សហភាពអឺរ៉ុប ពិចារណាបន្ធូរបន្ថយវិធានការត្រួតពិនិត្យគុណភាពចំណីអាហារលើផលិតផលមីកញ្ចប់របស់វៀតណាម

វៀតណាម៖ សហភាពអឺរ៉ុប (EU) កំពុងពិចារណាលើសំណើកាត់បន្ថយវិធានការត្រួតពិនិត្យសុវត្ថិភាពចំណីអាហារលើមីកញ្ចប់ដែលនាំចូលពីប្រទេសវៀតណាម។ នេះបើយោងតាមសារព័ត៌មានវៀតណាមដែលផ្សាយដោយដកស្រង់ប្រភពពីការិយាល័យពាណិជ្ជកម្មវៀតណាមនៅប្រទេសបែលហ្ស៊ិក។

ការរឹតបន្តឹងលើគុណភាពចំណីអាហាររបស់អ៊ឺរ៉ុបនេះធ្វើឡើងចាប់តាំងពីខែកុម្ភៈឆ្នាំ២០២២។ក្នុងនោះផលិតផលមីកញ្ចប់របស់វៀតណាមប្រមាណ២០ភាគរយ ដែលនាំចេញទៅកាន់សហភាពអឺរ៉ុបត្រូវបានត្រួតពិនិត្យកម្រិតអេទីឡែនអុកស៊ីត ។ចំពោះការដឹកជញ្ជូនទាំងអស់អ៊ឺរ៉ុបតម្រូវឱ្យឈ្មួញវៀតណាមភ្ជាប់មកជាមួយនូវវិញ្ញាបនបត្រសុខភាពដែលចេញដោយភ្នាក់ងារត្រួតពិនិត្យគុណភាពចំណីអាហាររបស់វៀតណាម។

យោងតាមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបង្ហាញថា ចាប់តាំងពីឆមាសទី២ឆ្នាំ២០២២ មកសហភាពអឺរ៉ុបបានរកឃើញថាមីកញ្ចប់របស់វៀតណាមមិនមានជាតិអេទីឡែនអុកស៊ីដទៀតទេ  ដូច្នេះ​ហើយ សហភាពអឺរ៉ុបបានស្នើមិនទាមទារវិញ្ញាបនបត្រសុខភាពសម្រាប់មីកញ្ចប់ដែលនាំចូលពីប្រទេសវៀតណាម។

យោងតាមការិយាល័យបានឱ្យដឹងថា សំណើនេះត្រូវបានគេរំពឹងថានឹងត្រូវបានអនុម័តដោយរដ្ឋជាសមាជិករបស់ប្លុកនៅក្នុងកិច្ចប្រជុំមួយក្នុងខែមេសាឆ្នាំ២០២៣ខាងមុខ។គិតត្រឹមចុងខែកុម្ភៈ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានចេញវិញ្ញាបនបត្រសុខភាពចំនួន៣.១៧០ដល់ក្រុមហ៊ុននាំចេញមីកញ្ចប់​ទៅកាន់ទីផ្សារសហភាពអឺរ៉ុបតាមរយៈកំពង់ផែចំនួន២១នៅទូទាំងប្រទេសវៀតណាម៕

ប្រទេសអាល្លឺម៉ង់គឺជាប្រទេសនាំចូលមីកញ្ចប់ធំជាងគេពីប្រទេសវៀតណាម ដែលស្មើនឹងជាងពាក់កណ្តាលនៃវិញ្ញាបនបត្រដែលបានចេញ។ នៅខែសីហា ឆ្នាំ២០២១ មីកញ្ចប់វៀតណាមមួយចំនួនដែលបាននាំចេញទៅកាន់ទីផ្សារសហភាពអឺរ៉ុបត្រូវបានប្រគល់មកវិញ ឬបំផ្លាញចោលដោយសារតែសំណល់អេទីឡែនអុកស៊ីតលើសពីកម្រិតអនុញ្ញាតដែលកំណត់ដោយសហភាពអឺរ៉ុប។

បច្ចុប្បន្ននេះ ប្រទេស និងតំបន់នីមួយៗមានបទប្បញ្ញត្តិខុសៗគ្នាលើអេទីឡែនអុកស៊ីដ។ Ethylene oxide ត្រូវបានគេប្រើជាទូទៅជាថ្នាំសម្លាប់មេរោគ និងភ្នាក់ងារបន្សាបដែលមានប្រសិទ្ធភាពខ្ពស់នៅក្នុងផលិតផលកសិកម្មមួយចំនួន ជាពិសេសគ្រឿងទេស និងឱសថ។

ការទទួលទានផលិតផលដែលមានជាតិ អេទីឡែនអុកស៊ីដ មិនបង្កគ្រោះថ្នាក់ដល់សុខភាពធ្ងន់ធ្ងរទេ ប៉ុន្តែអាចបណ្តាលឱ្យកើតមហារីក ប្រសិនបើទទួលទានជាប្រចាំក្នុងរយៈពេលយូរ។

នៅក្នុងបណ្តាប្រទេសអ៊ឺរ៉ុបជាច្រើន 2-chloroethanol ដែលជាសារធាតុរំលាយនៃអេទីឡែនអុកស៊ីដត្រូវបានគេចាត់ទុកថាជាអេទីឡែនអុកស៊ីដនៅពេលដែលពួកគេគណនាបរិមាណអេទីឡែនអុកស៊ីដនៅក្នុងអាហារ។ ប្រែសម្រួល៖វណ្ណ ស័ក្ដិ

ads banner