នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានអញ្ជើញមកដល់រាជធានីភ្នំពេញ ដើម្បីបំពេញ ទស្សនកិច្ចផ្លូវការមួយថ្ងៃ នៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តី នៃ ប្រទេស ម៉ាឡេស៊ី បានអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈ ពេលមួយថ្ងៃ នៅព្រះរាជាណាចក្រកកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានឱ្យដឹងថា តបតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី អញ្ជើញមកបំពេញទស្សន កិច្ច ផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២៧ ខែមីនា ។
តាមកម្មវិធី ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នឹងចូលក្រាបបង្គំ គាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុង ព្រះបរមរាជវាំង។ ឯកឧត្តមនាយករដ្ឋមន្រ្តី ក៏នឹងមានជំនួបសម្តែងការគួរសមដាច់ដោយឡែក ជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង សម្តេចអគ្គ មហា ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។
នាយករដ្ឋមន្រ្តីទាំងពីរ នឹងជួបប្រជុំទ្វេភាគី ដើម្បីរិះរករបៀប និងវិធីសាស្រ្តថ្មីៗ សំដៅធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ ទំនងទ្វេភាគីដ៏យូរលង់ ដែលគ្រប់ដណ្តប់លើកិច្ចសហប្រតិបត្តិការ គ្រប់វិស័យ រាប់ចាប់ពីនៅក្នុងវិស័យនយោបាយ-សន្តិសុខ សេដ្ឋកិច្ច រហូតដល់វិស័យសង្គម-វប្បធម៌។ នាយករដ្ឋមន្រ្តីទាំងពីរ នឹងផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកលើបញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម។ បន្ទាប់ពីជំនួប នាយករដ្ឋមន្រ្តីទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើគំនិតផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការមួយចំនួន និងធ្វើសន្និសីទសារព័ត៌មាន រួមគ្នា។
ឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី នឹងចូលរួមជាមួយសម្តេច តេជោ នាយក រដ្ឋមន្រ្តី ក្នុងពិធីលៀងសាយភោជន៍ស្រាយបួសរបស់ សាសនិកអ៊ីស្លាម និង ចូលរួមពិធីថ្វាយបង្គំព្រះជាមួយនិស្សិត អាហារូបករណ៍ និងសហគមន៍ អ៊ីស្លាម នៅកម្ពុជា ផងដែរ។
ក្រសួងការបរទេសបានបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី មកកាន់កម្ពុជានាពេលនេះ នឹងនាំមកនូវសន្ទុះថ្មី ដល់ ទំនាក់ទំនងទ្វេភាគីដ៏រឹងមាំលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ហើយ នឹងរួមចំណែកដល់ការថែរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ក៏ដូចជា រួមចំណែកដល់ការបន្តការអភិវឌ្ឍ និងវិបុលភាព របស់សហគមន៍អាស៊ាន និងអន្តរជាតិ ផងដែរ៕
ដោយ៖ វណ្ណលុក