វិស័យអប់រំកាយ និងកីឡា ជាសមាសភាគមួយ ដ៏សំខាន់ សម្រាប់ពង្រឹងកាយសម្បទា និង សុខភាពអ្នកសិក្សា

អត្ថបទដោយ៖
ជាវ ចន្ធូ

ខេត្តកណ្តាល ៖ ក្នុងឱកាស បិទការប្រកួតកីឡាសិស្សបឋមសិក្សា ជ្រើសរើសជើងឯកថ្នាក់ខេត្ត ឆ្នាំសិក្សា២០២២-២០២៣ កាលពីរសៀល ថ្ងៃទី១៦ ខែមីនា នៅកីឡដ្ឋានខេត្តកណ្តាល លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល បានថ្លែងថា វិស័យអប់រំកាយ និង កីឡា ជាសមាសភាគមួយ ដ៏សំខាន់ សម្រាប់ពង្រឹងកាយសម្បទា និង សុខភាពអ្នកសិក្សា ដែលមិនអាចខ្វះបាន ពិសេសចំពោះក្មួយៗកុមារា កុមារី ដែលកំពុងសិក្សានៅកម្រិតបឋមសិក្សា ព្រោះវាអាចអភិវឌ្ឍ កាយសម្បទា គំនិត ប្រាជ្ញា និងស្មារតីរបស់កុមារយើងឲ្យមានលទ្ធភាពទទួលយកការអប់រំបានល្អ ។

ទន្ទឹមនេះ ការចូលរួមលេងកីឡា គឺជាសកម្មភាពមួយដែលកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ក្រោមប្រធានបទ យុវជនម្នាក់ មានជំនាញ កីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត ។

លោក ជំទាវ បានលើកឡើងថា កីឡា ធ្វើឲ្យក្មួយៗសប្បាយ មានមិត្តច្រើន មានកាយសម្បទារឹងមាំ ឈ្នះអស់ជំងឺទាំងឡាយ ធ្វើឲ្យខួរក្បាលក្មួយៗភ្លឺថ្លា ដូច្នេះត្រូវនាំគ្នាបន្តចូលរួមលេងកីឡា ព្រមទាំងខិតខំរៀនសូត ដើម្បីក្លាយខ្លួនជាសិស្សល្អ មិត្តល្អ កូនល្អ ពិសេសក្លាយជាសិស្សពូកែ ពលរដ្ឋល្អ នាពេលអនាគត ។

លោក ចេង សំអ៊ុល ប្រធានមន្ទីរអប់រំយុវជន និង កីឡា ខេត្តកណ្ដាលបានឲ្យដឹងថា ការប្រកួតកីឡាសិស្សបឋមក្នុងឆ្នាំនេះ ធ្វើឡើង លើ៤ប្រភេទកីឡា មាន បាល់ទាត់ បាល់ទះ បាល់បោះនិង អត្តពលកម្ម មានក្រុមកីឡាករកីឡាការិនីចូលរួម ចំនួន២៧ក្រុម សរុប ចំនួន៣៥២នាក់ ស្រី១៤០នាក់ ប្រកួត រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែមិនាឆ្នាំ២០២៣ ។

សម្រាប់លទ្ធផលក្នុងការប្រកួតនេះ លើប្រភេទកីឡា បាល់បោះទាំងកុមារា និង កុមារី លេខ៣បានទៅសិស្សបឋម ស្រុកគៀនស្វាយ, លេខ២ សិស្សមកពីស្រុកកណ្ដាលស្ទឹង និង លេខ១ ក្រុមសិស្ស ក្រុងតាខ្មៅ ។ ប្រភេទកីឡាបាល់ទះ ផ្នែកកុមារី លេខ៣ សិស្សក្រុងតាខ្មៅ លេខ២បានទៅសិស្សបឋមស្រុកកណ្ដាល ស្ទឹង និង លេខ១ក្រុមសិស្សមកពី ស្រុកអង្គស្នួល ។ ផ្នែកកុមារា លេខ៣ បានទៅសិស្ស ស្រុកកោះធំ លេខ២ សិស្សបឋមស្រុកអង្គស្នួល និង លេខ១សិស្សបឋមស្រុកណ្ដាលស្ទឹង។ចំណែកប្រភេទកីឡាបាល់ទាត់វិញ ផ្នែកកុមារី លេខ២ បានទៅ សិស្សស្រុកកណ្ដាលស្ទឹង និង លេខ១ សិស្សមកពីក្រុងតាខ្មៅ ។ ផ្នែកកុមារា លេខ៣ សិស្សបឋមស្រុកស្អាង លេខ២ សិស្ស មកពីស្រុក ល្វាឯម និងលេខ១ បានទៅសិស្ស មកពីស្រុកខ្សាច់កណ្ដាល ៕ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner