អ៊ុយក្រែនអំពាវ នាវឱ្យក្រុមប្រឹក្សាសន្តិសុខ អ.ស.ប បើកកិច្ចប្រជុំបន្ទាន់ ក្រោយលោក ពូទីន ប្រកាសដាក់ពង្រាយអាវុធនុយក្លេអ៊ែរ នៅបេឡារូស

កៀវ៖ ក្រសួងការបរទេសអ៊ុយក្រែន នៅថ្ងៃទី២៦ ខែមីនានេះ បានលើកឡើងថា ទីក្រុងកៀវបានជំរុញឱ្យកោះប្រជុំវិសាមញ្ញមួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ជុំវិញការដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិចរបស់រុស្ស៊ីនៅក្នុងប្រទេសបេឡារូស។

ក្រសួងការបរទេសអ៊ុយក្រែនបានបញ្ជាក់ថា អ៊ុយក្រែនរំពឹងថា អង់គ្លេស ចិន សហរដ្ឋអាមេរិក និងបារាំង នឹងចាត់វិធានការប្រកបដោយប្រសិទ្ធភាពដើម្បីប្រឆាំងនឹងការគំរាមកំហែងនុយក្លេអ៊ែរពីសំណាក់វិមានក្រឹមឡាំង។ ក្រសួងការបរទេសអ៊ុយក្រែនបានបញ្ជាក់យ៉ាងដូច្នេះថា ដើម្បីទប់ស្កាត់បញ្ហានេះ យើងទាមទារឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) កោះប្រជុំវិសាមញ្ញមួយ។

ការអំពាវនាវរបស់អ៊ុយក្រែនខាងលើ កើតមានឡើងបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃសៅរ៍សប្តាហ៍មុនថា តបតាមសំណើរបស់បេឡារូស រុស្ស៊ីនឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិចរបស់ខ្លួននៅក្នុងប្រទេសបេឡារូស ដូចដែលសហរដ្ឋអាមេរិកបានធ្វើជាយូរមកហើយនៅលើទឹកដីនៃប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួន។

ទីក្រុងមូស្គូបានផ្ទេរទៅឱ្យទីក្រុងមីនស្កិ៍ រួចហើយ នូវប្រព័ន្ធមីស៊ីល Iskander ដែលអាចប្រើប្រាស់អាវុធនុយក្លេអ៊ែរបាន។ បើតាមការបញ្ជាក់របស់មេដឹកនាំរុស្ស៊ី ការសាងសង់ឃ្លាំងស្តុកអាវុធនុយក្លេអ៊ែរតាក់ទិចនៅក្នុងប្រទេសបេឡារូស ត្រូវបានគេរំពឹងថា នឹងបញ្ចប់នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣៕ ប្រភព៖ Tass ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner