ក្រសួងកសិកម្ម រំពឹងពីកំណើនឥណទានអត្រាការប្រាក់ទាប ក្នុង២០២៣ ដើម្បីជំរុញការអភិវឌ្ឍវិស័យកសិកម្ម

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឌិត ទីណា នៅក្នុងពិធីបិទសន្និបាតបូក​សរុប​​​ការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងកសិកម្ម កាលពីពេលថ្មីៗនេះ បានថ្លែងថា ក្នុងឆ្នំា២០២៣នះ ក្រសួងសង្ឃឹមថា ទំហំឥណទា​នការប្រាក់ទាប នឹងកើនឡើង ហើយផ្តល់ចំគោលដៅអាទិភាពដែលបានកំណត់ នៅក្នុងវិស័យកសិកម្ម។

ឯកឧត្តមបានបញ្ជាក់ថា ឥណទានការប្រាក់ទាបនឹងតូ្រវបានប្រើប្រាស់ជាមធ្យោបាយក្នុងការលើកទឹកចិត្ត និងតម្រង់ទិសតួអង្គទាំងឡាយដល់អនុវត្តការច្រងក្រងជាបណ្ដាញពីកសិករដល់ទីផ្សារ និងការអនុវត្តផលិតកម្មតាមកិច្ចសន្យា។ ពាក់ព័ន្ធនឹងការផ្តល់ឥណទានការប្រាក់ទាប ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបានផ្តល់ឥណទានប្រមាណ៣៨០លានដុល្លារអាមរិក រួចហើយដល់កសិករ និងអ្នកកែច្នផលិតផលកសិកម្មដល់ជាង៦០ភាគរយ នៃឥណទាននះ ដែលមានអត្រាការប្រាក់ប្រចាំឆ្នាំក្នុងរង្វង់ត្រឹម ៥ទៅ ៥,៥ភាគរយប៉ុណ្ណោះ។

ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅក្នុងពិធីសម្ពោធបើកសាខាថ្មីរបស់ខ្លួន នៅខេត្តបាត់ដំបង ធ្លាប់បានលើកឡើងថា  ក្នុងគោលបំណងផ្តល់សេវាធនាគារពេញលេញតាមប​ណ្តាខេត្ត ដើម្បីសម្រួលដល់បងប្អូនប្រជាកសិករ ឲ្យកាន់តែងាយស្រួលជាងមុន ក្នុងការទទួលបានឥណទានមានការប្រាក់ទា​ប។

លោកបានបញ្ជាក់ថា ៖ «ដោយទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាអាណាព្យាបាល ធនាគារ ARDB បានពង្រីកបណ្តាញប្រតិបត្តិការជាការិយាល័យចល័តចំនួន១៥ នៅតាមបណ្តាខេត្ត ដើម្បីផ្តល់សេវាធនាគារជូនប្រជាកសិករ សហគមន៍កសិកម្ម រោងម៉ាស៊ីនកិនស្រូវ សហគ្រាសធុនតូចនិងមធ្យម ក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ឱ្យទទួលបានកម្ចីដែលមានអត្រាការប្រាក់ទាប ដើម្បីជំរុញការអភិវឌ្ឍវិស័យកសិកម្មឱ្យមានភាពរីកចំរើន»។

ឯកឧត្តម កៅ ថាច បានបន្តថា លើសពីនេះ ដើម្បីពង្រីកវិសាលភាពការទូទាត់អន្តរធនាគារ ធនាគារ ARDB បានទទួលការអនុញ្ញាតពីធ​នាគារជាតិនៃកម្ពុជា ចូលជាសមាជិកប្រព័ន្ធបាគង ដែលមានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុចំនួន ៤៦ ជាសមាជិក។

ចំណែក អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ឧកញ៉ា លឹម ហេង បានប្រាប់ឱ្យដឹង​ដែរថា អត្រាការប្រាក់បចាំឆ្នាំក្នុងរង្វង់ត្រឹម ៥ទៅ ៥,៥ភាគរយរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មនាពេលបច្ចុប្បន្ននេះ ជាអត្រាការប្រាក់មួយស្ថិតនៅក្នុងកម្រិតមធ្យម ដែលអាចទទួលយកបាន ខុសពីធនាគារពាណិជ្ជផ្សេងៗទៀត ដែលមានអត្រាការប្រាក់ខ្ពស់។

ទោះជាយ៉ាងណាក៏ដោយ លោកបានបន្ថែមថា បច្ចុប្បន្នេះ ការទទួលប្រាក់បញ្ញើផ្សេងៗពីអតិថិជន គឺធនាគារបានដំឡើងអត្រាការប្រាក់ដល់ជាង៨ភាគរយទៅហើយ ដែលនេះជាក្តីបារម្ភមួយសម្រាប់អ្នកដែលត្រូវការទុន ។

ឧកញ៉ាបានបញ្ជាក់ទៀតថា ៖ «ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការផ្តល់ទុនដល់ធនាគារអភិវឌ្ឍជនបទ សម្រាប់ជួយដល់វិស័យកសិកម្មនេះ គឺជារឿងនេះល្អណាស់ ដែលអាចរុញការអភិវឌ្ឍដល់វិស័យកសិកម្មទំនើប ហើយការធ្វើកសិកម្មទំ​នើបនេះ យើងត្រូវការតាំងពីទុន បច្ចេកវិទ្យា ធនធានមនុស្ស»។

រដ្ឋាភិបាលគួរតែលើកទឹកចិត្ត និងទាក់ទាញអ្នកវិនិយោគ នៅក្នុងវិស័យកសិកម្មនេះ តាមរយៈអ្នកមានក្នុងស្រុក និងអ្នកវិនិយោ​គពីក្រៅប្រទេសតាមរយៈការលើកលែងពន្ធផ្សេងៗឱ្យបាន ខណៈកន្លងទៅនៅក្នុងច្បាប់វិនិយោគថ្មី ការលើកទឹកចិត្តផ្នែកពន្ធចំពោះវិស័យនេះ​នៅមានកម្រិតនៅឡើយ។ នេះបើតាម ឧកញ៉ា លឹម ហេង បន្ថែម។

បើតាមឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម ក្នុងឆ្នាំ២០២២កន្លងទៅ ផលិតកម្មដំណាំសម្រេចបានចំនួន ៣៤,៧១លានតោន ក្នុងនោះ ដំណាំស្រូវចំនួន ១១,៦២លានតោន ដោយមានអតិរេក ៦,២៩លានតោន ដំណាំសាកវប្បកម្មចំនួន ៤,៤២លានតោន និងដំណាំឧស្សាហកម្មចំនួន ១៨,៦៧លានតោន។ កម្ពុជាបាននាំចេញជាផ្លូវការនូវផលិតផលកសិកម្ម ដែលមានតម្ល សរុបប្រមាណជិត ៥ពាន់លានដុល្លារ ស្មើនឹងប្រមាណ ៨,៦លានតោន ទៅកាន់ទិសដៅ ៧៤ប្រទេស កើនឡើង ៧,៨ភាគរយ ធៀបឆ្នាំ២០២១៕ដោយ៖វណ្ណ សុជាតា

ads banner