សម្ដេចតេជោ ហ៊ុន សែន៖ ពិភពលោក ត្រូវប្រុងប្រយ័ត្នអំពីសង្គ្រាមនុយក្លេអ៊ែរ
ភ្នំពេញ៖ពិភពលោកត្រូវប្រុងប្រយ័ត្នអំពីសង្គ្រាមនុយក្លេអ៊ែរ បន្ទាប់ពី ICC បាន ចេញ ដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ា ឌីមៀ ពូទីន ដែលទីក្រុង មូស្គូបានបដិសេធថាជាការចោទប្រកាន់មួយដែលមិនអាចទទួលយកបានជាដាច់ខាត។ ការ ចោទប្រកាន់របស់ ICC លើលោកប្រធានាធិបតីពូទីននេះ គឺជាការវិវត្តផ្នែកនយោបាយមួយគួរឱ្យភ្ញាក់ផ្អើល ដោយ មានផលប៉ះពាល់ ទៅ លើភូមិសាស្ត្រនយោបាយយ៉ាងទូលំទូលាយនៅក្នុងទ្វីបអឺរ៉ុប និង ពិភពលោក ហើយរឿងនេះ មិនមែនជារឿងឧក្រិដ្ឋកម្មសង្គ្រាមនោះទេ។នេះគឺជាសារនយោបាយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជាដែលបានបង្ហោះលើបណ្តាញសង្គមតេឡេក្រាមកាលពីព្រឹកថ្ងៃទី១៩ខែមីនាឆ្នាំ២០២៣។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “ដីកានេះក៏នឹងធ្វើឱ្យមាន ភាព ស្មុគ ស្មាញដល់ដំណើរការស្វែងរកសន្តិ ភាពក្នុងសង្គ្រាមអ៊ុយក្រែន ពិសេសមុន ពេលលោកប្រធានាធិបតី ស៊ី ជីនភីង (Xi Jinping) នឹងបំពេញទស្សនកិច្ច នៅទីក្រុងមូស្គូ ដែលត្រូវបានគេរំពឹងថាលោកនឹងធ្វើការសម្រុះ សម្រួលដើម្បី សន្តិភាព។ ប្រទេសចិនខ្លួនឯងក៏ត្រូវបានគេចោទ ប្រកាន់ពីបទប្រល័យ ពូជសាសន៍នៅស៊ីនជាំង។ តើលោក ពូទីន អាចធ្វើការចរចាសន្តិភាពបាន ដោយរបៀបណានៅ ពេលដែលភាគីម្ខាងទៀតគំរាមចាប់ខ្លួនគាត់?”។
សម្ដេចបន្តថា បច្ចុប្បន្ននេះ មានប្រទេសចំនួន ១២៣ ជាសមាជិកនៃ ICC ខណៈ ដែលប្រទេសធំៗដូចជា អាមេរិក រុស្ស៊ី ឥណ្ឌា និង ចិនមិនបានចូលជា សមាជិកទេ។ ឯលោកប្រធានាធិបតី ឌុយទែតេ(Duterte) បានដក សមាជិក ភាព របស់ហ្វីលីពីនចេញពី ICC ក្នុងឆ្នាំ២០១៩ – ICC មិន មានអំណាចក្នុងការចាប់ខ្លួនជនសង្ស័យណាមួយដោយគ្មានកិច្ចសហការពីរដ្ឋាភិបាល របស់សាមីប្រទេសបានទេ។ ក៏ប៉ុន្តែ ដីកាចាប់ខ្លួនរបស់ ICC នេះនឹង ធ្វើឱ្យពិភពលោកកាន់តែបែកបាក់ នៅពេលដែល ពិភពលោកត្រូវ ធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាសកលរួម ដូចជាការប្រែប្រួល អាកាស ធាតុ និងជំងឺឆ្លង។ ផ្ទុយទៅ វិញ ដីកាចាប់ខ្លួនរបស់ ICC នេះ វាអាចនឹងធ្វើឱ្យ ផ្ទុះសង្គ្រាមនុយក្លេអ៊ែរ។
សម្ដេចបញ្ជាក់ថា”ខ្ញុំមិនដែលជឿថាសង្គ្រាមនុយក្លេអ៊ែរនឹងកើតឡើង បើ ទោះបី ជាមានការគំរាមកំហែងប្រើអាវុធនុយក្លេអ៊ែរក៏ដោយ។ ខ្ញុំក៏បានលើក ទឹកចិត្តភាគីទាំងអស់ឱ្យមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់អាវុធនុយក្លេអ៊ែរ និងកាត់បន្ថយការ និយាយអំពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ ប៉ុន្តែ ឥឡូវនេះមានប្រតិកម្មហួសជ្រុលពីសំណាក់ភាគីម្ខាងទៀត ក្នុង ទម្រង់ជា ដីកាចាប់ខ្លួនប្រធានាធិបតី ពូទីន ដែលជាមនុស្សតែម្នាក់គត់មានសិទ្ធិបញ្ញា ក្នុងការបាញ់អាវុធនុយក្លេអ៊ែរ និងជាមេដឹកនាំប្រទេសមហាអំណាចនុយ ក្លេអ៊ែរ ដែលមានអាវុធនុយក្លេអ៊ែររាប់ពាន់គ្រាប់។ តើលោក ពូទីនសុខចិត្ត ឲ្យគេចាប់ខ្លួនដោយមិនបានតទល់ឬយ៉ាងណា? ប្រសិនបើលោក ពូទីន ត្រូវបានគេចាប់ខ្លួននៅក្រៅប្រទេស តើអ្នក ទទួលខុសត្រូវនៅក្នុងប្រទេស សុខចិត្ត ឱ្យ គេចាប់ប្រធានាធិបតីរបស់ខ្លួនឬទេ? ចំណុចនេះហើយគឺជា ចំណុចដែលឥឡូវ នេះសង្គ្រាមនុយក្លេអ៊ែរស្ទើរតែក្លាយ ទៅជាការពិត ទៅហើយ។ ការគំរាមកំហែងណាមួយទៅលើ ពូទីន ច្បាស់ណាស់ ថាសង្គ្រាមនុយក្លេអ៊ែរនឹងផ្ទុះ ហើយនឹងចាប់ផ្តើមនៅក្នុងតំបន់អឺរ៉ុបតែម្តង ហើយអ្នកដែលគ្រោះថ្នាក់ប្រហែលជារាប់ ទាំងទីស្នាក់ការរបស់ ICC ក៏មិនដឹង ព្រោះប្រតិបត្តិការនុយក្លេអ៊ែរមិនមែនត្រឹម២០-៣០គីឡូ ម៉ែត្រនោះទេគឺច្រើន រហូតដល់រាប់ពាន់គីឡូម៉ែត្រ៕
ដោយ៖ វណ្ណលុក