អភិបាលខេត្តកំពង់ស្ពឺ៖ ត្រូវចាត់ទុកស្រ្តី គាត់ជាមេគ្រួសារដ៏សំខាន់ និងជាភាពកក់ក្តៅបំផុតសម្រាប់កូនដែលចាំបាច់ត្រូវការម្តាយ
កំពង់ស្ពឺ៖ ក្នុងជំនួបសាកសួរសុខទុក្ខ ស្រ្តីជាកម្មការិនីរោងចក្រស៊ីគ្លូ ដែលទើបសម្រាលកូនរួច នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ អភិបាលខេត្តកំពង់ស្ពឺ បានស្នើសុំឱ្យកម្មករ កម្មការិនីបញ្ឈប់ការចោលសម្រាម ពាសវាល ពាសកាល ដើម្បីជួយលើកកម្ពស់មុខមាត់ និងសោភ័ណភាពខេត្តស៊ីវិល័យមួយនេះ ។
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ មានប្រសាសន៍ថា ស្ត្រីជាសសរស្តម នៃគ្រួសារ ទាំងការរកលុយ ទាំងការមើលកូនៗក្នុងបន្ទុក គប្បីយើងផ្តល់តម្លៃឲ្យស្ត្រីឲ្យបានប្រសើរ ហើយត្រូវចាត់ទុកស្រ្តី គាត់ជាមេគ្រួសារដ៏សំខាន់ និងជាភាពកក់ក្តៅបំផុតសម្រាប់កូនដែលចាំបាច់ត្រូវការម្តាយ
ឯកឧត្តមបានបញ្ជាក់ថា ខេត្តរបស់យើងត្រូវបានគេផ្តល់រហ័សនាមថា ជាខេត្តស៊ីវិល័យ ក្រោយពីខេត្តនេះបានរងការរិះគន់អស់ជាច្រើនឆ្នាំជាខេត្តក្រីក្រគ្មានទ្រព្យធន។
ដោយសក្តានុពលរបស់ខេត្ត និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាននាំមក នូវសុខសន្តិភាព ស្ថិរភាពនយោបាយ ធ្វើឱ្យអ្នកវិនិយោគទុនបានដាក់ទុនរកស៊ីនៅក្នុងខេត្តយើងនេះ ហើយផ្តល់ឱកាសការងារដល់កូនក្មួយប្រមាណជាង ១៥ម៉ឺននាក់សម្រាប់បច្ចុប្បន្ន ។
ឯកឧត្តម អភិបាលខេត្ត ក៏បានស្នើសុំដោយទទូចត្រូវរួមគ្នាបញ្ឈប់ការចោលសម្រាម ពាសវាល ពាសកាលដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មុខមាត់និងបរិស្ថានខេត្ត ពិសេសប៉ះពាល់ដល់ភ្ញៀវទេស ចរណ៍ជាតិ-អន្តរជាតិ ដែលគេមកលេងរមណីយដ្ឋានដ៏សំបូរបែបក្នុងខេត្តយើង។ ហើយមួយទៀតខេត្ត កំពង់ស្ពឺ ក៏ទើបនិងទទួលបានរំដួលពីរទងជាទីក្រុងស្អាតផងដែរ ។ បើម្នាក់ចោលសម្រាមឬថង់មួយនៅទីសាធារណៈ ចុះកម្មករ-កម្មការិនី ជាង ១៥ម៉ឺននាក់ សំរាមកើនឡើងកម្រិតណាក្នុងមួយថ្ងៃៗ យើងកុំពឹងផ្អែកលើតែអ្នកបោសឬប្រមូលសម្រាម យើងគួរនាំគ្នាចូលរួមគិតគូលើបញ្ហានេះទាំងអស់គ្នា ដើម្បីលើកកម្ពស់មុខមាត់ខេត្តយើង ព្រោះថា បញ្ហាសម្រាមមិនមែនជាកាតព្វកិច្ចនរណាម្នាក់នោះទេ និយាយរួមគឺផ្តើ មចេញពីយើងទាំងអស់គ្នា ៕ ម៉ុន សំអាត


