មន្រ្តីជំរុញគ្រប់ភាគីពាក់ព័ន្ធកៀរគរធនធានពីប្រភពនានា ដើម្បីគាំទ្រដល់ផែនការទប់ស្កាត់បញ្ហាស្គមស្គាំងរបស់កុមារ
ភ្នំពេញ:មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល បានជំរុញដល់គ្រប់ភាគី ជួយបង្កើនការខិតខំប្រឹងប្រែងរួមគ្នាកៀរគរធនធានពីប្រភពនានា ក្នុងការឆ្លើយតបចំពោះបញ្ហាស្គមស្គាំងរបស់កុមារ ដើម្បីគាំទ្រដល់ការអនុវត្តផែនទីបង្ហាញផ្លូវសម្រាប់ការទប់ស្កាត់ ការបញ្ចប់ និងព្យាបាលបញ្ហាស្គមស្គាំងរបស់កុមារនៅកម្ពុជា។
ការជំរុញនេះធ្វើឡើងនៅក្នុងសិក្ខាសាលាស្តីពី “ការធ្វើការរួមគ្នាបំពេញកង្វះខាតលើផែនការសកម្មភាពសកលដើម្បីកាត់បន្ថយភាពស្គមស្គាំងរបស់កុមារ នៅថ្នាក់ក្រោមជាតិ” នាខេត្តសៀមរាប នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ក្នុងគោលបំណងកៀរគរថវិកា ដើម្បីពន្លឿនវឌ្ឍនភាពនៃការបង្កា ការព្យាបាលភាពស្គមស្គាំងរបស់កុមារ និងពង្រឹង-ពង្រីកកិច្ចសហប្រតិបត្តិការពហុវិស័យ ដើម្បីរួមគ្នាលើកកម្ពស់វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា។

អនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទលោក សំ សារ៉ាត បានថ្លែងថា សិក្ខាលាលានេះក៏មានគោលបំណងសំខាន់ៗដូចជាដើម្បីកំណត់ពីគម្លាតនៅក្នុងអត្រាគ្របដណ្តប់របស់កម្មវិធី និងបញ្ហាប្រឈមក្នុងការបញ្ចប់បញ្ហាស្គមស្គាំងរបស់កុមារនៅក្នុងប្រទេសកម្ពុជា ដោយផ្តោតលើភាពខុសគ្នានៅថ្នាក់ក្រោមជាតិ។ ជាមួយគ្នានោះ លោកបានជំរុញដល់គ្រប់ភាគីពាក់ព័ន្ធនានា ជួយបង្កើនការខិតខំប្រឹងប្រែងរួមគ្នា កៀរគរធនធានពីប្រភពនានា ដើម្បីការឆ្លើយតប ចំពោះបញ្ហាស្គមស្គាំងរបស់កុមារ ដែលជាការឆ្លើយតបនឹងការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខមាលភាពកុមារ ។ លោកថា៖«ព្រោះថាកាលពីថ្ងៃទី១៨ ខែតុលាឆ្នាំ២០២២ កន្លងទៅ ក្រុមប្រឹក្សាស្តារនិងអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ សហការជាមួយអង្គការ យូនីសេហ្វូ(UNICEF ) បានរៀបចំសិក្ខាសាលា ស្វែងរកការគាំទ្រកម្រិតខ្ពស់ស្តីពី “ធ្វើការរួមគ្នាដើម្បីភ្ជិតគម្លាតទាក់ទងនឹងបញ្ហាស្គមស្គាំងរបស់កុមារ” ក្នុងគោល បំណងកៀរគរ ការវិនិយោគ និងការប្ដេជ្ញាចិត្តកាន់តែច្រើនថែមទៀតពីសំណាក់រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ដើម្បីគាំទ្រដល់ការអនុវត្តផែនទីបង្ហាញផ្លូវ សម្រាប់ការទប់ស្កាត់ និង ព្យាបាលបញ្ហាស្គមស្គាំងរបស់កុមារ»។
លោកសំ សារ៉ាត បានបញ្ជាក់ថា វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍន៍មូលធនមនុស្ស បង្កើនប្រសិទ្ធភាពការងារ ជំរុញកំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម។ លោកបន្តថា ការអភិវឌ្ឍទីក្រុង ការធ្វើចំណាកស្រុក ការប្រែប្រួលអាកាសធាតុ ការបំរែបំរួលប្រជាសាស្ត្រ និងការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងសង្គម បានធ្វើឱ្យប្រជាជនកម្ពុជាផ្លាស់ប្ដូររបៀបរស់នៅ និងការហូបចុក។ លោកថា៖«ការផ្លាស់ប្ដូរ និងបម្រែបម្រួលទម្លាប់បុគ្គល និងសង្គមនេះ មានឥទ្ធិពលលើស្ថានភាពសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់បន្ថែមទៀត លើការប្រយុទ្ធនឹងបញ្ហាកង្វះអាហារូបត្ថម្ភគ្រប់ទម្រង់ ហើយបញ្ហានេះបានធ្វើឱ្យប្រជាជនប្រឈមនឹងបញ្ហាថ្មីៗ ដែលបង្កការគំរាម កំហែងដល់សុខភាព និងសក្តានុពលនៃកំណើនសេដ្ឋកិច្ច»។
លោកសម្តែងការព្រួយបារម្ភថា ប្រសិនបើគ្មានការយកចិត្តទុកដាក់ លើសុខភាព សន្តិសុខស្បៀង និងអាហារូបត្ថម្ភនោះទេ ផលលាភដែលបានមកពីការអភិវឌ្ឍ សេដ្ឋកិច្ចនឹងត្រូវធ្លាក់ចុះ ដោយសារការខាតបង់ដែលមិនអាចមើលរំលងពីបញ្ហាកង្វះអាហារូបត្ថម្ភ និងបន្ទុកចំណាយលើការថែទាំ និងព្យាបាលជំងឺមិនឆ្លងនានា ដូចជាជំងឺទឹកនោមផ្អែម ជំងឺ ដាច់សរសៃឈាមខួរក្បាល និងជំងឺបេះដូងជាដើម។
អភិបាលរងខេត្តសៀមរាប លោក អ៊ឹង គឹមលាង បានលើកឡើងដែរថា បញ្ហាស្គមស្គាំងរបស់កុមារ បណ្ដាលមកពី អាហារូបត្ថម្ភ និងកង្វះអនាម័យ។ លោកបន្តថា ដើម្បីកាត់បន្ថយនូវបញ្ហាទាំងនេះ រដ្ឋបាលខេត្ត និងក្រុមការងារដឹកនាំសម្របសម្រួល វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភខេត្តសៀមរាប នឹងខិតខំប្រឹងប្រែងសហការជាមួយក្រសួងស្ថាប័ន ជាពិសេស ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ មន្ទីរ-អង្គភាព ជុំវិញខេត្ត រដ្ឋបាលក្រុង-ស្រុក ឃុំ/សង្កាត់ និងអង្គការដៃគូអភិវឌ្ឍន៍នានា បានរៀបចំផែនការមេលើវិស័យកសិកម្ម និងបញ្ហាទឹកស្អាតជាដើម។
សូមជម្រាបថា តាមផែនទីបង្ហាញផ្លូវដើម្បីភ្ជិតតម្លាតនៃភាពស្គមស្គាំងរបស់កុមារនៅកម្ពុជា បានកំណត់យកខេត្តចំនួន ១៣ ជាតំបន់ដែលមានអាទិភាពភូមិសាស្ត្រខ្ពស់ សម្រាប់សកម្មភាពដើម្បីកាត់បន្ថយភាពស្គមស្គាំងរបស់កុមារ។ ខេត្តទាំងនោះរួមមាន កំពង់ចាម ត្បូងឃ្មុំ កំពង់ឆ្នាំង កំពង់ធំ ក្រចេះ មណ្ឌលគិរី រតនគិរី ព្រះវិហារ ស្ទឹងត្រែង ពោធិ៍សាត់ សៀមរាប តាកែវ និងឧត្តរមានជ័យ។
ដើម្បីពង្រីកអន្តរាគមន៍ដោះស្រាយបញ្ហាស្គមស្គាំងរបស់កុមារទៅកាន់ខេត្តដំណាក់កាលទីមួយ ការពង្រីកចាប់ផ្តើមនៅឆ្នាំ ២០២២-២០២៣ ក្នុងខេត្តចំនួន៣ គឺ ខេត្តសៀមរាប ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង៕
ដោយ:សុខ រក្សា