ក្រសួងការងារ ជូនដំណឹងពីវឌ្ឍនភាព នៃការដោះស្រាយវិវាទការងាររួម នៅក្រុមហ៊ុន ណាហ្គាវើលដ៍
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី ២២ ខែ មិនា ឆ្នាំ ២០២៣នេះបានចេញសេចក្តីជូនដំណឹងជាថ្មីមួយអំពីវឌ្ឍនភាពនៃការដោះស្រាយវិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៍ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។ បើយោងតាមសេចក្តីជូនដំណឹងនេះបានបញ្ជាក់ថា៖នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នេះ ក្រសួងបានបន្តអញ្ជើញគូភាគីវិវាទមកជួបប្រជុំដោះស្រាយជាលើកទី២៥ ។
ក្រសួងបានបន្តឱ្យដឹងថា៖ឆ្លងតាមរយៈកិច្ចពិភាក្សាយ៉ាងផុសផុល ភាគីទាំងពីរនៅតែមិនទាន់រកឃើញដំណោះស្រាយដែលភាគី ទាំងពីរអាចទទួលយកបាន ព្រោះភាគីតំណាងកម្មករនិយោជិតនៅតែបន្តទាមទារឱ្យយកចូលធ្វើការវិញ រីឯភាគី តំណាងនិយោជកមិនអាចទទួលឱ្យចូលធ្វើការវិញបានឡើយ។ ដូច្នេះ ភាគីទាំងពីរឯកភាពកំណត់កាលបរិច្ឆេទ ប្រជុំបន្ទាប់ នៅថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១៤:៣០នាទី ដើម្បីមានឱកាសពិចារណាឡើង វិញអំពីលទ្ធភាពនៃការសម្បទានគ្នាទៅវិញទៅមកដែលអាចឈានទៅបញ្ចប់វិវាទនេះ។
ជាមួយគ្នានេះក្រសួងការងារបានបញ្ជាក់ក្នុងសេចក្តីជូនដំណឹងរបស់ខ្លួនដែរថា ក្រសួងស្នើឱ្យភាគីទាំងពីរមានការយោគយល់គ្នាខ្ពស់ក្នុងការចូលរួមដោះស្រាយបញ្ចវិវាទ ការងារនេះ, បន្តសហការជិតស្និទ្ធជាមួយអាជ្ញាធរមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធដោយសន្តិវិធី, ថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងត្រូវរក្សាភាពស្ងប់ស្ងាត់ ។
យោងតាមនីតិវិធីច្បាប់ ប្រសិនបើវិវាទការងារនេះមិនអាច ស្វែងរកដំណោះស្រាយបានដោយការផ្សះផ្សា នីតិវិធីបន្ទាប់គឺភាគីណាមួយអាចប្ដឹងទៅតុលាការ ដើម្បីរក ដំណោះស្រាយចុងក្រោយ៕ដោយ៖ម៉ាដេប៉ូ