ភ្ញៀវទេសចរ មកទស្សនាថ្ងៃរៈចំកំពូលប្រាសាទអង្គរវត្តជាងប្រាំបីពាន់នាក់

អត្ថបទដោយ៖
CPA

ភ្នំពេញ៖មន្រ្តីជាន់ខ្ពស់នៃ​មន្ទីរ​ទេសចរណ៍ខេត្តសៀមរាប បាន​ឱ្យដឹងថា ​ភ្ញៀវទេសចរជាតិ អន្តរជាតិមកចូលរួមទស្សនាថ្ងៃរះនៅប្រាសាទអង្គរវត្តនាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣មានចំនួនប្រ​មាណជាង៨.៧០០នាក់ ក្នុងនោះភ្ញៀវទេសចរបរទេសមានរហូតដល់ ២ ២២៦ នាក់។​ ក្នុងរបាយការណ៍របស់លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាបគោរពជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីកម្ពុជាបានសរសេរថា ចំនួនភ្ញៀវទេសចរ និង​ប្រជាពលរដ្ឋ ​បាន​មក​ទស្សនាថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត

ស្របពេលដែលកម្ពុជាប្រារព្ធព្រះរាជពិធី ប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា អាស៊ីអាគ្នេយ៍លើកទី៣២ និងកីទ្បាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ មានរហូត​ ចំនួនប្រមាណ ៨ ៧២៦ នាក់។

លោកបាន​បន្តថា ៖ «ក្នុងនោះភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត មានចំនួនប្រមាណ ៦ ៥០០ នាក់  និង ភ្ញៀ​វទេសចរបរទេស មានចំនួនប្រមាណ ២ ២២៦ នាក់»។ ​ លោក ធួន ស៊ីណា​ន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក បានសម្តែងការត្រេកអរនៃការកើនឡើង​ភ្ញៀវទេសចរជា​តិ និងអន្តរជាតិដែលបានទៅទស្សនាព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទ​អង្គរវត្ត​នាពេលនេះ ដោយលោក​ថា ចំនួនភ្ញៀវទេសចរទៅកម្សាន្ត

និងនៅក្នុងព្រឹត្តិការណ៍នេះ ជាសញ្ញាល្អ​សម្រាប់វិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាបវិលឡើងវិ​ញ។

លោក ធួន ស៊ីណាន រំពឹងថា នៅក្រោយព្រឹត្តិការណ៍ព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្តនឹងមានភ្ញៀវ​មកលេងកម្សាន្តកាន់តែច្រើនថែមទៀត ។ 

បើតាមក្រសួងទេសចរណ៍ «បាតុភូតធម្មជាតិព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត» ឬ EQUINOX​បានកើតឡើងចន្លោះថ្ងៃទី២០ ឬ២១ ឬ២២ ឬ២៣ ខែមីនា ឆ្នាំ២០២៣ ហើយដែលជាទស្សនីយភាពពិសេស​មួយសម្រាប់ភ្ញៀវទេសចរផងដែរ។ ក្រសួងបន្តថា បាតុភូតព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត (EQUINOX) កើតឡើងជារៀងរាល់​ឆ្នាំ​ចំនួន២លើក នៅខែមីនាម្ដង

និងខែកញ្ញាម្ដងទៀត។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះស្តែងឲ្យឃើញពីអច្ឆរិយភាពនៃប្រាសាទអង្គរវត្ត ដែលបុព្វបុរសខ្មែរបានកសាង​ឡើងដោយមានការគិតគូរអំពីស្ថាបត្យកម្ម និងការផ្សារភ្ជាប់ជាមួយនឹងធម្មជាតិរវាងផែនដី និងព្រះអាទិត្យ​យ៉ាងច្បាស់លាស់គួរស្ញប់ស្ញែងជាទីបំផុត។

ក្រសួងទេសចរណ៍បានបញ្ជាក់ថា នៅឆ្នាំ២០២៣ បាតុភូតព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត អាចនឹងកើតឡើងនៅចន្លោះថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមីនា ចាប់ពីម៉ោង៥:៣០ព្រឹក ដល់ម៉ោង៧:០០​​​ព្រឹក ដែលជារៀងរាល់ឆ្នាំតែងមានភ្ញៀវទេសចរជាតិ-អន្តរជាតិរាប់ម៉ឺននាក់បានចូលរួមទស្សនា និងផ្តិតយករូបភាពព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។

ទន្ទឹមនឹងនេះដែរ ក្រសួងទេសចរណ៍ ក៏​បានអំពាវនាវដល់គ្រប់សមាគមទេសចរណ៍ ស្ថាប័នពាក់ព័ន្ធ អ្នកសារព័ត៌មាន ភ្ញៀវ​ទេ​សចរ​​ជាតិ-អន្តរជាតិ និងសាធារណជនទូទៅចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ដៃគូពាក់ព័ន្ធ និងទៅទស្សនា ផ្តិត​យករូបភាពព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ដែលជាផ្នែកមួយនៃយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» ក្រោមពាក្យស្លោក «គ្រប់ថ្ងៃគឺជាអច្ឆរិយភាព»។ យោងតាមអាជ្ញាធរជាតិអប្សរា លោក អ៊ឹម សុខរិទ្ធី បុរាណវិទូនិងជាប្រធាននាយកដ្ឋាន អភិរក្សប្រាសាទក្នុង​ឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការបានពន្យល់ថា បាតុភូតព្រះអាទិត្យរះ​ចំកណ្តាលកំពូលប្រាសាទអង្គរវត្ត (EQUINOX) ឬសមរាត្រី ជាពេលវេលារវាងពេលថ្ងៃ និងពេលយប់ ឲ្យមានរយៈពេលស្មើគ្នា ដោយខុសពីខែធម្មតាខ្លះរយៈ​ពេលយប់វែងជាងពេលថ្ងៃ

ឬក៏រយៈពេលថ្ងៃ វែងជាងយប់នោះ គឺជាព្រឹត្តិការណ៍ទូទៅរបស់ផែនដីដែលតែងតែកើតមាននៅក្នុងពិភពលោក។

លោកបានបន្តថា ​ប៉ុន្តែសម្រាប់ប្រាសាទអង្គរវត្ត ដែលមានព្រឹត្តិការណ៍សមរាត្រីកើតឡើងនេះ មិនមែនជារឿងចៃដន្យទេ វា​ជាលក្ខណៈពិសេស របស់បុព្វបុរសខ្មែរ ដែលរៀបចំស្ថាបត្យកម្ម ប្លង់របស់ ប្រាសាទទុកមុនជាស្រេច ដោយបំណងតម្រូវតាមបាតុភូតធម្មជាតិឲ្យប្រាសាទ អង្គរវត្តបង្កើតជាព្រឹត្តិការណ៍ថ្ងៃរះចំ​កំពូល​កណ្ដាលនៃប្រាសាទអង្គរវត្តនេះឡើង៕

ដោយ៖យុទ្ធ វីរៈ

ads banner