គ្រូបង្រៀន វេជ្ជបណ្ឌិត និងមន្ត្រីរាជការធ្វើកូដកម្ម នៅអង់គ្លេស
ឡុងដ៍៖ ផ្ទុះកូដកម្ម នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស តវ៉ានឹងការមិនអើពើនឹងប្រាក់ឈ្នួល របស់រាជរដ្ឋាភិបាល ដោយគេដឹងថា អ្នកធ្វើពហិការមិនធ្វើការងារទាំងនោះគឺជាគ្រូបង្រៀន វេជ្ជបណ្ឌិត និងមន្ត្រីរាជការ ជាដើម។
«ការងាររបស់យើងមិនត្រូវបានផ្តល់រង្វាន់ទេ» នេះគឺជាសារដែលក្រុមកូដករ បានបង្ហាញ ខណៈដែលពួកគេធ្វើកូដកម្មដើរដង្ហែរក្នុងទីក្រុងឡុងដ៍ ហើយចោទថា ថវិកាចំណាយរបស់រាជរដ្ឋាភិបាលមិនអើពើនឹងប្រាក់ឈ្នួល។
គ្រូបង្រៀន វេជ្ជបណ្ឌិត និងមន្ត្រីរាជការដែលធ្វើកូដកម្មរាប់ម៉ឺននាក់បានចូលរួមក្នុងការដើរដង្ហែរឆ្លងកាត់ទីក្រុងឡុងដ៍ នៅថ្ងៃតែមួយ ដែលរាជរដ្ឋាភិបាលប្រកាសថវិកាចុងក្រោយរបស់ខ្លួន ដែលក្នុងនោះ មិនមានការផ្តល់ជូនថ្មីលើប្រាក់បៀវត្សរ៍ ក្នុងវិស័យសាធារណៈ ដែលត្រូវបានប្រកាសនោះទេ។
គ្រូបង្រៀនម្នាក់និយាយថា ពួកគេមិនចង់ធ្វើកូដកម្មទេ ប៉ុន្តែថា “ត្រូវតែមានបន្ទាត់មួយត្រូវបានគូសនៅកន្លែងណាមួយ” បន្ទាប់ពីការធ្លាក់ចុះប្រាក់ឈ្នួលជាក់ស្តែងជាច្រើនឆ្នាំ។
បុគ្គលិកផ្នែកសាធារណៈបានចោទប្រកាន់រដ្ឋអំណាចថា បានប្រព្រឹត្តចំពោះពួកគេដោយ “មើលងាយ” ខណៈដែលគ្រូបង្រៀន វេជ្ជបណ្ឌិត និងមន្ត្រីរាជការដែលធ្វើកូដកម្មជាង ៤ម៉ឺន នាក់បានប្រមូលផ្តុំគ្នានៅថ្ងៃប្រកាសពីថវិកានេះ។
កូដកម្មនេះត្រូវបានចូលរួមដោយសមាជិកនៃសមាគមវេជ្ជសាស្ត្រអង់គ្លេស នៅថ្ងៃចុងក្រោយនៃកូដកម្មរបស់វេជ្ជបណ្ឌិតវ័យក្មេង រយៈពេល ៧២ ម៉ោង និងសមាជិកនៃសហភាពសេវាសាធារណៈ និងពាណិជ្ជកម្ម ដែលបានធ្វើបាតុកម្ម កាលពីថ្ងៃពុធ សប្តាហ៍នេះផងដែរ៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

