អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) សន្សាបន្តកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជាលើការងារសន្តិសុខស្បៀង

ភ្នំពេញ ៖ នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ កាលពីព្រឹកថ្ងៃទី២០ ខែមិនា ឆ្នាំ២០២៣ នាទីស្តីការគណៈរដ្ឋមន្ត្រី, លោក គីម យ៉ុងជីន (Kim Jong Jin) ជំនួយការអគ្គនាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) បានកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ជាសេនាធិការ បានអនុវត្តយ៉ាងល្អលើការងារសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដោយបានសហការយ៉ាងជិតស្និទ្ឋិជាមួយដៃគូអភិវឌ្ឍនានា ក្នុងនោះរួមមានទាំងអង្គការ FAO ផងដែរ។ ហើយ គោលបំណងនៃដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជានៅពេលនេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងអង្គការ (FAO) ជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីលើកការងារសន្តិសុខស្បៀង និងអាហារូបត្ថម្ភ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី មានប្រសាសន៍ថា កម្ពុជាទទួលបានជោគជ័យក្នុងការលើកកម្ពស់សន្តិសុខស្បៀង និងអាហារូបត្ថម្ភ ទោះស្ថិតក្នុងវិបត្តិនៃការរាតត្បាលជម្ងឺកូវីដ១៩។ សមិទ្ធិផលទាំងនេះ គឺមិនអាចកាត់ផ្តាច់បានពីការជួយជ្រោមជ្រែងពីអង្គការអន្តរជាតិ និងដៃគូអភិវឌ្ឍន៍នានា រួមទាំងអង្គការ FAO ផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានអបអរសារទរចំពោះអង្គការ FAO ដែលមានការិយាល័យតំណាងនៅក្នុងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលធ្វើឲ្យកិច្ចសហការរវាង អង្គការ FAO ជាមួយរាជរដ្ឋាភិបាលលើវិស័យកសិកម្ម កាន់តែមានភាពងាយស្រួល និងប្រសិទ្ធភាពខ្ពស់ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្តថា ឆ្នាំនេះ កម្ពុជាបាននាំចេញស្រូវជាច្រើនតោន រួមទាំងផលិតផលកសិកម្មជាច្រើនមុខទៀត ក្នុងនោះក៏មានទាំងផលិតផលភូមិ១ផលិតផល១ផងដែរ។ ដោយឡែក គ្រប់ស្វាយចន្ទី, កម្ពុជា ចំណាត់ថា្នក់ លេខ១លើពិភពលោក ទាំងគុណភាព និងបរិមាណ ហើយយើងក៏បានធ្វើការកែច្នៃ វេចខ្ចប់មុននឹងធ្វើការនាំចេញទៅទីផ្សារក្រៅប្រទេស ដែលអាចផ្តល់នូវតម្លៃបន្ថែមយ៉ាងច្រើនផងដែរសម្រាប់ប្រជាកសិករ និងសិប្បករខ្មែរ ស្របតាមអនុសាសន៏ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការជម្រុញការកែច្នៃផលិតផលក្នុងស្រុកសម្រាប់ការនាំចេញ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអរគុណអង្គការ FAO ដែលបានជួយក្រុមការងារបច្ចេកទេសសន្តិសុខស្បៀង និងអាហារូបត្ថម្ភ និងជួយកម្ពុជាចូលជាសមាជិកទី៥៣ នៃចលនាបង្កើនអាហារូបត្ថម្ភ (Sun Movement) ក្នុងការលប់បំបាត់បញ្ហាកង្វះអាហារូបត្ថម្ភគ្រប់ទម្រង់របស់កុមារ រួមនឹងបន្តជួយដល់ក្រុមការងារបច្ចេកទេសចម្រុះលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានស្នើសុំអង្គការ FAO បន្តជួយដល់ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទបន្តទៀត ពិសេសការរៀបចំ និងអនុវត្តយុទ្ឋសាស្ត្រជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ២០២៤-២០២៨, ប្រព័ន្ធស្បៀង រួមទាំងទឹកស្អាត និងអនាម័យផងដែរ ព្រោះវិស័យទាំងពីរនេះ គឺជាយន្តការដ៏សំខាន់ក្នុងការលុបបំបាត់កង្វះអាហារូបត្ថម្ភគ្រប់ទម្រង់។ បច្ចុប្បន្ននេះ ប្រជាជនកម្ពុជាប្រមាណ ៨០% នៅតាមទីជនបទ មានទឹកស្អាត និងបង្គន់អនាម័យប្រើប្រាស់ ហើយយើងនឹងបន្តខិតខំធ្វើយ៉ាងណាឲ្យបាន១០០% នៅឆ្នាំ២០២៥ តាមផែនការកំណត់៕

ប្រភព ៖ ទីស្តីការគណៈរដ្ឋមន្ត្រី

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner