ក្រសួងកសិកម្ម ច្រានចោលការចុះផ្សាយរបស់វិទ្យុអាស៊ីសេរី (Video Inside)
ក្រសួងកសិកម្ម បានច្រានចោលការផ្សាយព័ត៌មានមិនពិតរបស់វិទ្យុអាស៊ីសេរី ពាក់ព័ន្ធករណីកសិករដាំដុះបន្លែនៅខេត្តកណ្តាល។ វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៥ មីនា ឆ្នាំ២០២៣ បានផ្សាយថាកសិករឈ្មោះ សំ សុគីន នៅខេត្តកណ្តាលអស់សង្ឃឹមក្នុងការដាំដុះ ក្រោយការភ្ជួរបន្លែចោលរបស់ខ្លួនចំនួន៥ហិកតា ដោយសារតែគ្មានទីផ្សារ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៦ មីនាបាន ហៅការផ្សាយព័ត៌មានរបស់វិទ្យុអាស៊ីសេរីនោះ ជាការផ្សាយព័ត៌មានមិនពិត និងគ្មានភាពច្បាស់លាស់។ អគ្គនាយកដ្ឋានកសិកម្មបានបញ្ជាក់ថា មិនមានបញ្ហាដូចអ្វីដែលវិទ្យុអាស៊ីសេរីនោះបានលើកឡើងនោះឡើយ។
ក្រសួងកសិកម្មបានថ្លែងថា យោងតាមការចុះស្រាវជ្រាវ គេមិនបានរកឃើញថាកសិករឈ្មោះ សំ សុគីន នោះ បានឈូសសាលាដចោលនោះទេ ប៉ុន្តែកសិករឈ្មោះ ហេង នៅស្រុកកោះធំ ធ្លាប់បានឈូសចោលដំណាំសាលាដរបស់ខ្លួន ដោយសារតែសាលាដមានអាយុកាលចាស់ សល់ពីការប្រមូលផល និងដាំចម្រុះជាមួយ ដំណាំត្រប់ ដើម្បីធ្វើការដាំដុះឡើងវិញ។
ក្រសួងកសិកម្មបានបំភ្លឺថា ការចុះផ្សាយព័ត៌មាន និយាយថាតម្លៃត្រសក់ចុះថោក និងដាក់រូបភាពបុរសដេកលើត្រសក់នោះ គឺជារូបភាពចាស់ ដែលបានកើតឡើងតាំងពីឆ្នាំ២០១៩ នៅពេលប្រទេសកម្ពុជា ក៏ដូចជាពិភពលោកបានទទួលរងវិបត្តិជំងឺកូវីដ១៩។
ក្រសួងកសិកម្មថ្លែងថាការលើកឡើងរបស់ វិទ្យុអាស៊ីសេរី មិនបានឆ្លុះបញ្ចាំងបច្ចុប្បន្នភាពរបស់ប្រជាកសិករ ដែលកំពុងដាំដុះដំណាំបន្លែ នៅខេត្តកណ្តាលនោះទេ ។
ក្រសួងកសិកម្មបានថ្លែងថា យោងតាមតម្លៃបោះដុំនៅផ្សារតាខ្មៅ និងនៅផ្សារកួរស្រូវ គឺសាលាដមានតម្លៃពី៧០០ទៅ ៨០០រៀលក្នុងមួយគីឡូក្រាម…ចំណែកតម្លៃត្រសក់មានពី ៨០០ទៅ១ពាន់២០០រៀលក្នុងមួយ គីឡូ…ខណៈខាត់ណាដើមមានតម្លៃ១ពាន់ទៅ១ពាន់២០០ រៀល…ចំណែកម្ទេសដៃនាងមានតម្លៃដល់៦ពាន់រៀលក្នុងមួយគីឡូក្រាម។