ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ក្រុមជ្រុលនិយមមួយចំនួនញុះញង់អុចអាលតាមគ្រប់រូបភាបង្កអស្ថិរភាព និងបរិយាកាសវឹកវរច្របូកច្របល់ ដែលអាចនឹងនាំប្រទេសជាតិធ្លាក់ទៅក្នុងភ្នក់ភ្លើងសង្គ្រាមសាជាថ្មី

ភ្នំពេញ៖ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្រុមជ្រុលនិយមមួយចំនួនដែលតែងតែភូតភរកុហកបោកប្រាស់ និងញុះញង់អុចអាលតាមគ្រប់រូបភាព សំដៅធ្វើយ៉ាងណាបង្កអស្ថិរភាព និងបរិយាកាសវឹកវរច្របូកច្របល់ ដែលអាចនឹងនាំប្រទេសជាតិធ្លាក់ទៅក្នុងភ្នក់ភ្លើងសង្គ្រាមសាជាថ្មី ដើម្បីតែបម្រើផលប្រយោជន៍ និងមហិច្ឆិតានយោបាយរបស់បុគ្គល និងបក្ខពួកខ្លួន ដោយពុំគិតសោះឡើយអំពីភាពសុខសាន្តរបស់ជាតិ និងប្រជាជន។

ការបញ្ជាកនេះ បានធ្វើឡើងក្នុងពិធីសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរី ហៅវត្តជៀស ស្ថិតក្នុងឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា “គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ជាប្រមុខ រួមជាមួយនឹងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងសមាជិក-សមាជិកាទូទាំងប្រទេស បានខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋឥតស្រាកស្រាន្តក្នុងបំណងប្រាថ្នាដើម្បីឱ្យប្រជាពលរដ្ឋមានជីវភាពធូរធារចម្រុងចម្រើន រួមជាមួយនឹងសិទ្ធសេរីភាព និងឱកាសពេញលេញ ក្រោមម្លប់នៃសុខសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងសុភមង្គល”។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា សកម្មភាពប្រកបដោយការប្តេជ្ញាចិត្តទាំងនេះ គឺជាសច្ចធម៌ដែលអាចត្រូវបានឆ្លុះបញ្ចាំងយ៉ាងច្បាស់តាមរយៈសមិទ្ធផលពិតជាក់ស្តែងជាច្រើននៅទូទាំងប្រទេស និងការទទួលបានជំនឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានក្នុងរយៈកាលជាច្រើនឆ្នំាកន្លងមកនេះ។ ដូច្នេះ សូមមន្ត្រីគណបក្សគ្រប់ជាន់ថ្នាក់ គប្បីរួមគ្នាការពារស្នាដៃ សមិទ្ធផល និងកិត្យានុភាពរបស់គណបក្ស ក៏ដូចជាសុច្ចរិតភាព និងភាពស្មោះត្រង់របស់ថ្នាក់ដឹកនាំគណបក្ស ចំពោះការការចោទប្រកាន់ដោយគ្មានមូលដ្ឋានពីសំណាក់ក្រុមជ្រុលនិយមមួយចំនួនដែលតែងតែភូតភរកុហកបោកប្រាស់ និងញុះញង់អុចអាលតាមគ្រប់រូបភាព សំដៅធ្វើយ៉ាងណាបង្កអស្ថិរភាព និងបរិយាកាសវឹកវរច្របូកច្របល់ ដែលអាចនឹងនាំប្រទេសជាតិធ្លាក់ទៅក្នុងភ្នក់ភ្លើងសង្គ្រាមសាជាថ្មី ដើម្បីតែបម្រើផលប្រយោជន៍ និងមហិច្ឆិតានយោបាយរបស់បុគ្គល និងបក្ខពួកខ្លួន ដោយពុំគិតសោះឡើយអំពីភាពសុខសាន្តរបស់ជាតិ និងប្រជាជន។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា ការជួបជុំគ្នាក្នុងបរិយាកាសសប្បាយរីករាយនាថ្ងៃនេះ ខុសពីស្ថានភាពក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ដែលក្នុងកាលៈទេសៈនោះ ប្រទេសកម្ពុជាយើងកំពុងតែវឹកវរជ្រួលច្របល់ និងរងគ្រោះដោយជម្លោះបែកបាក់ ដែលនាំឱ្យមានការកាប់សម្លាប់ប្រជាពលរដ្ឋ និងការបំផ្លិចបំផ្លាញរាល់សមិទ្ធផលសង្គម រួមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា ក៏ដូចជាការធ្វើទុក្ខបុកម្និញបិទសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋពីការគោរពប្រតិបត្តិជំនឿសាសនា។ ក្នុងន័យនេះ សូមអ៊ំពូមីងបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាសុខសន្តិភាព តាមរយៈ៖ ទី១.ការជួយទប់ស្កាត់ការវិលត្រលប់មកវិញនូវសង្គ្រាម និងជម្លោះបែកបាក់គ្រប់រូបភាព ទី២.ការជួយថែរក្សាការពារសមិទ្ធផលដែលបានកើតមានទ្បើងក្នុងរយៈកាលជាង៤០ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងទី៣.ការបន្តចូលរួមកសាងនូវសមិទ្ធផលវិជ្ជមាននានាបន្ថែមទៀត ដើម្បីជាគុណប្រយោជន៍ជូនជាតិ និងទុកជាកេរដំណែលសម្រាប់ជំនាន់ក្រោយៗទៀត៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ាណែត

ads banner