ព្រះអគ្គីកីឡាបានធ្វើដំណើរដល់ប្រទេសហ្វីលីពីន (Video Inside)
ព្រះអគ្គិកីឡា ឬភ្លើងគុបកីឡារបស់កម្ពុជា បានធ្វើដំណើរដល់ប្រទេសហ្វីលីពីន និងត្រូវបានធ្វើពិធីដង្ហែរយ៉ាងអ៊ឹកអធិក នៅក្នុងទីក្រុងតាហ្គាយថាយ Tagaytay នៅថ្ងៃទី២៧ មីនា ឆ្នាំ ២០២៣។
អភិបាលក្រុងតាហ្គាយថាយ លោក អាប្រាហាំ តូឡិនទីណូ Abraham Tolentino ដែលជាប្រធានគណៈកម្មាធិការ ជាតិអូឡាំពិកហ្វីលីពីន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំពិធីដ៏មានអត្ថន័យនៅលើទឹកដីនៃប្រទេសហ្វីលីពីននេះ។ លោកបានថ្លែងថាហ្វីលីពីន បានត្រៀមខ្លួនរួចរាល់ដោយនឹងបញ្ជូនអត្តពលិកចំនួន៨៤០នាក់ ដើម្បីចូលរួមប្រកួត។
ហ្វីលីពីន គឺជាប្រទេសទី២ ដែលព្រះអគ្គីកីឡាឆ្លងកាត់ប្រទេសអាស៊ាន និងប្រទេសទីម័រ បានធ្វើដំណើរទៅដល់។ បន្ទាប់ពីប្រទេសហ្វីលីពីន, ភ្លើងគុបកីឡារបស់កម្ពុជា និងបន្តទៅប្រទេសឥណ្ឌូណេស៊ី និងបន្តទៅប្រទេសទីម័រខាងកើត, ទៅប្រទេសម៉ាឡេស៊ី, ទៅប្រទេសសឹង្ហបុរី, ទៅប្រទេសថៃ, បន្តមកប្រទេសឡាវ មុននឹងវិលមកដល់រាជធានី នៃប្រទេសកម្ពុជាវិញនៅថ្ងៃទី២៨ មេសា ឆ្នាំ២០២៣។
នៅពេលបានវិលត្រឡប់មកកម្ពុជាវិញ… ភ្លើងគុប កីឡានឹងបន្តដង្ហែរបន្ថែមទៀតចាប់ពីថ្ងៃទី២៩មេសា រហូតដល់ល្ងាចថ្ងៃទី៥ឧសភា ដោយធ្វើដំណើរឆ្លងកាត់ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ និងកំពង់ចាម និងវិលត្រឡប់មកពហុកីឡាដ្ឋានជាតិមរតកតេជោ នាវេលាម៉ោង៨កន្លះយប់ គឺនៅចំពេលពិធីដែលប្រកាសបើកការប្រកួតកីឡាស៊ីហ្គេមជាផ្លូវការលើកទី៣២ ឆ្នាំ២០២៣។
គិតត្រឹមថ្ងៃទី២៧មីនានេះ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះជាលើកដំបូងនោះ គឺនៅសល់រយៈពេល៣៩ថ្ងៃទៅមុខទៀតតែប៉ុណ្ណោះ។