សម្តេចពិជ័យសេនា៖ សមយុទ្ធនាគមាស ឆ្នាំ២០២៣ ក្រោមប្រធានបទ «ប្រតិបត្តិការការពារសន្តិសុខក្នុងព្រឹត្តិការណ៏ធំៗ និងការជួយសង្គ្រោះមនុស្សធម៌នៃកងទ័ពកម្ពុជា-ចិន»

ភ្នំពេញ៖ សមយុទ្ធនាគមាស ឆ្នាំ២០២៣ ក្រោមប្រធានបទ «ប្រតិបត្តិការការពារសន្តិសុខក្នុងព្រឹត្តិការណ៏ធំៗ និងការជួយសង្គ្រោះមនុស្សធម៌នៃកងទ័ពកម្ពុជា-ចិន» ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលភ្នំជុំសែនរីករាយ ស្ថិតក្នុងភូមិសាស្ត្រ ភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ សមយុទ្ធនាគមាស ឆ្នាំ២០២៣ បានធ្វើឡើងវិញបន្ទាប់ពីខកខាតដោយសារតែការតារត្បាតនៃជំងឺកូវីដ១៩។ សមយុទ្ធនាគមាសរវាងកងទ័ពកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន ធ្វើឡើងដើម្បីរួមគ្នាធ្វើជាធ្លុងមួយ បង្កើតនៅការសាមគ្គីភាព និងការឯកភាពក្នុងពេលប្រតិបត្តិការ។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសសាសន៍ប្រាប់ AMS ថា សមយុទ្ធនាគមាសនេះ គឺតែងតែធ្វើជាបន្តបន្ទាប់ ហើយដោយសារកន្លងមកនេះមានការរាតត្បាតនៃជំងឺកូវីដ បានខកខានមិនបានធ្វើ។ នៅឆ្នាំ២០២៣នេះ ចាប់ផ្តើមធ្វើសមយុទ្ធនាគមាសឡើងវិញ។ គោលដៅសំខាន់ នៃសមយុទ្ធនាគមាសនេះ គឺជាការហ្វឹកហ្វឺនពិសេសមួយដល់កម្លាំងដែលត្រូវបំពេញតាមអ្វីដែលជាមុខសញ្ញាដែលបានកំណត់នៅក្នុងប្រធានបទ វាសំខាន់ណាស់យើងត្រូវរួមគ្នាធ្វើជាធ្លុងមួយ បង្កើតនៅការសាមគ្គីភាព និងបង្កើតការឯកភាពក្នុងពេលប្រតិបត្តិការលើមុខសញ្ញាមួយ គឺត្រូវមានភាពស្ទាត់ជំនាញ និងប៉ិនប្រសព្វ។ នេះគឺគេសមយុទ្ធ ដើម្បីឲ្យទាំងអស់គ្នាចេញទៅអនុវត្តមានប្រសិទ្ធភាពខ្ពស់។

សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍បន្តថា “យើងចាប់ដៃគូជាមួយសាធារណរដ្ឋប្រជាមានិតចិន គឺតាំងពីមុនៗមក ឥឡូវនេះយើងក៏បានជំរុញមានលទ្ធភាពអាចធ្វើបាន ហើយមិនធំដុំប៉ុន្មានដែរទេ គឺល្មមដើម្បីឲ្យយើងមានលទ្ធភាព មានហេតុការណ៍កើតឡើងទៀតដូចដែលប្រធានបទដែលយើងបានប្រុងប្រៀបនេះ គឺវាធ្វើឲ្យយើងមានភាពធ្វើបានប៉ិនប្រសព្វ ហើយស្ទាត់ជំនាញ”។

ប្រមុខការពារជាតិកម្ពុជាបានបញ្ជាក់ថា សមយុទ្ធនាគមាស ឆ្នាំ២០២៣ ប្រធានបទធំជាងគេ គឺបញ្ជាក់ពីការការពារសន្តិសុខនៅរាល់ព្រឹត្តិការណ៍ធំៗ ដែលយើងរៀបចំឡើងដូចជា ព្រឹត្តិការណ៍ស៊ីហ្គេម ឬក៏ព្រឹត្តិការណ៍ផ្សេងៗ ដែលយើងហៅថាព្រឹត្តិការណ៍ធំៗ របស់ប្រទេសជាតិ ដែលហៅថា វិធានការការពារសុវត្ថិភាពឱ្យព្រឹត្តិការណ៍ធំៗ ទទួលបានសុវត្ថិភាព។ មានបញ្ហាគួបផ្សំមួយទៀត គឺបញ្ហាអនុវត្តគោលនយោបាយនៅឆ្នាំ២០២៥ គឺចង់ឲ្យព្រះរាជាណាចក្រកម្ពុជាអត់មានមីន ដូច្នេះក៏មានប្រធានបទមួយដែរ គឺធ្វើសមយុទ្ធដើម្បីរាវមីនដើម្បីរំដោះដីឱ្យបានកាន់តែច្រើន ហើយដើម្បីឱ្យមានឧបករណ៍សម្រាប់រាវមីន គឺភាគីចិននាំមកជាមួយ និងមានការបង្ហាត់បង្រៀន ហើយយើងអាចប្រើប្រាស់ឧបករណ៍ទាំងនោះបានមានប្រសិទ្ធភាពតទៅថ្ងៃខាងមុខទៀត៕
ដោយ៖ពលជ័យ

ads banner