ក្រុមការងារ «អំណានចុងសប្ដាហ៍» ផ្ដល់សៀវភៅ ២០០ក្បាល ដល់សាលាមួយនៅខេត្តកោះកុង

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្រុមការងារអំណានចុងសប្ដាហ៍ ដែលដឹកនាំដោយលោក ធឿន សុធា ម្ចាស់ទំព័រហ្វេសប៊ុក “មនុស្សខ្មៅ” បានរៀបចំផ្ដល់ជូនសៀវភៅចំនួន ២០០ក្បាល ដែលជាស្នាដៃរបស់អ្នកនិពន្ធខ្មែរផ្ទាល់ មិនមែនជាស្នាដៃចម្លងឬប្រែសម្រួលពីបរទេស ផ្ដល់ជូនសាលាចំណេះទូទៅនិងបច្ចេកទេសតេជោសែនកោះកុង សម្រាប់ជាជំនួយការអានបន្ថែមដល់សិស្សានុសិស្ស។

ក្នុងពិធីប្រគល់សៀវភៅកាលពីថ្ងៃទី១៦ ខែមីនា លោក ផូ ប៊ុនធឿន នាយកសាលាចំណេះទូទៅនិងបច្ចេកទេសតេជោសែនកោះកុង មានប្រសាសន៍ថា ខេត្តកោះកុងជាខេត្តមួយដែលនៅឆ្ងាយពីរាជធានីភ្នំពេញហើយកន្លងមក សៀវភៅដែលសិស្សានុសិស្សបានអាន គឺជាសៀវភៅដែលក្រសួងបានផ្ដល់ឱ្យ ដូច្នេះមិនទាន់គ្រប់គ្រាន់សម្រាប់ការសិក្សារបស់សិស្សនោះទេ។ លោកបន្តថា៖«មួយរយៈពេលចុងក្រោយនេះ ដែលយើងមានបច្ចេកវិទ្យា បានបង្កភាពងាយស្រួលដល់ការសិក្សារបស់សិស្ស ប៉ុន្តែសិស្សជាច្រើនមិនមានលទ្ធភាពគ្រប់គ្រាន់ដើម្បីទិញសៀវភៅថ្មីៗមកអានដែរ។ ចំណែកសាលារៀនក៏មិនទាន់មានលទ្ធភាពក្នុងការទិញសៀវភៅដាក់ក្នុងបណ្ណាល័យឱ្យសិស្សានុសិស្សបានអានច្រើនដែរ»។

ពាក់ព័ន្ធនឹងការទទួលបានសៀវភៅពីអ្នកនិពន្ធនេះ លោក ផូ ប៊ុនធឿន មានប្រសាសន៍ប្រកបដោយស្នាមញញឹមថា “ខ្ញុំពិតជារីករាយដែលទទួលបានសៀវភៅសម្រាប់ដាក់ក្នុងបណ្ណាល័យ ដែលធ្វើឱ្យសាលាមានសៀវភៅកាន់តែច្រើនបន្ថែមសម្រាប់អាន»។

លោកសង្កេតឃើញថា មួយរយៈចុងក្រោយនេះសិស្សចូលចិត្តអានច្រើន ពិសេសក្នុងបណ្ណា
ល័យសាលាតែម្ដង ដែលមានសកម្មភាពសិស្សចូលអានច្រើនជាងមុន។ លោកថា៖«ដូច្នេះ ការទទួលបានសៀវភៅនេះធ្វើឱ្យសាលាកាន់តែមានសៀវភៅច្រើនជាងមុន។ ខ្ញុំពិតជាសប្បាយចិត្តមែនទែនដែលទទួលបានសៀវភៅពីអ្នកនិពន្ធបែបនេះ។ ខ្ញុំសូមអរគុណផងដែរ ដែលអាណាព្យាបាលសិស្សបានជួយលើកទឹកចិត្តនិងជំរុញការអានដល់សិស្សានុស្ស និងជួយជ្រោមជ្រែងសាលា»។ លោកបន្ថែមថា៖«ខ្ញុំពិតជាសប្បាយចិត្ត និងអរគុណខ្លាំងណាស់ដែលក្រុមការងារអំណានចុងសប្ដាហ៍បានផ្ដល់សៀវភៅមក ដំបូងខ្ញុំគិតបានតែ ១០០ក្បាលទេ ប៉ុន្តែពេលក្រុមការងារមកផ្ទាល់ បានបន្ថែមសៀវភៅដល់ ១០០ក្បាលបន្ថែម ដូច្នេះសាលាខ្ញុំទទួលបាន ២០០ក្បាល»។

អ្នកនិពន្ធ លី តារា ដែលបានចូលរួមផ្ទាល់ បានបង្ហាញចំណាអារម្មណ៍ថា ការចែកសៀវភៅទៅដល់វិទ្យាល័យដោយផ្ទាល់បែបនេះ គឺជាសកម្មភាពថ្មីសន្លាងតែម្ដងសម្រាប់ខ្លួនផ្ទាល់។ អ្នកនិពន្ធរូបនេះបន្តថា៖« ដំបូងឡើយខ្ញុំគិតថាយើងផ្ដល់ជូនក្រៅផ្លូវការបែបហ្នឹង តើនាយកសាលា លោកគ្រូ អ្នកគ្រូ មានការគាំទ្រដែរឬអត់។ នេះជាការគិតមុនពេលខ្ញុំទៅដល់។ ប៉ុន្តែពេលទៅដល់ ឃើញមានការទទួលស្វាគមន៍ និងមតិយោបល់ពីសំណាក់លោកគ្រូនាយក រួមទាំងលោកគ្រូ អ្នកគ្រូ ហើយចំណុចសំខាន់គឺកូនសិស្ស អ៊ីចឹងធ្វើឱ្យខ្ញុំគិតថាការចែករំលែកបែបហ្នឹងទទួលបានប្រយោជន៍ច្រើន»។

អ្នកនិពន្ធរូបនេះ បានបន្តដោយទឹកមុខញញឹមថា បើយើងរួមគ្នាធ្វើបែបនេះនៅក្នុងស្រុកឱ្យបានច្រើន វាជាប្រយោជន៍ដល់សិស្ស ព្រោះថាសៀវភៅ និងឯកសារថ្មីៗដែលយើងទើបនឹងបោះពុម្ព ជាសៀវភៅដែលត្រូវជាមួយបច្ចុប្បន្នភាពផង និងមិនមែនជាឯកសារដែលចម្លងពីគេផង។

សូមជម្រាបថា កម្មវិធីអំណានចុងសប្ដាហ៍ រៀបចំឡើងក្នុងគោលបំណងផ្ដល់សៀវភៅដែលជាស្នាដៃនិពន្ធថ្មី និងមិនមែនជាសៀវភៅចម្លងពីបទេសសម្រាប់សិស្សានុសិស្សដែលខ្វះខាតលទ្ធភាព និងមានលទ្ធភាពតិចតួចបានសិក្សាឈ្វេងយល់បន្ថែមពីមេរៀនដែលមានស្រាប់។
កម្មវិធីអំណានចុងសប្ដាហ៍នេះ ក៏បានរៀបចំជាស្តង់លក់សៀវភៅបញ្ចុះតម្លៃ១០ ទៅ៤០ភាគ ដល់ទីកន្លែងតាមបណ្ដាខេត្តក្រុងនានាទូទាំងប្រទេសផងដែរ៕
ដោយ៖ហ៊ួន ស៊ីឡូន

ads banner