លោក យឹម ស៊ីណន និងហ៊ុន កុសល ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងបញ្ជូនទៅតុលាការនៅថ្ងៃស្អែក
ភ្នំពេញ៖ លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយរង់ចាំការបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមីនាស្អែកនេះ ការប្រមាថមើលងាយអង្គព្រះមហាក្សត្រ។
លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់ AMS ថា លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ត្រូវបានឃាត់ខ្លួន និងនាំយកមកសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហើយនៅថ្ងៃស្អែកនឹងត្រូវបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់។
សូមជម្រាបថា សមត្ថកិច្ចបានឃាត់ខ្លួនលោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ដែលបានបង្ហោះសារញុះញង់តាមបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធនឹងរូបភាពព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីព្រះទានព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសរសេរនៅលើបណ្តាញតេឡេក្រាមថា “ហេតុអីបានពួកគេចូលចិត្តបង្ករឿងម្ល៉េះ?”។
ឯកឧត្តមសន្តិបណ្ឌិត ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានមានប្រសាសន៍ប្រាប់ AMSថា ការឃាត់ខ្លួនមនុស្សទាំងពីរនេះ គឺពាក់ព័ន្ធបទល្មើសមើលងាយព្រះចេស្តារព្រះមហាក្សត្រ ដែលជាទីសក្ការៈដ៏ខ្ពង់ខ្ពស់របស់ប្រជារាស្ត្រខ្មែរទូទាំងប្រទេស។
ចំណែកមន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិបានប្រាប់ AMS ថា កាលពីល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ សមត្ថកិច្ចបានឃាត់ខ្លួនឈ្មោះ យឹម ស៊ីណន នៅសង្កាត់ព្រៃស ខណ្ឌដង្កោ និងឈ្មោះ ហ៊ុន កុសល ឃាត់ខ្លួននៅខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការប្រមាថមើលងាយអង្គព្រះមហាក្សត្រ ក្នុងព្រះរាជពិធីព្រះទានព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣។
ប្រភពបានបន្តថា ពេលនេះសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងតែសាកសួរឈ្មោះ យឹម ស៊ីណន និងឈ្មោះ ហ៊ុន កុសល នឹងបន្តកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២២ មីនា ស្អែកនេះ៕
ដោយ៖ពលជ័យ

