រដ្ឋសភានឹងបើកសម័យប្រជុំដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងកម្ពុជា និងឡាវ នៅថ្ងៃទី៣០ មីនា

ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងបើកសម័យប្រជុំលើកទី៩ នីតិកាលទី៦ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងរបាយការណ៍សង្ខេបស្តីពីសកម្មភាពការងាររបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៨ និងលើកទី៩ នីតិកាលទី៦។

ការកំណត់ថ្ងៃបើកសម័យប្រជុំលើកទី៩ នីតិកាលទី៦ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ បានធ្វើឡើងបន្ទាប់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣នេះ នៅវិមានរដ្ឋសភា។

កិច្ចប្រជុំបានអនុម័តកំណត់កាលបរិច្ឆេទបើកសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០២៣ខាងមុខ ដោយមានរបៀបវារៈចំនួន០៣មាន៖
១-ព្រះរាជសារព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភា លើកទី៩ នីតិកាលទី៦។
២-របាយការណ៍សង្ខេបស្តីពីសកម្មភាពការងាររបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៨ និងលើកទី៩ នីតិកាលទី៦។
៣-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

សូមជម្រាបថា កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានពិនិត្យពិចារណាសំណើរបស់រាជរដ្ឋាភិបាល ដែលស្នើកោះប្រជុំរដ្ឋសភា ជាវិសាមញ្ញ នីតិកាលទី៦ ដើម្បីពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត ឡាវ ដោយចាត់ទុកជាការប្រញាប់ ហើយបានប្រគល់សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឱ្យគណៈកម្មាការជំនាញរដ្ឋសភាពិនិត្យសិក្សាហើយធ្វើរបាយការណ៍ ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ៕
ដោយ៖ពលជ័យ
រូបភាព៖រដ្ឋសភា

ads banner