ការលួចចម្លងគំនិតស្នាដៃអ្នកដ៏ទៃ ហើយមិនដាក់ឈ្មោះម្ចាស់ដើម គឺជាអំពើអសិលធម៌បំផុត
ភ្នំពេញ៖ ក្នុងឱកាសនិមន្តធ្វើបឋកថា ពីការសិក្សា និងឱកាសសិក្សាអាហាររូបករណ៍នៅក្រៅប្រទេស ពិសេសលើមុខវិជ្ជានិពន្ធ កាលពីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ដើម្បីចែករំលែកបទពិសោធសិក្សា ដល់សមណនិស្សិត និស្សិត នៃសាកលវិទ្យាល័យព្រះសីហនុរាជ រាជធានីភ្នំពេញ ព្រះតេជគុណ លន់ ឡាយ មានសង្ឃដីកាថា ស្នាដៃអ្នកនិពន្ធម្នាក់ គឺមានតំលៃណាស់ ដែលគេខិតខំចងច្រង បង្កើតគំនិតទស្សនទានរបស់គេមក ដើម្បីសរសេរ ។
ព្រះតេជគុណ លន់ ឡាយ អតីតសមណនិស្សិតនៃសាកលវិទ្យាល័យព្រះសីហនុរាជ និងជាសមណនិស្សិតឆ្នើមបញ្ចប់ថ្នាក់ឧត្តមសិក្សានៅសហរដ្ឋអាមេរិកផ្នែកវិជ្ជានិពន្ធ មានសង្ឃដីកាបន្តថា សិស្ស និស្សិតណាដែលប្រើប្រាស់គំនិត ស្នាដៃអ្នកដទៃ ដែលជាម្ចាស់ដើម ពីឯកសារក្តី ពីបទបង្ហាញក្តី ហើយមិនបានដាក់ឈ្មោះម្ចាស់ដើម ប្រភពសៀវភៅ ត្រង់នេះ គឺត្រូវបានចាត់ទុកថា ជាការលួច ចម្លងអ្នកដ៏ទៃ ហើយនេះគឺជារឿងអសិលធម៌បំផុត ខណៈដែលកំពុងលួចនេះ គឺជាអ្នកដែលបានចូលសាលា។
ជាមួយគ្នានេះ ព្រះតេជគុណ ក៏បានក្រើនរំលឹកដល់ សមណនិស្សិត និស្សិត ទាំងអស់ត្រូវខិតខំសិក្សាស្រាវជ្រាវ ជាប់ជាប្រចាំ ត្រូវរៀនប្រើប្រាស់គំនិត ទៅលើការសិក្សានូវមុខវិជ្ជានីមួយៗ គឺត្រូវសម្រួចនូវមុខវិជ្ជាណាដែលចង់បាន ដាក់គោលដៅថា ចង់យកជំនាញមួយនេះ នោះយើងនឹងទទួលបានជោគជ័ ។
គួរបញ្ជាក់ផងដែរថា នៅក្នុងឱកាសនៃការធ្វើបឋកថានេះដែរ សមណនិស្សិត និស្សិត ដែលបានចូលរួមនេះ គឺត្រូវបានផ្តល់ឱកាសឱ្យមានការចោទសួរ ព្រះតេជគុណ លន់ ឡាយ ដើម្បីទទួលបាននូវពុទ្ធិ គំនិតយោបល់ បទពិសោធន៍ល្អៗ ទៅលើការចាប់យកឱកាសក្នុងការសិក្សាស្រាវជ្រាវ ក៏ដូចជាការបង្ហាញផ្លូវ នៅក្នុងការសិក្សាផងដែរ ៕ អត្ថបទ ង៉ាន់ ទិត្យ រូបភាព រិន រចនា






