ស្លាប់មនុស្ស ៧នាក់ ព្រោះជំងឺ Marburg នៅប្រទេស ហ្គីណេ អេក្វាទ័រ

ម៉ាឡាបូ៖ អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ពីការស្លាប់មនុស្ស៧នាក់ នៅក្នុងប្រទេស ហ្គីណេ អេក្វាទ័រ (E.Guinea) ដោយសារមេរោគ ម៉ាបឺគ (Marburg) ហើយមនុស្ស ២០នាក់ផ្សេងទៀតត្រូវបានបារម្ភខ្លាំងថា អាចបាត់បង់ជីវិតដែរ។

អង្គការសុខភាពពិភពលោកបាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា មនុស្ស ៧ នាក់ត្រូវបានសម្លាប់នៅក្នុងការផ្ទុះឡើងនៃមេរោគ ម៉ាបឺគ នៅក្នុងប្រទេស ហ្គីណេ អេក្វាទ័រ ជាមួយនឹងការព្រួយបារម្ភខ្លាំងពីការស្លាប់មនុស្ស ២០ នាក់ទៀត ដោយសារតែពួកគេតជំងឺគ្រុនក្តៅ រលាកពោះវៀនធំ។

ការផ្ទុះឡើងនៃមេរោគថ្មី ម៉ាបឺក ដែលស្ទើរតែស្លាប់ដូចនឹងជំងឺ អេបូឡា (Ebola) ឥឡូវនេះ បានរីករាលដាលហួសពីខេត្ត គេ នីតឹម (Kie-Ntem) ជាកន្លែងដែលវាបានបណ្តាលឱ្យមនុស្សស្លាប់ដំបូងកាលពីខែមករា។ វាបានទៅដល់ក្រុង បាតា (Bata) ដែលជារដ្ឋធានីសេដ្ឋកិច្ច នៃប្រទេសអាហ្វ្រិកកណ្តាលតូចមួយនេះដែរ បើយោងតាមរដ្ឋាភិបាល។

លោកស្រី វេជ្ជបណ្ឌិត ម៉ាតស៊ីឌីសូ ម៉ូអេទី (Matshidiso Moeti) នាយកប្រចាំតំបន់របស់អង្គការសុខភាពពិភពលោកប្រចាំទ្វីបអាហ្រ្វិក បាននិយាយថា ការរីករាលដាលនៃជំងឺ ម៉ាបឺគ (Marburg) គឺជាសញ្ញាដ៏សំខាន់មួយ ក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែងឆ្លើយតប ដើម្បីបញ្ឈប់ខ្សែសង្វាក់នៃការឆ្លងបានយ៉ាងឆាប់រហ័ស និងទប់ស្កាត់ការផ្ទុះឡើងនៃទ្រង់ទ្រាយធំ និងការបាត់បង់អាយុជីវិត” ។

អង្គការ WHO បាននិយាយនៅក្នុងរបាយការណ៍មួយនៅលើគេហទំព័ររបស់ខ្លួនថា ចាប់តាំងពីការចាប់ផ្តើមនៃការផ្ទុះឡើងនេះ “មានករណីសរុបចំនួនប្រាំបួន ដែលត្រូវបានបញ្ជាក់ដោយមន្ទីរពិសោធន៍ និងករណីដែលអាចកើតមានចំនួន ២០” “ក្នុងចំណោមករណីដែលបានបញ្ជាក់ដោយមន្ទីរពិសោធន៍ចំនួនប្រាំបួននាក់ មានមនុស្ស ៧ នាក់បានស្លាប់ ហើយក៏មានករណីដែលអាចស្លាប់បន្ថែមទៀត” ។

មន្ត្រីអង្គការសុខភាពពិភពលោកម្នាក់បានប្រាប់ AFP កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះថា ក្នុងចំណោមករណីដែលអាចកើតមានចំនួន ២០ករណី អ្នកជំងឺមានរោគសញ្ញានៃជំងឺទាំងអស់ ហើយបានទាក់ទងជាមួយករណីដែលបានបញ្ជាក់ ប៉ុន្តែគំរូមិនអាចយកចេញពីរាងកាយរបស់ពួកគេ ឬពួកគេមិនអាចព្យាបាលបានឡើយ នេះបើតាមមន្ត្រីអង្គការសុខភាពពិភពលោកបានប្រាប់ AFP ៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner