យុវតីមួយរូបកែច្នៃគ្រាប់អង្ករទៅជាគំនូរ អាចរកចំណូលបានខ្ទង់ពាន់ដុល្លារក្នុងមួយខែ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖សិល្បៈគំនូរ ដែលទូទៅ គេស្គាល់យ៉ាងទូលំទូលាយថាជាសិល្បៈមួយប្រភេទ បង្កើតឡើង ពីការគូរដោយខ្មៅដៃ ឬទឹកថ្នាំ ប៉ុន្តែការវិវឌ្ឍនៃសម័យកាល ការកែច្នៃ ប្រភេទគំនូរ ក៏ចេះតែ កើត ឡើង ជាហូរហែទៅតាមគំនិតច្នៃប្រឌិតរបស់វិចិត្រករនីមួយៗ។
ជាក់ស្តែង គំនូរកែច្នៃថ្មីជាច្រើនដូចជា គំនូរស្រមោល គំនូរខ្សាច់ និងគំនូរប្រេង ជាដើម សុទ្ធតែប្រភេទ គំនូរដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ អ្នកសិល្បៈនិងអ្នកគាំទ្រសិល្បៈ កែច្នៃ ថ្មី។ ជាមួយគ្នានេះដែរ យុវតីមួយរូបមានឈ្មោះថា ព្រំ គឹម អៀង ជាវិចិត្រករម្នាក់ដែលបានបង្កើត គំនូរកែច្នៃថ្មីមួយប្រភេទ ទៀតគឺគំនូរគ្រាប់ អង្ករ។

កញ្ញា ព្រំ គឹម អៀង ដែលផ្តើមពីអ្នកលក់បាយក្រៀប និងមានចិត្តស្រលាញ់ចង់លើក កម្ពស់ អង្ករខ្មែរ បានខិតខំ អត់ធ្មត់ តស៊ូ រៀនដោយខ្លួនឯងអស់រយៈពេលប្រមាណប្រាំឆ្នាំកែប្រែខ្លួន ទៅជាសិល្បៈ ករគំនូរមួយប្លែកថ្មីគឺការការតំរៀបគ្រាប់អង្ករចូលគ្នាទៅជារូបគំនូរផ្សេងៗយ៉ាងស្រស់ស្អាត។

កញ្ញា គឹម អៀង បានឱ្យដឹងពីមូលហេតុនៃការយកគ្រាប់អង្ករមកបង្កើតជាគំនូរថា «ខ្ញុំយល់ ថាវាអាច រួមចំណែកដល់សេដ្ឋកិច្ចផង និងជួយលើកកម្ពស់ដល់ វិស័យអង្ករ ខ្មែរផង ទើបខ្ញុំ សម្រេចចិត្តផ្តើម កែច្នៃរបស់ដែលគេមិនសូវឱ្យតម្លៃមកជារបស់ដែលមាន តម្លៃជាងមុន ហើយភាគច្រើនខ្ញុំយកតែអង្ករ ដែលហួសកាលបរិច្ឆេទ ពិសេសចុង អង្ករមកកែច្នៃឱ្យទៅ ជាគំនូរដែលមានតម្លៃថ្លៃវិញ»។

ចាប់ផ្តើមនៅក្នុងឆ្នាំ ២០១៥ និងលក់បានមួយផ្ទាំងដំបូងនៅក្នុងឆ្នាំ ២០១៧ រហូតមក ទល់ពេល នេះអាជីវកម្មរបស់កញ្ញាបន្តដំណើរការបានរយៈ ៧ឆ្នាំហើយ និងមានសាខាដល់ទៅ ២ទីតាំង គឺទី១ នៅខេត្តសៀមរាប និងទី២ នៅក្រុងភ្នំពេញ។ បច្ចុប្បន្នអាជីវកម្មគំនូរគ្រាប់អង្កររបស់កញ្ញា ដែលមាន ឈ្មោះថា Cambodia Rice Art នេះអាចរកចំណូលបានប្រមាណចន្លោះពី ១៥០០ ទៅ២០០០ ដុល្លារក្នុងមួយខែ។

កញ្ញា គឹម អៀង បានបញ្ជាក់ពីចំណូលនៃអាជីវកម្មខ្លួនថា «បើឱ្យជាក់លាក់មិនជាក់ លាក់ទេ សម្រាប់មួយខែយើងអាចនិយាយបានថា វាអាចបាន ១៥០០ ទៅ២ ពាន់ដុល្លារ នេះបើមិន ទាន់កាត់ចំណាយ តែបើសិនកាត់ចំណាយផ្សេងៗទៅ យើងអាចសល់តិចតួចដែរ ប្រហែលពាក់ កណ្តាល»។

ដ្បិតថាអាចរកចំណូលបានគួរសមតែ កញ្ញា គឹម អៀង បានឱ្យដឹងថាការបង្កើត គំនូរ ប្រភេទនេះមិន ងាយ ស្រួលប៉ុន្មាននោះទេ ព្រោះត្រឹមគំនូរមួយផ្ទាំងតូចមួយ ទំហំ A4 អាចប្រើពេលចន្លោះពី ៣ថ្ងៃ ទៅមួយសប្តាហ៍ឯណោះ ហើយបើសិនជាធ្វើបែបបថ រចនា ទៀតនោះគឺកាន់តែចំណាយពេលយូរ។

ឈរជើងក្នុងទីផ្សារកែច្នៃជិតមួយទសវត្ស កញ្ញា គឹម អៀង បានឱ្យដឹងថា អាជីវកម្ម ដែលមាន ឈ្មោះថា Cambodia Rice Art របស់ខ្លួននៅតែបន្តមានការ ចាប់ អារម្មណ៍ ខ្ពស់ ក៏ប៉ុន្តែចំណែកការ បញ្ជាទិញវិញហាក់នៅមានកម្រិត ពោលគឺសម្បូរតែអតិថិជន ដែលគាត់ចូលចិត្តសិល្បៈច្នៃប្រឌិត ប្លែកៗ និងជនបរទេសដែលគាត់រស់នៅកម្ពុជា។

កញ្ញាបានបញ្ជាក់ថា «សម្រាប់អ្នកគាំទ្រមានចំនួនច្រើន ប៉ុន្តែអ្នកទិញទូទៅ មិនមាន ច្រើនប៉ុន្មានទេ លើកលែងតែមានកម្មវិធីអ្វីមួយទើបគេទិញ និងម្យ៉ាងខ្ញុំយល់ថាដោយ សារវាពុំជារបស់ចាំបាច់ខ្លាំង ហើយបើទិញម្តងគេអាចរក្សាទុកបានយូរ»៕
ដោយ៖ កែវ បុស្បា

ads banner