ក្រុមយុវជនសង្គមស៊ីវិលថ្កោលទោសក្រុមវិទ្យុអាស៊ីសេរី និងក្រុមសារព័ត៌មាន The Cambodia Daily ដែលចេះតែបង្កើតព័ត៌មានប្រឌិត
ភ្នំពេញ៖ ក្រុមយុវជនសង្គមស៊ីវិលបានថ្កោលទោសចំពោះក្រុមវិទ្យុអាស៊ីសេរី (RFA) និងក្រុមសារព័ត៌មាន The Cambodia Daily ដែលចេះតែបង្កើតព័ត៌មានប្រឌិត ចាក់រុកឆ្កឹះឆ្កៀល បោកបញ្ឆោតពាក់ព័ន្ធនឹងក្រុមយុវជនសង្គមស៊ីវិលនាកន្លងមក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣។
សេចក្តីប្រកាសព័ត៌មានបានបន្តថា យើងខ្ញុំទាំងអស់គា្នជាយុវជនអង្គការសមាគមសង្គមស៊ីវិល សូមធ្វើការថ្កោលទោសចំពោះក្រុមសារព័ត៌មានខាងលើ ដែលបានប្រឌិតរឿង ដើម្បីកេងចំណេញនយោបាយ ជាហេតុធ្វើឱ្យប៉ះពាល់ដល់យុវជនសង្គមស៊ីវិលកន្លងមក។ ជារឿយៗសារព័ត៌មានខាងលើ តែងតែផ្សព្វផ្សាយឆ្កឹះបុគ្គលនេះ បុគ្គលនោះ បង្ហោះសារក្នុងចេតនាញុះញុងក្រលៃការពិត ដូចជា ការចោទប្រកាន់រឿងអាក្រក់ៗមកលើយុវជន ជាហេតុធ្វើឱ្យយើងខ្ញុំជាយុវជនខ្មែរមិនអាចទទួលយកបានជាដាច់ខាត។ ជាក់ស្ដែងណាស់ កិច្ចការរបស់ពួកគេគឺ “ចង់កេងចំណេញផ្នែកនយោបាយដើម្បីផ្គាប់ចិត្តម្ចាស់ជំនួយបរទេសប៉ុណ្ណោះ មិនដើម្បីប្រយោជន៍ខ្មែរឡើយ។ ការបណ្តុះមនោគមវិជ្ជាខ្មៅរបស់ពួកគេនេះ គឺជាចេតនាបំបែកបំបាក់ជាតិសាសន៍ខ្លួនឯងសុទ្ធសាធ ក្នុងចេតនាបង្ហាញដល់អន្តរជាតិឱ្យមើលងាយប្រជាជាតិខ្មែរក្នុងន័យអវិជ្ជមាន។ ផ្ទុយទៅវិញ ក្រុមសារព័ត៌ខាងលើ មិនដែលផ្សព្វផ្សាយរឿងពិត ដូចករណីទណ្ឌិត សម រង្ស៊ី តែងតែប្រមាថអង្គព្រះមហាក្សត្រជាញឹកញាប់ ក៏ពួកគេបិទភ្នែកមើលមិនឃើញ ស្ដាប់មិនឮ និងមិនដែលផ្សាយក្នុងន័យអប់រំប្រជាពលរដ្ឋកុំឱ្យយកគំរូតាមដែរ។
បើក្រុមសារព័ត៌មានខាងលើ មិនចង់កេងចំណេញផ្នែកនយោបាយដើម្បីផ្គាប់ចិត្តម្ចាស់ជំនួយបរទេសទេ តើហៅថាជាអ្វីវិញ?
ជាមួយគ្នានេះ ក្រុមយុវជនសង្គមស៊ីវិលបានអំពាវនាវដល់ប្រជាជនខ្មែរគ្រប់មជ្ឈដ្ឋាន ជាពិសេស សិស្ស និស្សិត បញ្ញាវន្ត និងមន្ត្រីរាជការ មេត្តាចូលរួមការពារតម្លៃជាតិសាសន៍ និងសីលធម៌នៅក្នុងសង្គមខ្មែរឱ្យបានថ្លៃថ្នូរ។ ជាពិសេស សូមបងប្អូនយុវជនខ្មែរគ្រប់និន្នាការទាំងអស់ កុំយកខ្លួនបៀតជាមួយក្រុមសារព័ត៌មានខាងលើ ហើយគួរមានការពិចារណាបែងចែកខុសត្រូវ អ្វីជាប្រយោជន៍ដល់ខ្មែរ និងអ្វីជាប្រយោជន៍ដល់បរទេសដែលស្អប់ខ្មែរ៕
ដោយ៖ពលជ័យ
