាំងពីរុស្ស៊ីដែលជាសម្ព័ន្ធមិត្តចិន បានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន។
ប៉ុន្តែលោក ខើប៊ី បានព្រមានប្រឆាំងនឹងការជំរុញរបស់ចិន ឱ្យមានបទឈប់បាញ់នៅអ៊ុយក្រែន ដោយនិយាយថា វានឹងជួយដល់ការឈ្លានពានរបស់រុស្ស៊ី។ យ៉ាងណាមិញ នៅពុំទាន់មានការបញ្ជាក់ពីការហៅទូរស័ព្ទទៅលោក ហ្សេលេនស្គី ដោយលោក ស៊ី ទេ។
លោក ស៊ី ត្រូវបានគេរាយការណ៍ថា កំពុងរៀបចំដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ដែលជាសម្ព័ន្ធមិត្តរបស់គាត់។
ជាមួយគ្នានេះ លោក ខើប៊ី បាននិយាយថា សហរដ្ឋអាមេរិកមិនបានបញ្ជាក់ថា កិច្ចប្រជុំកំពូលរវាងលោក ពូទីន និងលោក ស៊ី នឹងធ្វើឡើងនោះទេ ប៉ុន្តែបានជំរុញទីក្រុងប៉េកាំងឱ្យជៀសវាងការស្វែងរកដំណោះស្រាយ ចំពោះសង្គ្រាមដែលនឹងឆ្លុះបញ្ចាំងតែទស្សនៈរបស់រុស្ស៊ីប៉ុណ្ណោះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា