មន្រ្តីសិទ្ធិមនុស្សអឺរ៉ុបចោទថា អាជ្ញាធរបារាំងប្រើកម្លាំងហួសហេតុ ប្រឆាំងនឹងក្រុមបាតុករតវ៉ារឿងកំណែទម្រង់ប្រាក់សោធននិវត្តន៍

ប៉ារីស៖ ស្នងការនៃក្រុមប្រឹក្សាអឺរ៉ុបទទួលបន្ទុកសិទ្ធិមនុស្ស លោកស្រី Dunja Mijatovic នៅថ្ងៃទី២៤ ខែមីនានេះ បានបញ្ជាក់ថា រដ្ឋាភិបាលបារាំងបានប្រើប្រាស់កម្លាំងមិនសមាមាត្រប្រឆាំងនឹងក្រុមបាតុករ ដែលតវ៉ានឹងកំណែទម្រង់ប្រាក់សោធននិវត្តន៍ ដោយរំលោភលើសិទ្ធិសេរីភាពនៃការជួបប្រជុំ និងការបញ្ចេញមតិរបស់ពួកគេ។

Read. ស្នងការនៃក្រុមប្រឹក្សាអឺរ៉ុបទទួលបន្ទុកសិទ្ធិមនុស្ស លោកស្រី Dunja Mijatovic បានអំពាវនាវឱ្យរដ្ឋាភិបាលរបស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអ៊ែល ម៉ាក្រុង គោរពតាមអនុសាសន៍របស់គណៈកម្មការចាប់ពីឆ្នាំ ២០១៩ ទាក់ទងនឹងការតវ៉ា “អាវកាក់ពណ៌លឿង” ក៏ដូចជាអ្វីដែលដាក់ចេញដោយគណៈកម្មាធិការសិទ្ធិមនុស្សរបស់ប្រទេសបារាំងកាលពីដើមសប្តាហ៍នេះ។

ដោយឆ្លងកាត់ស្ថាប័ននីតិប្បញ្ញត្តិ លោក ម៉ាក្រុង បានប្រើប្រាស់ឯកសិទ្ធិប្រតិបត្តិក្នុងការបង្កើនអាយុចូលនិវត្តន៍ពី ៦២ ទៅ ៦៤ឆ្នាំ។ ទោះបីជាសហជីព និងគណបក្សប្រឆាំងបានរិះគន់វិធានការនេះក៏ដោយ ក៏លោក ម៉ាក្រុង បានបដិសេធមិនព្រមទទួលយក។
ការតវ៉ាប្រឆាំងនឹងកំណែទម្រង់ប្រាក់សោធននិវត្តន៍ បានទាក់ទាញមនុស្សជាងមួយលាននាក់នៅទូទាំងប្រទេសបារាំង កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក Gerald Darmanin បាននិយាយនៅព្រឹកថ្ងៃទី២៤ ខែមីនានេះថា មន្ត្រីប៉ូលិស និងអាវុធហត្ថជិត ៤៥០នាក់បានរងរបួស ហើយក្រុមកុប្បកម្មបានដុតភ្លើងជាង ៩០០កន្លែងនៅតាមដងផ្លូវ។ ទន្ទឹមគ្នា ប្រមុខក្រសួងមហាផ្ទៃបារាំងរូបនេះបានស្តីបន្ទោសក្រុមសកម្មជន “ឆ្វេងនិយម” និងក្រុមអនាធិបតេយ្យ “ប្លុកខ្មៅ” ចំពោះការបង្កអំពើហិង្សា៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner