អតីតអ្នកបួសខ្មែរបង្កើតសមាគមជាលើកដំបូង ក្នុងគោលបំណងធំៗពីរ គឺជួយអតីតអ្នកបួសខ្មែរ និងយកសមត្ថភាពអតីតអ្នកបួសខ្មែរជួយដល់សង្គម

ភ្នំពេញ៖ ចាប់ពីពេលនេះតទៅ អតីតអ្នកបួសខ្មែរទាំងអស់នឹងលែងឯកោទៀតហើយ ដ្បិតសមាគមអតីតអ្នកបួសខ្មែរត្រូវបានបង្កើតជាផ្លូវការហើយ ក្នុងគោលបំណងសំខាន់ៗពីរយ៉ាង គឺជួយអតីតអ្នកបួសខ្មែរ និងយកសមត្ថភាពអតីតអ្នកបួសខ្មែរជួយដល់សង្គម។

នេះគឺជាការលើកដំបូងហើយ ដែលអតីតអ្នកបួសក្នុងព្រះពុទ្ធនានៅកម្ពុជា មានសមាគម ដែលជាបណ្តុំ ឬ ជាទីប្រមូលផ្តុំ នៃអតីតអ្នកបួសទាំងអស់នៅគ្រប់ទិសានុទិស ហើយគោលបំណងសំខាន់ៗ នៃ ការបង្កើតសមាគមនេះគឺទី១ ជួយដល់អតីតអ្នកបួស ដែលភាគច្រើនគឺជាអ្នកចេញមកពីគ្រួសារក្រីក្រ នៅតាមទីជនបទ ខ្វះសាច់ញាតិ ខ្វះបទពិសោធន៍ជីវិត និងការងារក្នុងសង្គម និងទី២ ដើម្បីបញ្ចេញសមត្ថភាពចំណេះដឹងរបស់អតីតអ្នកបួស ដើម្បីជួយដល់សង្គម ពីព្រោះអតីតអ្នកបួសខ្លះ គឺជាមនុស្សប្រកបដោយគុណភាពខ្ពស់ណាស់ ។

នេះគឺជាការលើកឡើងរបស់លោក ហឿន សំនៀង សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមអតីតអ្នកបួសខ្មែរ នាឱកាសសមាគមនេះ ត្រូវបានបង្កើតឡើងជារូបរាងនាល្ងាចថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ បន្ទាប់ពីមានកិច្ចខ្នះខ្នែងអស់រយៈពេលជិត ១ឆ្នាំមក។ សេចក្តីថ្លែងហេតុ នៃការបង្កើតសមាគមអតីតអ្នកបួសខ្មែរ បានលើកឡើងថា អតីតអ្នកបួសទាំងអស់នៅទូទាំងប្រទេស ពិតជាមានមោទនភាពយ៉ាងក្រៃលែង ដែលបានបួសរៀនក្នុងសំណាក់ព្រះពុទ្ធសាសនា និងសូមដឹងគុណជានិច្ចចំពោះព្រះពុទ្ធសាសនា ថ្នាក់ដឹកនាំសង្ឃ គណៈសង្ឃនាយក វត្តអារាម ពុទ្ធបរិស័ទ និងរាជរដ្ឋាភិបាល ដែលបានផ្តល់ឱកាសឱ្យយើងខ្ញុំព្រះករុណាទាំងអស់គ្នា ជាកុលបុត្រខ្មែរ បានជ្រកកោន និងសិក្សារៀនសូត្រស្រូបយកចំណេះជំនាញ។ប៉ុន្តែអតីតអ្នកបួសភាគច្រើនជួបបញ្ហាយ៉ាងស្មុគស្មាញក្រោយពីលាចាកសិក្ខាបទ ដូចជាកង្វះចំណេះដឹង បទពិសោធន៍សង្គម និងវ័យ ឬ អាយុខុសតម្រូវការការងារជាដើម ពេលជួបវិបត្តិ គ្មានរៀមច្បងជាទីពឹងពំនាក់ ឬ អ្នកប្រឹក្សាយោបល់ ការពារ និងបង្ហាញផ្លូវជីវិត គឺពួកគេឯកោ ប្រឈមនឹងភាពក្រីក្រ អស់សង្ឃឹម ខូចចិត្ត និងលែងជឿជាក់លើខ្លួនឯងជាដើម។

ក្រោមស្មារតីនេះ ក្រុមអតីតអ្នកបួសបានសម្រេចដាក់ចេញនូវចក្ខុវិស័យថា អតីតអ្នកបួសខ្មែរ មានសាមគ្គីភាពគ្នា រស់នៅថ្លៃថ្នូរ និង ជាគម្រូលល្អក្នុងសង្គម ក្នុងគោលបំណង ពង្រីកទំនាក់ទំនង បង្កើនការចែករំលែកចំណេះដឹង បទពិសោធន៍ និងជួយគ្នាក្នុងចំណោមអតីតអ្នកបួសខ្មែរគ្រប់ជំនាន់។ ដូច្នេះ អំណឹះតទៅ អតីតអ្នកបួសខ្មែរ គ្រប់ជំនាន់ អាចទៅប្រមូលផ្តុំគ្នា នៅក្នុងសមាគអតីតអ្នកបួស ហើយសមាគមនេះ ក៏ប្រកាសបើកទូលាយចំពោះអ្នកដែលមិនមែនជាអតីតអ្នកបួសខ្មែរ អាចចូលរួមក្នុងសមាគមនេះទៅតាមស្ថានភាព សមត្ថភាព និងលទ្ធភាពរបស់ពួកគេរៀងៗខ្លួន៕

ដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner