ក្រសួងមុខងារសាធារណៈ បង្ហាញសមិទ្ធផលធំៗចំនួនប្រាំ

ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈ ប្រារព្ធបើកសន្និបាតបូកសរុបសមទ្ធិផលការងារ៥ឆ្នាំ (២០១៨-២០២២ ) និងលើកទិសដៅការងារបន្ត ។ សន្និបាតនេះ ធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដែលនឹងប្រព្រឹត្តទៅ រយៈពេលមួយថ្ងៃកន្លះ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែមិនា ឆ្នាំ២០២៣ នៅសាលាភូមិន្ទរដ្ឋបាលរាជធានីភ្នំពេញ។

ក្នុងឱកាសនេះ ឯកឧត្តម រដ្ឋមន្រ្តី ព្រុំ សុខា បានគូសបញ្ជាក់ថា ក្នុងរយៈពេល៥ឆ្នាំកន្លងទៅ ជាមួយបេសកកម្ម និងភារកិច្ចទទួលខុសត្រូវដ៏ធ្ងន់ធ្ងរប្រកបដោយកិត្តិយសរបស់ខ្លួន ដែលជានិច្ចកាលស្ថិតក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ និងដោយផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងមុខងារសាធារណៈ ខិតខំពុះពារសម្រេចបាននូវសមិទ្ធផលសំខាន់ៗ ប្រាំចំណុចក្នុងនោះរួមមាន ៖
ទី១. ការគ្រប់គ្រងវិស័យមុខងារសាធារណៈ ត្រូវបានកែលម្អជាលំដាប់ តាមរយៈការត្រួតពិនិត្យចំណុចដែលនៅសេសសល់ក្នុងនីតិវិធីនៃការអនុវត្តច្បាប់និងលិខិតបទដ្ឋាននានាកន្លងមក ។ទី២. ការកែសម្រួលរចនាសម្ព័ន្ធ និងការកំណត់ឡើងវិញមុខងាររបស់អង្គភាព និងស្ថាប័ននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីសម្រួលសង្គតិភាពសកម្មភាព និងប្រសិទ្ធភាពការងារ។ទី៣. ការប្រើប្រាស់បច្ចេកវិទ្យាទំនើបឌីជីថលតាមរយៈម៉ាស៊ីនហាតវែរថ្មី សម្រាប់អភិវឌ្ឍប្រព័ន្ធគ្រប់គ្រងមន្រ្តីរាជការតាមព័ត៌មានវិទ្យា (HRMIS) បានលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងទិន្នន័យមន្រ្តីរាជការ ការបើកប្រាក់បៀវត្ស ការរៀបចំឡើងវិញនូវប្រព័ន្ធគ្រប់គ្រងសលាកបត្រព័ត៌មាន ការចូលនិវត្តន៍របស់មន្រ្តីរាជការ ការគ្រប់គ្រងមន្ត្រីជាប់កិច្ចសន្យា គ្រូបង្រៀនជាប់កិច្ចសន្យា និងប្រភេទបុគ្គលិកអណ្តែតដទៃទៀត។ ទន្ទឹមនោះ យើងក៏បានអភិវឌ្ឍប្រព័ន្ធនេះសម្រាប់គោលដៅផ្សេងទៀត រួមមាន៖ ការរៀបចំអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការប្រភេទថ្មី ជាទម្រង់ស្មាតកាត (Smart Card) និងបានដាក់ឱ្យដំណើរការកម្មវិធីផ្សេងទៀតដែលអាចឱ្យមន្រ្តីរាជការប្រើប្រាស់ជាមធ្យោបាយសម្រាប់ការពិនិត្យផ្ទៀងផ្ទាត់ព័ត៌មានផ្ទាល់ខ្លួន ដូចជា កម្មវិធី Mobile App (MCS Mobile) ជាដើម។ល។


ទី៤. ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ ប្រាក់បៀវត្ស និងប្រាក់ឧបត្ថម្ភផ្សេងៗរបស់មន្រ្តីរាជការស៊ីវិល មន្រ្តីជាប់កិច្ចសន្យា មន្រ្តីក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្រ្តីភូមិ ត្រូវបានបើកផ្តល់ជាទៀងទាត់ ទោះបីមិនត្រូវបានដំឡើង ប៉ុន្តែប្រាក់បៀវត្ស និងប្រាក់ឧបត្ថម្ភមិនត្រូវបានកាត់បន្ថយឡើយនិងទី៥. ការកសាង និងអភិវឌ្ឍន៍សមត្ថភាពមន្រ្តីរាជការ និងសមត្ថភាពស្ថាប័ន នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមរយៈការបើកវគ្គបណ្តុះបណ្តាល សិក្ខាសាលា កិច្ចប្រជុំផ្សេងៗក្នុងប្រទេស និងការបញ្ជូនមន្រ្តីរាជការទៅទទួលការបណ្តុះបណ្តាលនៅក្រៅប្រទេសត្រូវបានធ្វើឡើងជាប្រចាំឥតមានអាក់ខាន ពិសេសក្នុងអំឡុងពេលដែលមានការរាតត្បាតខ្លាំងនៃជំងឺកូវីដ-១៩ យើងបានពុះពាររៀបចំវគ្គសិក្សា និងកិច្ចប្រជុំនានា តាមប្រព័ន្ធអនឡាញ ផងដែរ៕
អត្ថបទ ង៉ាន់ ទិត្យ រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner