កម្ពុជាផ្តល់សិទ្ធិសេរីភាពពេញលេញ ដល់គ្រប់ជាតិសាសន៍ និងសាសនា ទាំងអស់

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា នៅកម្ពុជាគ្មានការរើសអើងក្នុងការគោរពប្រណិប័តន៍ ជំនឿ សាសនានានា។រាជរដ្ឋាភិបាលបានផ្តល់សិទ្ធិសេរីភាពពេញលេញ ដល់គ្រប់ជាតិសាសន៍ និង សាសនាទាំងអស់ ។ ជាក់ស្តែង បងប្អូន ខ្មែរអ៊ិស្លាម អាចស្លៀកពាក់ ប្រពៃណី នៅតាមសាលារៀន និងមានកន្លែងថ្វាយបង្គំ នៅតាមទីសាធារណៈ ។

ក្នុងពិធីស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាអ៊ិស្លាមកម្ពុជា នៅមជ្ឍ មណ្ឌល ជ្រោយចង្វាររាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២៧ខែមីនា ដោយ មានវត្តមាន ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីនៃ ប្រទេស ម៉ាឡេស៊ីនិងមានសាសនិកឥស្លាមរាប់ពាន់នាក់ផង សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងតែលើក កម្ពស់ សេរីភាពជំនឿ និងជំរុញសុខដុមនីយកម្មសាសនា ក្នុងប្រទេសកម្ពុជា តាមរយៈការផ្តល់លក្ខណៈងាយស្រួលដល់សាសនិក-សាសនិកាគ្រប់រូប ក្នុងការប្រណិប័តន៍ជំនឿគ្រប់សាសនា និងការប្រឆាំងដាច់ខាត ចំពោះ ការរើសអើងពូជសាសន៍ និងជំនឿសាសនា។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបន្តថា សម្ដេចក៏បានរៀបចំ បង្កើត គណៈជាន់ខ្ពស់នៃសាសនាកម្ពុជា ដែលជាស្ថាប័នកំពូលឥស្លាម។ លើសពីនេះ ក្នុងនាមសម្តេច ជានាយករដ្ឋមន្រ្តី និងប្រធានគណបក្ស ប្រជាជនកម្ពុជា សម្តេចបានផ្តល់តួនាទីជាន់ខ្ពស់ដល់ថ្នាក់ដឹកនាំ សហគមន៍ខ្មែរឥស្លាមជាច្រើនរូប នៅតាមក្រសួង-ស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។ រាជរដ្ឋាភិបាល ក៏បានផ្តល់ថវិកា និងក្របខ័ណ្ឌ គ្រូបង្រៀនដល់សហគមន៍ខ្មែរឥស្លាម ដើម្បីកាត់បន្ថយបន្ទុកចំណាយ និងលើកកម្ពស់កម្រិតជីវភាពរបស់សហគមន៍ និងគ្រួសារបងប្អូនខ្មែរឥស្លាម តាមរយៈការលើកកម្ពស់ការអប់រំបណ្តុះបណ្តាល ធនធានមនុស្សក្នុង វិស័យសាសនា បច្ចេកវិទ្យា និងនវានុវត្តន៍។

សម្ដេចតេជោហ៊ុន សែន សង្កត់ធ្ងន់ទៀតថា ជាលទ្ធផលជម្លោះ ឬសង្រ្គាម សាសនា ពុំធ្លាប់កើតមានក្នុងប្រវត្តិសាស្រ្តទំនើបរបស់កម្ពុជានោះ ឡើយ ហើយកម្ពុជា ត្រូវបានទទួលស្គាល់ និងទទួលបានការកោតសរសើរ ពីមជ្ឈដ្ឋានជាតិ-អន្តរជាតិ ចំពោះសុខដុមភាពជំនឿសាសនា ដែលកម្ពុជា សម្រេចបាន ជាមួយនឹងការថែរក្សានូវចីរភាពនៃសុខដុមភាពដ៏ប្រពៃនេះ ៕
អត្ថបទ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner