អាជ្ញាធរជំនាញបើកវគ្គបណ្ដុះបណ្ដាលពីសុវត្ថិភាពផ្លូវទឹក ដល់ម្ចាស់អាជីវកម្មកំពង់ចម្លងនិងអ្នកបើកបរទូកចម្លង ក្នុងខេត្តកណ្តាល

អត្ថបទដោយ៖
CPA

កណ្តាល៖ ម្ចាស់អាជីវកម្មកំពង់ចម្លង និងអ្នកបើកបរទូកចម្លងជាច្រើនទីតាំងនៅក្នុងខេត្តកណ្តាល ទទួលបានការបណ្តុះបណ្តាលស្តីពី សុវត្ថិភាពតាមផ្លូវទឹក និងជំនាញបើកបរនាវា ថ្នាក់លេខ៣ ពីមន្ត្រី ជំនាញនៃក្រសួងសាធារណការ និងដឹកជញ្ជូន និង រដ្ឋបាលខេត្តកណ្តាល ដើម្បីធានាសុវត្ថិភាពដល់ ការដឹក ជញ្ជូនទំនិញ និងអ្នកធ្វើដំណើរតាមផ្លូវទឹក។ពិធីបណ្តុះបណ្តាលជូនដល់ ម្ចាស់អាជីវកម្មកំពង់ចម្លង និងអ្នក បើកបរទូកចម្លងខាងលើនេះ ធ្វើឡើងនៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៣ ក្រោមវត្តមានឯកឧត្តម ម៉ក់ ស៊ីដេត អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ក្រសួងសាធារណការ និងដឹកជញ្ជូន និង លោក នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល។

ឯកឧត្តម ម៉ក់ ស៊ីដេត អគ្គនាយក នៃអគ្គនាយកដ្ឋានទឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ក្រសួងសាធារ ណការ និងដឹកជញ្ជូន ថ្លែងថា ការដឹកជញ្ជូនតាមផ្លូវទឹក ត្រូវបានទទួលស្គាល់ទូទាំងសកល លោក ថាជាផ្នែកមួយនៃការដឹកជញ្ជូនដែលមានការចំណាយតិច ផ្ដល់ប្រសិទ្ធភាពខ្ពស់ និងមានផលប៉ះពាល់ តិចដល់បរិស្ថាន បើប្រៀបធៀបជាមួយការដឹកជញ្ជូនប្រភេទផ្សេងទៀត។ លោកបន្តទៀតថា នៅកម្ពុជា បច្ចុប្បន្នកំពុងមានសន្ទុះរីកចម្រើនគួរឱ្យកត់សម្គាល់ ហើយរាជរដ្ឋាភិបាលក៏ បានចាត់ទុកវិស័យដឹកជញ្ជូន តាមផ្លូវទឹកជាវិស័យអទិភាពមួយក្នុងចំណោមវិស័យដទៃទៀត។

លោកថា ៖«ភាពរីក ចម្រើន នៃវិស័យដឹកជញ្ជូនតាមផ្លូវទឹក អាចបន្តទៅបានដរាបណាអ្នកប្រើប្រាស់ មានទំនុកចិត្តទាំង លើប្រសិទ្ធភាព រួមផ្សំនិងសុវត្ថិភាពក្នុងការធ្វើដំណើរ ឬដឹកជញ្ជូន»។

លោក នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល បានអោយដឹងដែរថា ការគ្រប់គ្រង និងអភិវឌ្ឍវិស័យ ដឹកជញ្ជូន តាមផ្លូវទឹក និងកំពង់ផែ ចាំបាច់តម្រូវឱ្យមានច្បាប់ និងនីតិវិធីជាច្រើន ដើម្បី គ្រប់គ្រង នឹងអាច ធានាដល់ការចរាចរ និងប្រតិបត្តិការដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែ ឱ្យមានប្រសិទ្ធភាព ជាពិសេសធានា សុវត្ថិភាពដល់អ្នកធ្វើដំណើរ និងទំនិញគ្រប់ប្រភេទ អាចធ្វើចរាចរណ៍បានដោយរលូន ។

លោកនូវប៉េង ច័ន្ទតារាបន្តថា ៖«សូមស្នើដល់សិក្ខាកាម និងម្ចាស់អាជីវកម្មកំពង់ចម្លង និងអ្នកបើកបរទូក ចម្លងទាំងអស់ ត្រូវយកចិត្ត ទុកដាក់ចូលរួម ត្រងត្រាប់ស្ដាប់ និងកាត់ត្រា ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងទទួលយកនូវចំណេះ ដឹង សមត្ថភាព ជំនាញ ក្នុងការអនុវត្តជាក់ស្ដែង រួមជាមួយនឹងបទពិសោធន៍ល្អៗ ដែលវាគ្មិនទាំងអស់ នឹងធ្វើការណែនាំ បណ្ដុះបណ្ដាល បង្ហាត់បង្រៀន ចែករំលែកជូន» ។

កាលពីអំឡុងខែតុលា ឆ្នាំ ២០២២ មាន ឧប្បតិ្តហេតុ លិច ទូក ដ មួយ ក្នុង ស្រុក លើកដែកនៃខេត្តកណ្តាលបាន សម្លាប់ សិស្ស សាលា ជាង ១០ នាក់ ក្នុងចំណោមសិស្សសរុប ចំនួន ១៥ នាក់ ដែល ទើប ចេញ ពីរៀន ។ ករណី នេះ ត្រូវបានអាជ្ញាធរចាត់ទុកថា ជាការធ្វេសប្រហែសរបស់ អ្នក បើក ទូក។ករណីលិខទូកនេះក៏កើត ឡើងនៅ តំបន់ផ្សេងៗទៀតដែរ ដោយគ្រាន់តែទំហំខូចខាត មានទំហំតូចជាងករណីនៅស្រុកលើកដែក ខេត្តកណ្ដាល នេះ៕
ដោយ:យុទ្ធ វិរៈ

ads banner