ឯកឧត្តម ឃុត ចាន់ដារ៉ា ៖ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ឱ្យមានការរីកចម្រើន ពិសេសធ្វើគ្រប់បែបយ៉ាងដើម្បីផលប្រយោជន៍ប្រជាពលរដ្ធ
ភ្នំពេញ ៖ ឯកឧត្តម ឃុត ចាន់ដារ៉ា តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ និងជាអនុប្រធានក្រុមការងារចុះជួយខណ្ឌពោធិ៍សែនជ័យ បានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាបានខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ឱ្យមានការរីកចម្រើន ពិសេសធ្វើគ្រប់បែបយ៉ាងដើម្បីផលប្រយោជន៍ប្រជាពលរដ្ធ ។ នេះជាការលើកឡើងក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា សង្កាត់កាកាបទី១ និងកាកាបទី២ ខណ្ឌពោធិ៍សែនជ័យ នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ។
ឯកឧត្តម ឃុត ចាន់ដារ៉ា មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា រយៈពេលជាង៤០ឆ្នាំកន្លងមកនេះ បានបម្រើ-ការពារ គិតគូយកចិត្តទុកដាក់ពីជីវភាពការរស់នៅរបស់ប្រជាពលរដ្ធ និងបានកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅទូទាំងប្រទេស ហើយលើកមុខមាត់កម្ពុជាឱ្យស្មើមុខស្មើមាត់លើឆាកអន្តរជាតិ ។
ឯកឧត្តម ក៏បានលើកឡើងពីវិនាសកម្មដែលផ្តើមចេញពីសង្គ្រាម និងពន្យល់បងប្អូនសមាជិកឱ្យបានយល់ពីតម្លៃនៃសុខសន្តិភាព ដែលផ្តើមចេញពីគោលនយោបាយឈ្នះឈ្នះ ក្រោមការដឹកនាំរបស់ស្ថាបនិកឯក គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដូច្នេះយើងគ្រប់ៗត្រូវរួមគ្នារក្សាសុខសន្តិភាពនេះឱ្យបានគង់វង្ស ។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ប់ សារិន សមាជិកគណះកម្មាធិការកណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្រៃ្តយ៍គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បាននបង្ហាញអំពីគោលនយោបាយ និងសមិទ្ធផលសំខាន់ៗ ដែលគណបក្សប្រជាជនកម្ពុជាក្នុងការដឹកនាំប្រទេសជាតិ និងស្នាដៃយ៉ាងធំធេងក្នុងការកសាងសន្តិភាព និងអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ។
ឯកឧត្តម ម៉ប់ សារិន ក៏បានជំរុញអោយសមាជិកគណបក្សប្រជាជនកម្ពុជា ដែលទើបបញ្ចូនថ្មីនាពេលនេះ ត្រូវបំពេញតួនាទីជាយុវជនសរសរទ្រូង ជាទំពាំងស្នងឬស្សី ជាសកម្មជនរបស់គណបក្ស និងទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ កក្កដា២០២៣ខាងមុខនេះ ៕
ដោយ / គ្រី សម្បត្តិ