ការចាប់ឆ្នោត U-20 World Cup នៅកោះបាលីត្រូវបានពន្យារពេល ខណៈមានការតវ៉ាប្រឆាំងនឹងវត្តមានរបស់ក្រុមអ៊ីស្រាអែល

ហ្សាកាតា:ទីភ្នាក់ងាររ៉យទ័របានផ្សាយព័ត៌មានដោយស្រង់ប្រភពដែលខ្លួនទុកចិត្តមកថា ការចាប់ឆ្នោតសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកជម្រើសជើងឯកយុវជនអាយុក្រោម២០ឆ្នាំនៅប្រទេសឥណ្ឌូនេស៊ី នឹងត្រូវពន្យារពេល។

សមាគមកីឡាបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) លើកឡើងថា ការចាប់ឆ្នោតដែលនឹងត្រូវធ្វើឡើងនៅថ្ងៃសុក្រ ២៤មីនាត្រូវបានលុបចោល។ ខណៈដែលសហព័ន្ធបាល់ទាត់ពិភពលោកFIFA កំពុងត្រួតពិនិត្យលើការត្រៀមខ្លួនក្នុងនាមជាម្ចាស់ផ្ទះរបស់ឥណ្ឌូនេស៊ី។

ការប្រកួត U20-World Cup មានប្រទេសចំនួន២៥ចូលរួម ហើយកម្មវិធីប្រកួត គ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី ២០ខែឧសភា ដល់ថ្ងៃទី ១១ខែមិថុនានៅបណ្ដាទីក្រុងចំនួន៦ នៃប្រទេសឥណ្ឌូនេស៊ី។ ប្រទេសអ៊ីស្រាអែល ទើបតែបានចូលរួមព្រឹត្តិការណ៍នេះជាលើដំបូងដែលមានកៅអីក្នុងនាមជាក្រុមមកពីតំបន់អ៊ឺរ៉ុប។

កាលពីដើមខែនេះកាសែត Jakarta Post របស់ឥណ្ដូនេស៊ី បានរាយការណ៍ថា អភិបាលខេត្ត Bali លោក Wayan Koster បានផ្ញើលិខិតទៅក្រសួងយុវជន និងកីឡាឥណ្ឌូនេស៊ីដោយសុំឱ្យពួកគេ ៖«អនុវត្តគោលនយោបាយហាមឃាត់ក្រុមអ៊ីស្រាអែលមិនឱ្យប្រកួតប្រជែងនៅកោះបាលី» ក្រោមហេតុផងអ៊ីស្រាអែលមានជម្លោះជាមួយប៉ាឡេស្ទីន។
លិខិត នោះ ក៏ ត្រូវ បាន ផ្ញើ ទៅសមាគមបាល់ទាត់ឥណ្ឌូនេស៊ីដែរ។ ទីភ្នាក់ងាររ៉យទ័រ មិន អាច ទាក់ ទង ការិយាល័យ អភិបាល ខេត្ត បាលីដើម្បី សុំ ការ អត្ថាធិប្បាយ បាន ទេ។

សមាគមបាល់ទាត់ឥណ្ឌូនេស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖« អភិបាលកោះបាលីលោក Wayan Koster បានច្រានចោលវត្តមានរបស់ក្រុមជម្រើសជាតិអ៊ីស្រាអែលនៅក្នុងព្រឹត្តិការណ៍ FIFA U-20 World Cup … នេះអាចជាហេតុផលសម្រាប់ FIFA ក្នុងការលុបចោលការចាប់ឆ្នោត U-20 World Cup»។សេចក្ដីថ្លែងការណ៍បន្ថែមថា ៖«សម្រាប់ FIFA ការបដិសេធរបស់អភិបាលកោះបាលី(ដែលច្រានចោលវត្តមានក្រុមអ៊ីស្រាអែល) គឺដូចគ្នានឹងការលុបចោលរាល់ការធានារៀបចំការប្រកួតរបស់អាជ្ញាធរកោះបាលីដូច្នេះដែរ » ។

កាលពីដើមខែនេះ ក្រុមអ្នកតវ៉ាបានដើរដង្ហែក្នុងរដ្ឋធានីហ្សាកាតា ដោយគ្រវីទង់ជាតិឥណ្ឌូណេស៊ី និងប៉ាឡេស្ទីន ដើម្បីទាមទារឱ្យច្រានចោលវត្តមានអ៊ីស្រាអែលលេងក្នុងព្រឹត្តិការណ៍នេះ។

ប្រជាជន ឥណ្ឌូណេស៊ី ជា អ្នក កាន់ សាសនា ឥស្លាម។ ប្រជាជនឥស្លាមឥណ្ឌូណេស៊ីភាគច្រើនអនុវត្តបែបសាសនាឥស្លាមកម្រិតមធ្យម ប៉ុន្តែប៉ុន្មានឆ្នាំថ្មីៗនេះបានឃើញការកើនឡើងនៃលទ្ធិ អភិរក្សសាសនា ដែលបានឈានជើងចូលក្នុងនយោបាយ។

ក្នុងរយៈពេលមួយឆ្នាំកន្លងមក កងកម្លាំងអ៊ីស្រាអែលបានចាប់ខ្លួនរាប់ពាន់នាក់នៅតំបន់ West Bank និងបានសម្លាប់ជនជាតិប៉ាឡេស្ទីនមានទាំងសកម្មប្រយុទ្ធ និងជនស៊ីវិលប្រមាណជាង 200 នាក់។ ទន្ទឹម នឹង នេះ ជនជាតិ អ៊ីស្រាអែល ជាង ៤០ នាក់ និង អ៊ុយក្រែន ៣ នាក់ បាន ស្លាប់ ក្នុង ការ វាយ ប្រហារ របស់ ប៉ាឡេស្ទីន។

សមាជិកគណៈកម្មាធិការប្រតិបត្តិសមាគមបាល់ទាល់ឥណ្ឌូនេស៊ី លោក Arya Sinulingga បាននិយាយថា គាត់មានការព្រួយបារម្ភថា FIFA អាចនឹងទាត់ឥណ្ឌូនេស៊ីចេញពីពិភពបាល់ទាត់ដោយសារតែស្ថានការណ៍នយោបាយបានជ្រៀតជ្រែកចូលបាល់ទាត់។
លោកSinulingga បញ្ជាក់ថា សមាគមបាល់ទាត់ឥណ្ឌូនេស៊ី សង្ឃឹមថា នឹងមានដំណោះស្រាយមួយដែលស្ថានភាពនយោបាយត្រូវបំបែកចេញពីកីឡា៕
ប្រែសម្រួល: វណ្ណ ស័ក្តិ

ads banner