ឯកឧត្តម ចៅតុល ៖ សម្តេចតេជោហ៊ុនសែនបាននាំមកនូវសុខសន្តិភាព ដែលធ្វើឱ្យប្រជាជននៅទូទាំងប្រទេសអាចគោរពប្រតិបត្តិជំនឿសាសនារៀងៗខ្លួន
កណ្តាល ៖ ឯកឧត្តម ចៅ តុល អនុប្រធានអចិន្ត្រៃយ៍ក្រុមការងារថ្នាក់ជាតិស្រុកកោះធំ ចុះជួយឃុំព្រែកថ្មី បញ្ជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្តូរផ្តាច់យ៉ាងលំបាកនាំមកនូវសុខសន្តិភាព ដែលធ្វើឱ្យប្រជាជននៅទូទាំងប្រទេសអាចគោរពប្រតិបត្តិជំនឿសាសនារៀងៗខ្លួន ។
ឯកឧត្តម លើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញចុះពិនិត្យវិហារឥស្លាមមួយកន្លែង ស្ថិតនៅភូមិចាមក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ។
ឯកឧត្តម ចៅ តុល បន្តថា ក្រោមម្លប់នៃសុខសន្តិភាពប្រជាជននៅគ្រប់ស្រទាប់វណ្ណៈ គ្រប់និន្នាការនយោបាយ និងគ្រប់សាសនាទាំងអស់ បានរស់នៅក្នុងភាពសុខដុមរមនា ក្នុងនោះប្រជាជនខ្មែរឥស្លាមមានសិទ្ធសេរីភាពស្មើរគ្នា និងទទួលបានការយកចិត្តទុកដាក់ផងដែរ ។
សូមបញ្ជាក់ថា ៖ វិហារឥស្លាមដែលកំពុងសាងសង់មានទីតាំងស្ថិតនៅភូមិចាមក្រោម ឃុំព្រែកថ្មីស្រុកកោះធំ ខេត្តកណ្ដាល មានទំហំ 20×40 កំពស់២ជាន់ ចំណាយថវិកាអស់ប្រមាណជា ៨០ម៉ឺនដុល្លារ ដែលជាថវិកាបដិភាគ ៧០ភាគរយ របស់រាជរដ្ឋាភិបាលម៉ាឡេស៊ី និង ៣០ភាគរយទៀត ជារបស់ក្រុមការងារថ្នាក់ជាតិចុះជួយឃុំព្រែកថ្មី ។
ឯកឧត្តម ចៅ តុល ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលម៉ាឡេស៊ី ដែលបានតែងតែជួយកសាងហេដ្ឋាសេនារចនាសម្ព័ន្ធនានា ក៏ដូចជាវិហារឥស្លាមជាច្រើននៅក្នុងស្រុកកោះធំ និងនៅតាមបណ្ដាខេត្តផ្សេងៗទៀត ។
ក្រុមការងារថ្នាក់ជាតិចុះជួយឃុំព្រែកថ្មី ក៏បានចុះត្រួតពិនិត្យស្លាកគណបក្សចាស់ៗ ដើម្បីធ្វើការផ្លាស់ប្ដូរថ្មី និងចុះត្រួតពិនិត្យផ្លូវក្រាលថ្មភ្នំមួយខ្សែរដែលមានទទឹង ៤ម៉ែត្រ ប្រវែង ៥០០ម៉ែត្រ ដែលជាអំណោយរបស់ឯកឧត្តម កៅ ថាច ប្រធានគណៈពង្រឹងភូមិស្វាយកណ្ដាល និងក្រុមការងារផងដែរ៕ ដោយ / គ្រី សម្បត្តិ





