ពន្លឺថ្មីនៃក្តីសង្ឃឹមសម្រាប់កុមារដែលមានតម្រូវការពិសេសនៅកម្ពុជា

កញ្ញា ហេង សុផាណែត ជាយុវតីខ្មែរមួយរូប បាននិងកំពុងផ្តល់ ពន្លឺថ្មីនៃក្តីសង្ឃឹមសម្រាប់កុមារដែលមានតម្រូវការពិសេសនៅកម្ពុជា។ តម្រូវការពិសេសនោះគឺជាការសិក្សាទូទៅ អំពីរាងកាយ អំពីសង្គម និងអំពីអារម្មណ៍នៃសិស្សដែលមានតម្រូវការពិសេស។

គួររំលឹកផងដែរថា កញ្ញា ហេង សុផាណែត បានបញ្ចប់បរិញ្ញាបត្រផ្នែកអប់រំនៅឆ្នាំ២០១៥ ពីវិទ្យាស្ថានភាសាបរទេស (IFL) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅរាជធានីភ្នំពេញ ។ បន្ទាប់ពីបញ្ច់បការសិក្សា កញ្ញា ហេង សុផាណែត ធ្លាប់បានធ្វើការនៅសាលាអន្តរជាតិធំជាងគេមួយនៅក្នុងរាជធានីភ្នំពេញ។ នៅពេលដែលកញ្ញា ចេញធ្វើការដំបូងក្នុងឆ្នាំ២០១៦ អ្នកគ្រប់គ្រងបានប្រាប់អំពីកុមារពិសេស មួយចំនួនដែលកញ្ញានឹងត្រូវធ្វើការជាមួយ។ កញ្ញាមិនបានដឹងច្រើនអំពីបញ្ហានេះទេ។ សុផាណែតនិយាយថា អ្នកគ្រប់គ្រងបានពន្យល់ខ្ញុំថា មានសិស្សម្នាក់មានបញ្ហាអូទីស្សឹម ហើយម្នាក់ទៀតមាន ADHD។ នៅពេលនោះ ខ្ញុំមិនយល់អំពីលក្ខខណ្ឌទាំងនេះទេ ដូច្នេះខ្ញុំបានត្រឡប់ទៅផ្ទះវិញហើយធ្វើការស្រាវជ្រាវយ៉ាងហ្មត់ចត់ ទៅលើលក្ខខណ្ឌទាំងអស់នោះ។ ខ្ញុំក៏បានដឹងថាសិស្សទាំងនោះជាសិស្សដែលមានតម្រូវការពិសេស ដែលតម្រូវឱ្យមានការស្រឡាញ់និងការយកចិត្តទុកដាក់ដោយអត់ធ្មត់ និងយោគយល់បំផុត»។

កញ្ញាបានសញ្ជឹងគិតថា “នៅពេលដែលខ្ញុំបានឆ្លងកាត់ ហើយចាប់ផ្តើមបង្រៀនសិស្ស ដែលមានតម្រូវការពិសេសទាំងនេះខ្ញុំក៏មានអារម្មណ៍ថាខ្ញុំយល់ដឹងពីពូកគេច្រើនដោយសារខ្ញុំក៏ធ្លាប់ជា អ្នករៀនយឺតម្នាក់ដែរ។ មនុស្សគ្រប់គ្នាតែងយល់ច្រឡំពីខ្ញុំ។ គេថាខ្ញុំមិនឆ្លាត ថាខ្ញុំរឹងរូស ហើយដាក់ងារខ្ញុំថាជាក្មេងមិនល្អ។ ខ្ញុំធំធាត់ឡើងដោយមានការតស៊ូនិងឆ្លងកាត់ច្រើននូវការរៀនសូត្រ។ ឥឡូវនេះ នៅពេលដែលខ្ញុំ ឃើញកុមារទាំងនេះ ខ្ញុំហាក់បីដូចជាឃើញខ្លួនឯងនៅក្នុងខ្លួនពួកគេអញ្ចឹង។ ខ្ញុំចង់ទាញយកនូវអ្វីដែលល្អបំផុតដែលពួកគាត់មានហើយខ្ញុំមិនចង់ឱ្យពួកគេឆ្លងកាត់នូវអ្វីដែលខ្ញុំធ្លាប់បានឆ្លងកាត់កន្លងមក។ នោះហើយគឺជាចំណុចចាប់ផ្តើមរបស់ខ្ញុំ ពោលគឺនៅក្នុងឆ្នាំ២០១៨ ខ្ញុំក៏បានសម្រេចចិត្តបន្តការសិក្សាថ្នាក់ អនុបណ្ឌិតផ្នែកអប់រំពិសេសរបស់ខ្ញុំ” ។

ហេង សុផាណែត ជាស្រ្តីខ្មែរតែម្នាក់គត់ បានបញ្ចប់ការសិក្សា និង ទទួលសញ្ញាប័ត្រ អនុបណ្ឌិតផ្នែកអប់រំពិសេសពីសាកលវិទ្យាល័យ Flinders ក្នុងប្រទេសអូស្ត្រាលី នៅក្នុងឆ្នាំ២០២០។ នេះគឹជាមោទនភាពមួយសំរាប់កញ្ញា សុផាណែត បានផ្តល់ជូនដល់ប្រទេសនិងប្រជាជនកម្ពុជា ជាមួយនឹងសមិទ្ធិផល ដ៏លំបាកប៉ុន្តែអស្ចារ្យមួយនេះ។

សុផាណែត ជាជនជាតិខ្មែរដែលមានឆន្ទៈដ៏មុតមាំ មានចិត្តសប្បុរស និងស្រលាញ់កុមារ។ នាងបានបើកមជ្ឈមណ្ឌលអប់រំពិសេសមួយដែលមានឈ្មោះថា ‘OrbRom Center’ (មានន័យថា ‘អប់រំ’ ជាភាសាខ្មែរ) ដែលនាងមានគោលបំណងផ្តល់ជូននូវតម្រូវការចម្រុះនៃការសិក្សាទូទៅ អំពីរាងកាយ អំពីសង្គម និងអំពីអារម្មណ៍នៃសិស្សដែលមានតម្រូវការពិសេស។ ឯកទេសរបស់កញ្ញារួមមានអូទីស្សឹម, ADHD, Dyslexia, ការលំបាកក្នុងការប្រកប, ជំនាញប្រាស្រ័យទាក់ទង និងការសិក្សាយឺត និងបញ្ហាជាច្រើនទៀត ។

ម្ចាស់សញ្ញាប័ត្រអនុបណ្ឌិតដែលមានមោទនភាពម្នាក់នេះបាននិយាយថា “ខណៈពេលដែលខ្ញុំធ្វើការជាមួយកុមារទាំងនេះនិងសិក្សាថ្នាក់អនុបណ្ឌិតរបស់ខ្ញុំ ខ្ញុំបានដឹងថាគឺមាន លក្ខខណ្ឌបញ្ហាជាច្រើនប្រភេទ ដូចជា ADHD, អូទីស្សឹម, Dyslexia, ពិការភាពក្នុងការសិក្សា, Selective Mutism និងបញ្ហាច្រើនទៀត។ កុមារគ្រប់រូបមានលក្ខណៈពិសេស ហើយតម្រូវការរបស់ពួកគេ គឺខុសគ្នាពីកុមារម្នាក់ទៅកុមារម្នាក់។ ខ្លះមានផលប៉ះពាល់អប្បបរមា ដែលការយកចិត្តទុកដាក់ត្រឹមត្រូវ ក្រោមការត្រួតពិនិត្យ អាចបង្ហាញវឌ្ឍនភាពយ៉ាងឆាប់រហ័ស ខណៈពេលកុមារផ្សេងទៀត ដែលមានកម្រិត ខ្លាំងគឺទាមទារការអត់ធ្មត់ និងការយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីអាចឃើញការផ្លាស់ប្តូរ ជាវិជ្ជមានបាន។

កញ្ញាបន្តថា “នៅពេលដែលខ្ញុំព្យាយាមពន្យល់ថា អូទីស្សឹមមិនមែនជាជំងឺទេ ប៉ុន្តែវាគឺជាពិការភាព។ វាពិបាកទទួលយកណាស់សម្រាប់ឪពុកម្តាយម្នាក់ៗ។ ពាក្យពិការនេះគឺជាពាក្យធ្ងន់ណាស់សម្រាប់ពួកគេ។ ហើយវាក៏ពិបាកសម្រាប់ខ្ញុំក្នុងការធ្វើខ្លួនឯងឱ្យរឹងមាំ និងប្រកបដោយវិជ្ជាជីវៈ នៅពេលឃើញឪពុកម្តាយឈឺចាប់និងយំបែបនេះណាស់។ ទោះជាយ៉ាងណា ក៏ដោយ ខ្ញុំដឹងថាវាមិនមានអ្វីមួយខុសនោះទេ ហើយការពិតគឺថាយើងអាចដោះស្រាយវាបាន។

កញ្ញាក៏បាន មើលឃើញកត្តាវិជ្ជមានជាច្រើននៅក្នុងវិស័យនេះ ហើយចាប់តាំងពីការបើកមជ្ឈមណ្ឌលសម្រាប់តម្រូវការពិសេស និងគេហទំព័ររបស់ពួកយើងមក ខ្ញុំបានឃើញការរីកចម្រើនយ៉ាងច្រើន។ ឥឡូវនេះឪពុកម្តាយហ៊ាន និយាយអំពីកូនរបស់ពួកគេ ហើយក៏ទទួលយកបានថា កូនរបស់គាត់មានបញ្ហាអូទីស្សឹម ហើយមានមនុស្សកាន់តែច្រើនឡើងទទួលយក និងព្យាយាមស្វែងយល់បន្ថែម អំពីលក្ខខណ្ឌបញ្ហាទាំងអស់នេះ ដែលពួកគាត់មិនមានភាពអវិជ្ជមានដូចឆ្នាំមុនៗនោះទេ»។

បច្ចុប្បន្ននេះ មជ្ឈមណ្ឌលអប់រំពិសេស – OrbRom ( https://kh.orbrom.com/ ) របស់កញ្ញា សុផាណែត ក៏ធ្វើការជាមួយកុមារគ្រប់ថ្នាក់ និងបណ្តុះបណ្តាលគ្រូបង្រៀនផងដែរ ហើយគោលដៅបន្ទាប់របស់នាង គឺនឹងបញ្ចប់ថ្នាក់បណ្ឌិត ផ្នែកចិត្តវិទ្យាក្នុងពិការភាព ។ សុផាណែត ដែលជាជនជាតិខ្មែរដំបូងគេ ដែលសម្រេចបានច្រើនក្នុងវ័យក្មេងបែបនេះ ប្រាកដជាមានការតស៊ូប្រឹងប្រែងក្នុងខ្លួនយ៉ាងខ្លាំង ដើម្បីឈរជើងសម្រាប់ក្មេងៗទាំងនោះ និងដើម្បីណែនាំពួកគេឱ្យដើរលើផ្លូវដ៏ស្រស់ស្អាតរបស់ពួកគេ ៕ ដោយ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner