អតីតប្រធានាធិបតីអាមេរិកអាចនឹងត្រូវចាប់ខ្លួន សប្តាហ៍ក្រោយ

ញូវយ៉ក៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយខ្លួនឯងថា លោកអាចនឹងត្រូវគេចាប់ខ្លួន ប៉ុន្តែលោកអំពាវនាវឲ្យមានការតវ៉ា។

លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីអាមេរិកបានប្រកាសថា លោកអាចនឹងត្រូវគេចាប់ខ្លួននៅថ្ងៃអង្គារសប្តាហ៍ក្រោយនេះ ខណៈដែលរដ្ឋអាជ្ញាអាមេរិកកំពុងពិចារណាលើការចោទប្រកាន់ជាមួយតារាសម្តែងស៉ិចស៉ីមួយរូប។ ប៉ុន្តែលោកសូមអំពាវនាវឲ្យអ្នកគាំទ្រធ្វើការតវ៉ា ចំពោះផែនការនេះ។

ក្នុងបណ្តាញសង្គម ទ្រូស សូសល់ (Truth Social) លោក ត្រាំ បានសរសេរយ៉ាងដូច្នេះថា «ករណីបែកធ្លាយដោយខុសច្បាប់ពីការិយាល័យមេធាវីតំបន់មែនហាធែន (Manhattan) បង្ហាញថា ទោះជាគ្មានឧក្រិដ្ឋកម្មណាមួយអាចបញ្ជាក់បាន ក៏បេក្ខជនឈានមុខគេមកពីគណបក្សសាធារណរដ្ឋ និងជាអតីតប្រធានាធិបតីសហរដ្ឋអាមេរិក នឹងត្រូវចាប់ខ្លួន នៅថ្ងៃអង្គារសប្តាហ៍ក្រោយ»។

លោក ត្រាំ បានបន្ថែមថា «សូមឲ្យមានការតវ៉ា យកប្រទេសរបស់យើងមកវិញ»។ យ៉ាងនេះក្តី លោក ត្រាំមិនបានលើកឡើងពីការជូនដំណឹងជាផ្លូវការណាមួយ ឬផ្តល់ភស្តុតាងនៃការបែកធ្លាយពីការិយាល័យមេធាវីតំបន់នោះដែរ។

គួរបញ្ជាក់ថា អ្នកនាំពាក្យរបស់ការិយាល័យមេធាវីតំបន់មែនហាធែន បានបដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញបញ្ហានេះទេ។

លោក ត្រាំ ដែលកំពុងស្វែងរកសំលេងគាំទ្រ សម្រាប់ការបោះឆ្នោតឆ្នាំ២០២៤ បាននិយាយថាលោកនឹងបន្តធ្វើយុទ្ធនាការឃោសនា ទោះបីជាលោកត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋក៏ដោយ៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner