គណៈប្រតិភូ គ.ជ.ប និងក្រសួងមហាផ្ទៃ បានវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញ បន្ទាប់ពីបានធ្វើដំណើរទស្សនកិច្ចផ្លូវការ នៅប្រទេស បារាំង

ភ្នំពេញ ៖ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ គណៈប្រតិភូជាន់ខ្ពស់កម្ពុជាដែលដឹកនាំដោយ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) និងមន្រ្តីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ ទទួលបន្ទុកកិច្ចការបោះឆ្នោត បានវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញដោយសុវត្ថិភាព បន្ទាប់ពីបានធ្វើដំណើរទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋបារាំង ដើម្បីសិក្សាស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍ ពាក់ព័ន្ធនឹងការរៀបចំការបោះឆ្នោតនៅប្រទេសបារាំង រយៈពេល ១សប្តាហ៍ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ ។

ជុំវិញដំណើរបំពេញទស្សនកិច្ចនេះ ឯកឧត្តមទេព នីថា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញនូវលទ្ធផលសំខាន់ៗដែលប្រធាន គ.ជ.ប បានសម្រេចបាននៅក្នុងដំណើរទស្សនកិច្ចនៅប្រទេសបារាំងនេះ ។ នៅថ្ងៃចុងក្រោយ ឯកឧត្តមប្រធាន និងគណៈប្រតិភូបានជួបជាមួយលោកស្រី Mathilde TERUYA នាយិការរងនៃអនុនាយកដ្ឋានអាស៉ីអាគ្នេយ៍ នៃក្រសួងការបទេសបារាំង ហើយគាត់បានលើកសសើរអំពីស្ថានភាពល្អនៃសេដ្ឋកិច្ចកម្ពុជា ហើយបារាំងចង់ឃើញកម្ពុជា រៀបចំការបោះឆ្នោតឱ្យបានដូចការកំណត់នៃច្បាប់ ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងពហុបក្ស ។

ឯកឧត្តមប្រាជ្ញ ចន្ទ បានថ្លែងអំណរគុណជូនលោកស្រី Mathilde TERUYA និងបានជម្រាបថា ក្នុងដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ ប្រទេសកម្ពុជា បានរៀបចំដំណើរការបោះឆ្នោតបានយ៉ាងល្អ ដោយមានគណបក្សនយោបាយចំនួន១៧ បានចូលរួមប្រកួតប្រជែង ក្នុងចំណោមនោះមានគណបក្សនយោបាយចំនួន៩ បានជាប់ឆ្នោតនៅក្នុងក្រុមប្រឹក្សាឃុំ សង្កាត់ ។

ឯកឧត្តម ប្រាជ្ញ ចន្ទ ក៏បានអញ្ជើញភាគីបារាំង ចូលរួមសង្កេតការណ៍ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ។

ដំណើរទស្សនកិច្ចរបស់ប្រធាន គ.ជ.ប និងមន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃកម្ពុជា ទៅប្រទេសបារាំង បានធ្វើឡើងយោងតាមកំណត់ទូតនស្ថានទូតបារាំង ចុះថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ លោកស្រី អាត់ សូហ្វី នាយិកា នៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ផ្នែកសន្តិសុខ នៃក្រសួងមហាផ្ទៃ និងដែនដីឯនាយសមុទ្របារាំង។

ទស្សនកិច្ចនេះ ធ្វើឡើងបន្ទាប់ពីជំនួបរវាង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក Jacques PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលភាគីបារាំងបានលើកឡើងពីគោលបំណងផ្តល់ការគាំទ្រដល់កិច្ចការពាក់ព័ន្ធនឹងការងារបោះឆ្នោតនៅកម្ពុជា តាមរយៈការរៀបចំដំណើរទស្សនកិច្ចផ្លាស់ប្ដូរបទពិសោធន៍ការងារ នៅសាធារណរដ្ឋបារាំង ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner