លោកជំទាវ មឹន មាណវី បានថ្លែងអំណរគុណដល់ រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានជួយដល់ការអភិវឌ្ឍ និងថែរក្សាការពារអាយុជីវិតរបស់ប្រជាជនកម្ពុជានៅលើដងផ្លូវ

ខេត្តបាត់ដំបង ៖ ក្នុងសិក្ខាសាលាផ្សព្វផ្សាយពីលទ្ធផលការងារសម្រេចបាននៅខេត្តបាត់ដំបង របស់គម្រោងធ្វើឱ្យប្រសើរឡើង សុវត្ថិភាពចរាចរណ៍ផ្លូវគោក លើផ្លូវជាតិសំខាន់ៗ នៅកម្ពុជា និងរៀបចំយុទ្ធនាការផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយការដង្ហែក្បួន នៅលើដងផ្លូវសំខាន់ៗក្នុងក្រុងបាត់ដំបង លោក ជំទាវ មឹន មាណវី បានថ្លែងអំណរគុណដល់ រដ្ឋាភិបាល និងប្រជាជនជប៉ុនដែលបានជួយដល់ការអភិវឌ្ឍ និងថែរក្សាការពារអាយុជីវិតរបស់ប្រជាជនកម្ពុជានៅលើដងផ្លូវ ក្នុងខណៈរាជរដ្ឋាភិបាលប្រកាសស្វាគមន៍គ្រប់ដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលមានបំណងជួយលើគ្រប់វិស័យ។

លោក ជំទាវ មឹន មាណវី អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏បានស្នើដល់អ្នកជំនាញការជប៉ុន ឲ្យបន្តជួយការចែករំលកនូវបទពិសោធន៍ និងរិះរកវិធីសាស្រ្ត ធ្វើយ៉ាងណាដើម្បីអប់រំណែនាំដល់ប្រជាពលរដ្ឋកម្ពុជាឱ្យឆាប់យល់ដឹងនិងកែប្រែឥរិយាបថរបស់ខ្លួនពីការមិនគោរពច្បាប់ចរាចរណ៍ ឱ្យទៅជាការគោរពច្បាប់ដោយម៉ឺងម៉ាត់វិញ។

លោកជំទាវ បានស្នើដល់អ្នកជំនាញការជប៉ុន ឱ្យជួយបំពាក់ភ្លើងស្តុប ផ្លាកសញ្ញាចរាចរណ៍ និង ផ្លាកសញ្ញាអប់រំពីច្បាប់ចរាចរណ៍ នៅតាមដងផ្លូវសំខាន់ៗបន្ថែមទៀត ដើម្បីបញ្ជ្រាបពីការយល់ដឹងបន្ថែមដល់ប្រជាពលរដ្ឋ ក្នុងការសំដៅការកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ចរាចរណ៍ ខណៈដែលបច្ចុប្បន្ននេះគ្រោះថ្នាក់ចរាចរណ៍ នៅតែជាបញ្ហាចម្បងក្នុងការគម្រាមកំហែងសម្លាប់ជីវិតមនុស្សនិងរបួសជាបន្តបន្ទាប់ រៀងរាល់ថ្ងៃ ដែលជាការបង្កការរាំងស្ទះដល់កិច្ចអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជា ។

ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង បានអំពាវនាវដល់បណ្ដាមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមទាំងវិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល និងប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តបាត់ដំបង ត្រូវបង្កើនកិច្ចសហប្រតិបត្តិការនិងសហការគ្នា ដើម្បីចូលរួមអនុវត្តន៍ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក សំដៅប្រែក្លាយផែនការ សកម្មភាព សុវត្ថិភាពចរាចរណ៍ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីរួមគ្នាប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសមួយមានសុវត្ថិភាពចរាចរណ៍៕

អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប

ads banner