លោក ពូទីន យល់ស្របថា ភ្នាក់ងារពិសេសអាមេរិក មានជាប់ពាក់ព័ន្ធនឹងការបំផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន យល់ស្របនឹងការសន្និដ្ឋានរបស់អ្នកកាសែតស៊ើបអង្កេតអាមេរិក លោក Seymour Hersh ដែលនិយាយថា ភ្នាក់ងារពិសេសអាមេរិកបានជាប់ពាក់ព័ន្ធក្នុងហេតុការណ៍ផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា អ្នកសារព័ត៌មានអាមេរិកដែលល្បីល្បាញទូទាំងពិភពលោកនាពេលបច្ចុប្បន្ននេះ បានធ្វើការស៊ើបអង្កេតបែបនេះ ហើយតាមដែលយើងដឹងនោះ បានធ្វើការសន្និដ្ឋានថា ករណីផ្ទុះបំពង់បង្ហូរឧស្ម័នត្រូវបានរៀបចំឡើងដោយភ្នាក់ងារពិសេសរបស់សហរដ្ឋអាមេរិក។ ខ្ញុំយល់ស្របទាំងស្រុងជាមួយនឹងការសន្និដ្ឋានបែបនេះ។

ទន្ទឹមគ្នា លោក ពូទីន មានទំនុកចិត្តថា ការពិតអំពីហេតុការណ៍ផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream នឹងត្រូវលាតត្រដាងជាយថាហេតុ។ មេដឹកនាំរុស្ស៊ីរូបនេះបានបញ្ជាក់យ៉ាងដូច្នេះថា ខ្ញុំជឿជាក់ថា វានឹងពិបាកក្នុងការសំរេចបាននូវរឿងនេះ (ការពិតអំពីឧប្បត្តិហេតុបំពង់បង្ហូរឧស្ម័ន Nord Stream) ប៉ុន្តែនៅថ្ងៃណាមួយ វានឹងបង្ហាញការពិតនូវអ្វីដែលបានកើតឡើង ហើយរបៀបណា។

សូមរម្លឹកថា អ្នកកាសែតស៊ើបអង្កេតអាមេរិក លោក Seymour Hersh បាននិយាយនៅក្នុងអត្ថបទរបស់គាត់ដែលបានចេញផ្សាយនៅថ្ងៃទី០៨ ខែកុម្ភៈថា គ្រឿងផ្ទុះត្រូវបានដាក់នៅក្រោមបំពង់បង្ហូរឧស្ម័ន Nord Stream 1 និង 2 របស់រុស្ស៊ី ដោយអ្នកមុជទឹករបស់កងទ័ពជើងទឹកអាមេរិក ដោយមានជំនួយពីអ្នកឯកទេសន័រវេស ក្រោមរូបភាពនៃសមយុទ្ធ BALTOPS 22 កាលពីខែមិថុនាឆ្នាំមុន។

រឿងនេះត្រូវបានដកស្រង់ពីប្រភពមិនស្គាល់អត្តសញ្ញាណដែលនិយាយថាប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ផ្ទាល់បានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការនេះ បន្ទាប់ពីរយៈពេល៩ខែនៃការពិភាក្សាជាមួយមន្ត្រីរដ្ឋបាលទទួលបន្ទុកលើបញ្ហាសន្តិសុខ៕ ប្រភព៖ Tass ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner