សិប្បកម្មមួយកែច្នៃ​បំពង់បឺត​ពីស្មៅចចូត រួមចំណែកដល់បរិស្ថាន និងលើកកម្ពស់ជីវភាពស្រ្តីក្នុងសហគមន៍

ភ្នំពេញ៖ ទុយោ ឬបំពង់បឺតដែលគេនិយមប្រើប្រាស់ទៅលើភេសជ្ជៈគ្រប់ប្រភេទ គឺទុយោប្លាស្ទិកដោយសារតែវាសា​ម​ញ្ញ ងាយស្រួលប្រើប្រាស់ តម្លៃថោក និងរហ័ស ក៏ប៉ុន្តែទុយោប្លាស្ទិកទំហំតូចៗទាំងនេះបានបង្កទៅជាផ​ល​វិបាកធំធេងសម្រាប់បរិស្ថាន។

ទុយោប្លាស្ទិក ដែលគេតែងយល់ថាគ្មានអ្វីធំដុំនោះ បានក្លាយទៅជាសំណល់ ៨,៣ ពាន់លានដើមកំពុងតែបំ​ពុលឆ្នេរសមុទ្រនានានៅក្នុងពិភពលោក។ នេះបើតាមការចុះផ្សាយរបស់ National Geographic តាំងពីចុងឆ្នាំ២០១៩។ លើសពីនេះ ភាពស្រាល តូច និងទន់របស់វានេះ បានធ្វើឱ្យម៉ាស៊ីនញែកកាកសំណល់មួ​​យចំនួនពិបាកក្នុងការញែកវាចេញពីកាកសំណល់រឹងៗដទៃទៀត។

ទោះយ៉ាងណា នាប៉ុន្មានឆ្នាំចុងក្រោយនេះផលប៉ះពាល់នៃទុយោប្លាស្ទិកនេះកំពុងទទួលបានការចាប់អារ​ម្មណ៍ និងកត់សំគាល់ច្រើនគួរសមទាំងនៅបរទេស និងនៅកម្ពុជា ដោយភោជនីយដ្ឋាន​ ​ឬ​ហាង​កាហ្វេ​មួយ​ចំ​នួន​បាន​ផ្លាស់ប្តូរ​ពីទម្លាប់ប្រើប្រាស់ទុយោប្លាស្ទិកមកជាទុយោដែល​មានការ​ច្នៃ​ពី​ក្រដាស​ ​ឬ​ធនធានធម្មជា​តិ​​នានា​​ ខណៈសិប្បកម្មកែច្នៃទុយោបរិស្ថានក៏ត្រូវបានបង្កើតឡើងជាបន្តបន្ទាប់ផងដែរ។

ជាក់ស្តែង សិប្បកម្មមួយឈ្មោះថា អាទិករ បានផលិតបំពង់បឺតមេត្រីបរិស្ថាន​ ផលិតពីស្មៅចចូតដែលជាវត្ថុធាតុដើមធម្មជាតិ នៅក្នុងស្រុកដែល​រកបានមកពីតាមបណ្តាខេត្តមួយចំនួនដូចជា ក្រុងព្រះសីហនុ កោះ​កុង ជាដើម។

កញ្ញា ហៃ សុជាតិ វឌ្ឍនា  ដែលជាម្ចាស់អាជីវកម្មអាទិករ ​នេះបានប្រាប់ឱ្យដឹងថា សិប្បកម្មខ្នាតតូចរបស់កញ្ញា ចាប់ផ្តើមដំណើរការក្នុងខែមេសា ២០២២ និងមានគោលដៅចម្បងមួយគឺ ចង់ឃើញប្រជាជនខ្មែរចូ​លរួមចំណែកការពារបរិស្ថាន ទីក្រុងរមណីយដ្ឋានស្អាតដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យបានកាន់តែច្រើន​។

កញ្ញា បានឱ្យដឹងពីច្រវាក់ផលិតកម្មរបស់ខ្លួនថា​ ទម្រាំបានបំពង់បឺតមួយៗ គឺត្រូវឆ្លងកាត់ការលាងស​ម្អាតទាំងផ្នែកក្រៅ​ ទាំង​ក្នុងឲ្យបានស្អាត រួចកាត់ទៅតាមទំហំតម្រូវការ​ រួចសម្ងួតដោយម៉ាស៊ីនស្វ័យប្រវត្តិ រយៈ​ពេល ៣ ទៅ៤ម៉ោង បន្ទាប់មកសម្លាប់មេរោគ ដោយម៉ាស៊ីនស្វ័យប្រវត្ត UVC Sterilization និងចុងក្រោយ គឺការត្រួតពិនិត្យគុណភាពឡើងវិញ និងវេចខ្ចប់ទៅតាមស្តង់ដារ ។

កញ្ញាបាន​បញ្ជាក់ទៀតថា ផលិតផលរបស់ខ្លួនជាផលិតផលផលិតដោយដៃស្រ្តីខ្មែរក្នុងស្រុក​ និងប្រើប្រាស់វត្ថុធាតុដើមពីធម្មជាតិនៅក្នុងស្រុក ពោលគឺដើម្បីលើកកំពស់ជីវភាពប្រជាជននៅក្នុ​ងសហគមន៍ ក៏ដូចជាធានានូវសុខមាលភាពអ្នកប្រើប្រាស់ និងមិនប៉ះពាល់ដល់បរិស្ថាន។

បច្ចុប្បន្ន សិប្បកម្មដែលមានវ័យទើបតែជាងមួយឆ្នាំនេះ អាចផលិតបាននូវបរិមាណតិចនៅឡើយ និងមាន​ដា​ក់លក់ខ្លះៗនៅតាម សណ្ឋាគារ ភោជនីយដ្ឋាន និងហាងលក់វត្ថុអនុស្សាវរីយ៍ដែលជាដៃគូក្នុងតម្លៃច​ន្លោះ​ពី ១០០​ ទៅ ១៤០រៀល ក្នុងមួយដើម។

ជាមួយគ្នានេះដែរ ​ម្ចាស់អាជីវកម្មអាទិករ មួយនេះចង់សំណូមពរដល់រាជរដ្ឋាភិបាល បន្តគាំទ្រដល់អាជីវក​ម្មខ្នាតតូច និងបង្កើនការផ្សព្វផ្សាយអោយកាន់តែទូលំទូលាយ តាមរយៈវិទ្យុ ទូរទស្សន៍ ស្លាកប៉ាណូ នូវផ​លិ​តផលបរិស្ថានជំនួសឱ្យការប្រើប្រាស់ប្លាស្ទិក ព្រមទាំងអនុវត្តន៍គោលការណ៍ គ្រប់គ្រងកាកសំណល់ តា​មទីសាធារណៈឱ្យមានប្រសិទ្ធភាព និងនិរន្តរភាព៕ ដោយ៖កែវ បុស្បា

ads banner