អង្គការណាតូចាត់ទុកការដាក់ពង្រាយអាវុធនុយក្លេអ៊ែររុស្ស៊ីនៅបេឡារុសថា ជា “រឿងគ្រោះថ្នាក់ និងគ្មានការទទួលខុសត្រូវ”
ព្រុចសែល៖ សម្ព័ន្ធភាពណាតូ នៅថ្ងៃទី២៦ ខែមីនានេះ បានថ្កោលទោសការប្រកាសរបស់មេដឹកនាំរុស្ស៊ី ដែលថា ទីក្រុងមូស្គូនឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិចទៅកាន់ប្រទេសបេឡារុស ហើយបានហៅការសម្រេចចិត្តនេះថា ជា “រឿងគ្រោះថ្នាក់ និងគ្មានការទទួលខុសត្រូវ”។
អ្នកនាំពាក្យអង្គការណាតូ លោកស្រី អូណា ឡាំងជេស្គូ បាននិយាយថា វោហាសាស្ត្រស្តីពីអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី គឺប្រកបដោយគ្រោះថ្នាក់ និងគ្មានការទទួលខុសត្រូវ។ អង្គការណាតូមានការប្រុងប្រយ័ត្នចំពោះស្ថានការណ៍នេះ ហើយយើងកំពុងតាមដានយ៉ាងដិតដល់។ ប៉ុន្តែយើងមិនទាន់ឃើញមានការផ្លាស់ប្ដូរណាមួយនៅក្នុងជំហរនុយក្លេអ៊ែររបស់រុស្ស៉ី ដែលតម្រូវឲ្យយើងកែសម្រួលវិធានការរបស់ខ្លួននៅឡើយទេ។
អ្នកនាំពាក្យអង្គការណាតូរូបនេះបន្តថា គំនិតរបស់រុស្ស៊ីចំពោះការដាក់ពង្រាយនុយក្លេអ៊ែររបស់ណាតូ គឺជាការយល់ច្រឡំទាំងស្រុង។ សម្ព័ន្ធមិត្តរបស់ណាតូ ប្រកាន់យកការធ្វើសកម្មភាព ដោយផ្អែកលើការគោរពយ៉ាងពេញលេញ ចំពោះការប្តេជ្ញាចិត្តជាអន្តរជាតិរបស់ពួកគេ។ លោកស្រី អូណា ឡាំងជេស្គូ បន្ថែមថា រុស្ស៊ីបានកាត់ផ្តាច់ការប្តេជ្ញាចិត្តគ្រប់គ្រងអាវុធរបស់ខ្លួនជាបន្តបន្ទាប់ ជាក់ស្តែងថ្មីៗនេះបានផ្អាកការចូលរួមរបស់ខ្លួននៅក្នុងសន្ធិសញ្ញា New START។
កាលពីខែមុន លោក ពូទីន បាននិយាយថា ទីក្រុងមូស្គូនឹងផ្អាកការចូលរួមនៅក្នុងសន្ធិសញ្ញា New START ដែលជាកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធនុយក្លេអ៊ែរចុងក្រោយរវាងរុស្ស៊ី និងសហរដ្ឋអាមេរិក។ ជុំវិញបញ្ហានេះដែរ អ្នកនាំពាក្យអង្គការណាតូបាននិយាយថា រុស្ស៊ីត្រូវតែត្រឡប់ទៅកាន់ការអនុលោមតាមច្បាប់វិញ ហើយប្រព្រឹត្តដោយសេចក្តីស្មោះត្រង់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា